ទារក​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់​ពី​ឪពុក​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និង គ​ន្ឋ​បុប្ផា តែ​ពេទ្យ​ពីរ​នេះ​មិន​ទទួល ។

ក្រោយ​កូន​បាន​ស្លាប់​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ បាន​ចូល​ទៅ​ខម​មិន (Comment)​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​លោក​ហ៊ុន សែន ពិនិត្យ​មើល​មន្ទីរពេទ្យ​ទាំងនោះ ។

យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Saruon Ruos មិន​បាន​បញ្ជាក់​ថា​តើ​មូលហេតុ​អ្វី​ពិតប្រាកដ​បានជា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង គ​ន្ឋ​បុប្ផា​មិន​ពិនិត្យ​នោះ​ទេ គ្រាន់តែ​សរសេរ​ថា ខាង​ពេទ្យ​កាល់​ម៉ែ​ត​ប្រាប់​ថា​អស់​កន្លែង រីឯ​ពេទ្យ​គ​ន្ឋ​បុប្ផា​ប្រាប់​ថា​មេ​ឈប់​ឲ្យ​ទទួល​ប៉ុណ្ណោះ ។

គេ​មិនដឹង​ថា​តើ​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​ចេតនា​ក្នុង​ការ​វាយប្រហារ​កិត្តិយស​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង គ​ន្ឋ​បុប្ផា ឬក៍​យ៉ាងណា​នោះ​ទេ ព្រោះ​បើ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ដូច​ជា​មិន​មាន​ព័ត៌មាន​ថា​ពេទ្យ​មិន​ទទួល​ពិនិត្យ​និង​ព្យាបាល​នោះ​ឡើយ តែបើ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិនដឹង​ម៉េច​ដែរ គ្រាន់តែ​ដឹង​ថា​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដែល​ភាគច្រើន​សម្រាប់​តែ​អ្នកមាន​លុយ​និង​អំណាច​នោះ ធ្លាប់​រង​ការ​រិះគន់​ច្រើន ។

យ៉ាងណា​ក្តី​នៅ​រសៀល​ថ្ងៃអាទិត្យ​០៩​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ឡើយ​ពី​មន្ត្រី​ទទួលខុសត្រូវ​ខាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង គ​ន្ឋ​បុប្ផា ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក៍​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ៕