ផ្សារ​ព្រែក​ព្នៅ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ម្តុំ​ពោធិ​ចិន​តុង ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨​ថា ទំនិញ​ដែល​អាជីវករ​លក់​ពុំ​មាន​ជាតិ​គីមី​នោះ​ទេ ។

យ៉ាងណា​ក៍ដោយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ០៩​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។

បើតាមគេហទំព័រក្រសួងពាណិជ្ជកម្ម បានឲ្ដឹងថា នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ កែ​ច្នៃ​រួច និង​ធ្វើតេស្ត​បឋម លើ​មី​លឿង​ស្រស់ បាញ់ហយ បាញ់​កាញ់ នំ​បញ្ចុក​ប្រហិត​សាច់​គោ គុយទាវ​សរសៃ​ធំ ចាហួយខ្មៅ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ និង​បាន​នាំ​យក​គំរូ​បន្លែ ផ្លែ​ឈើ ចំនួន ១៤​មុខ ដើម្បី​បញ្ជូន​មក​កាន់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថែម​ទៀត​។

ចំណែកឯ​នៅ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្យា ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ម្ហូបអាហារ​រួម​មាន​៖ បន្លែ ផ្លែ​ឈើ​ស្រស់ គ្រឿង​សមុទ្រ​ស្រស់ ស​សៃ​មី គុយទាវ ដើម្បី​ស្វែងរក​សារធាតុ​គីមី ដែល​គេ​បន្ថែម​លើ​ម្ហូបអាហារ សម្រាប់​រក្សា​ទុក​ឲ្យ​បាន​យូរ ស្រស់ និង​មាន​ពណ៌​ស្អាត តួយ៉ាង​ដូច​ជា Borax, Formalin, Sodium hydro sulfite ក្នុង​គោលបំណង​ទាក់ទាញ​ដល់​អ្នក​ប្រើប្រាស់​។

ជា​លទ្ធផល មន្ត្រី​កាំកុងត្រូល​ទាំងអស់ ពុំ​បាន​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ នៅ​លើ​ផលិតផល​ទាំងនោះ​ឡើយ​ទាំង​នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិ​ន​ជូ​រី ផ្លា​ហ្សា​។ ទន្ទឹម​គ្នា​នេះ មន្ត្រី​កាំកុងត្រូល ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​អាជីវករ អ្នក​ប្រើប្រាស់ ឲ្យ​យល់​ដឹង​ពី​បញ្ហា​អនាម័យ និង​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កំសាន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ បញ្ហា​ទំនិញ ជា​ពិសេស​ទំនិញ​ជា​ប្រភេទ​ម្ហូបអាហារ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្លាចរអា​និង​ស្ទើរតែ​មិន​ហាន​ទិញ​ហូប ដោយសារ​តែ​បន្លែបង្កា​និង​សាច់​សព្វ​មុខ ត្រូវ​គេ​អះអាង​ថា​សុ​ទ្ឋ​តែ​មាន​លាយ​ជាតិ​គីមី​ដើម្បី​រក្សា​គុណភាព​និង​សម្រស់ ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​វិញ​បាន​ប្រកាស​ជា​សាធារណៈ​ហាក់​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​ទំនិញ​ប្រភេទ​អាហារ ដោយ​ថា​មិន​ចេះ​មើល​ទំនិញ ហើយ​ថាបើ​ដឹង​ថា​ទំនិញ​ហ្នឹង​មាន​ជាតិ​គីមី​ទិញ​ធ្វើ​អី ព្រោះ​បើ​យើង​មិន​ទិញ​ចប់​បាត់​ហើយ មក​បន្ទោស​តែ​រាជរដ្ឋាភិបាល ខ្លួនឯង​ទិញ​មិន​ចេះ​មើល​(​ប្រសាសន៍​លោក​ហ៊ុន សែន​) ៕