មិន​ខុស​ពី​ការ​ប្រកាស​ជា​សាធារណៈ​ជា​ប្រចាំ​នោះ​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​រដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ដដែល​នេះ​ថា លោក​មិន​ព្រម​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ដាច់ខាត​។ ជំហរ​មិន​ចរចា​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ ដកស្រង់​ប្រសាសន៍​លោក ហ៊ុន សែន ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​នោះ​ថា វប្បធម៌​សន្ទនា​រវាង​លោក ជាមួយ​លោក សម រ​ង្ស៊ី បរាជ័យ​ហើយ​។

ទើបតែ​ពីរ​ថ្ងៃមុន​នេះ ពេល​ចុះ​ជួប​កម្មករ​រោងចក្រ នៅ​ម្តុំ​ផ្លូវ​វ៉េ​ង​ស្រេង លោក ហ៊ុន សែន ប្រកាស​ទាំង​កំហឹង ព្រោះ​ខឹង​ខ្លាំង​ទៅ​នឹង​អ្នក​តវ៉ា​នៅ​ប្រទេស​អូស្ត្រាលី និង​អា​មេ​រិ​ក ដែល​លោក​ចោទ​ថា ជា​មនុស្ស​របស់​គណបក្សប្រឆាំង ដែល​នាំ​គ្នា​ដុត​ទីងមោង​រូប​របស់​លោក​។ លោក ហ៊ុន សែន អះអាង​ថា បរាជ័យ​នៃ​ការ​ចរចា គឺ​ដោយសារ​តែ​រឿង​ដុត​ទីងមោង​រូប​លោក​នេះឯង​៖ «​ចាំតែ​ចរចា​តើ​! ហ៊ុន សែន អត់​ត្រូវការ​ចរចា​ជាមួយ​អ្នក​ណា​ទាំងអស់​។ ចរចា​ជាមួយ​អា​អ្នក​ជាប់គុក អត់​ចរចា​ទេ អា​ក្រុម​ជាប់គុក ដែល​ត្រូវ​គេ​រម្លាយ​ហើយ គឺ​គ្មាន​ការ​ចរចា អ្នក​ណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ​! ដឹង​ថា​គន្លឹះ​នៅ​នឹង​ដៃ ហ៊ុន សែន ហើយ​ទៅ​ដុត​រូប ហ៊ុន សែន វា​មិន​ចប់​។ មិនមែន ហ៊ុន សែន ដាក់​អន្ទាក់​ទេ ប៉ុន្តែ អ្នកឯង​ទៅ​ផុត​គំនូស​ក្រហម​ទៅ​ហើយ​។ អ៊ីចឹង​បាន​សេចក្ដី​ថា អ្នកឯង​ស្ទើរភ្លើង​ណាស់​ខាង​នយោបាយ អ្នកឯង​គួរ​មានការ​អត់ធ្មត់ ហើយ​អ្នកឯង​សុំ​ទទូច​សុំ​ការ​ចរចា​ល្អ​ជាង​»​។

លោក សម រ​ង្ស៊ី ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​ចង់​ឲ្យ​មានការ​ចរចា រក​ដំណោះស្រាយ​នេះ​ដែរ​។ ប៉ុន្តែ ក្រោយ​មាន​ប្រតិកម្ម​ប្រកែក​ខ្លាំង​ៗ ពី​លោក ហ៊ុន សែន ទើប​លោក​ស្នើ​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង ទើប​ខ្មែរ​បាន​សុខ និង​មានការ​ចរចា​មួយ​កើតឡើង​។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នោះ តំណាង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ​លោក កេ​នតា​រ៉ូ សូ​នូ​រ៉ា (Kentaro Sonoura) បាន​លើកយក​លទ្ធភាព នៃ​ដំណោះស្រាយ​រួម​មួយ​តាម​វិធី​ចរចា​គ្នា វាង​របប​លោក ហ៊ុន សែន ជាមួយនឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។

នេះ​គឺ​លើក​ទី​មួយ​ហើយ ដែល​ប្រទេស​ជប៉ុន មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​អាស៊ី ឈឺឆ្អាល​កាន់តែ​ខ្លាំង និង​ចេញ​មុខ​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ ដែល​អូស​បន្លាយពេល​រាប់​ខែ តាំងពី​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាន់​ជំហរ ចង់​ឲ្យ​មាន​ដំណោះស្រាយ រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ​បច្ចុប្បន្ន នៅ​មុន​បោះ​ឆ្នោតជាតិ ព្រោះ​ជប៉ុន​ចង់​ឃើញ​ការ​បោះ​ឆ្នោតជាតិ​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។

ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ហត្ថលេខី​មួយ​ដែរ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​របស់​កម្ពុជា បាន​រក្សា​ជំហរ​ទន់ភ្លន់ ក្នុង​ស្ថានភាព​ដែល​សហគមន៍​អន្តរជាតិ ថ្កោលទោស​ជុំ​ទិស ទៅ​លើ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ការ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​។ ប្រទេស​ជប៉ុន សុខចិត្ត​មិន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​ប្រទេស ៤៥​ផ្សេង​ទៀត នៃ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ដែល​នាំ​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ ខែមីនា​។ មិនតែប៉ុណ្ណោះ ជប៉ុន​សុខចិត្ត​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បើ​ទោះបីជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​កាត់​ផ្ដាច់ជំនួយ​ទាំងស្រុង ទៅ​ស្ថាប័ន​មួយ​នេះ យ៉ាងណា​ក៏​ដោយ​។ កាលពី​ខែកុម្ភៈ​កន្លង​ទៅ​នេះ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១​ម៉ឺន​ហិប​ឆ្នោត ទៅ គ​.​ជ​.​ប ដែល​មាន​តម្លៃ​សរុប​ជិត ៨​លាន​ដុល្លារ​៕

ប្រភព RFA