ក្រុម​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន កោះកុង​ភ្លែ​ន​ថេ​សិន (Koh Kong Platantion) និង​ក្រុមហ៊ុន កោះកុង ស៊ូ​ហ្គ័​រ (Koh kong Sugar Industry) របស់​លោក លី យ៉ុ​ង​ផាត់ ជា​សេដ្ឋី​បន​ល្បែង ឈ្មួញ​ដី និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល និង​ឃុំ​កណ្ដោល ស្រុក​បុ​ទុម​សាគរ ខែត្រ​កោះកុង ប្រកាស​ថា ពួក​គាត់​ព្រម​ទទួលយក​ដំណោះស្រាយ​របស់​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​។

តំណាង​ពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ ដែល​ទទួល​បាន​ដី ៣​ហិ​កតា និង​ថវិកា ២.៥០០​ដុល្លារ អ្នកស្រី ផាវ ញ៉ើ​ង ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពួក​គាត់​យល់ព្រម​ទទួលយក​ដំណោះស្រាយ និង​បាន​សរសើរ​លោក ជា សុ​ផា​រ៉ា ជា​រដ្ឋមន្ត្រី​ល្អ​។ តែ​ទោះ​យ៉ាងណា តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ឲ្យ​លោក ជា សុ​ផា​រ៉ា ដោះស្រាយ​សំណង​ឲ្យ​បាន​គ្រប់​គ្នា បើ​ទោះជា​ពលរដ្ឋ​រង​គ្រោះ​ខ្លះ បាន​ទទួល​សំណង​បន្តិចបន្តួច​ពី​ក្រុមហ៊ុន​ក៏​ដោយ​៖ «​លក្ខ​ខ័​ណ្ឌ​ដោះស្រាយ​ត្រូវ​បញ្ចប់​ឲ្យ​អស់​សិន មុន​នឹង​គាត់ ប្រគល់​លុយ​អោយមក​គ្រប់ គាត់​ប្រគល់​លុយ​អោយ​យើង យើង​នឹង​ផ្ដិត​មេដៃ​ជូន​គាត់​។ ថ្ងៃនេះ​យើង​ផ្ដិត​មេដៃ​អោយ​គាត់​ថា នឹង​ឈប់​តវ៉ា​សិន បើ​ថ្ងៃក្រោយ​យើង​ផ្ដិត​មេដៃ​មួយទៀត​។ សម្រាប់​ថ្ងៃនេះ យើង​ទូទាត់​ថវិកា គាត់​ថា​ខ្លះ​មាន​ចាប់ឆ្នោត​”​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ឲ្យ​ដឹង​ថា កិច្ចប្រជុំ ដែល​រៀបចំ​ឡើង​នៅ​ទីស្ដីការក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ដោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី ទាំង​ភាគី​រដ្ឋាភិបាល ភាគី​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​សង្គម​ស៊ី​វិល និង​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ​។ ក្រសួង​ដែនដី​ថា ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ រ៉ាប់រង​ផ្ដល់​ដី និង​ផ្ដល់​លុយ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំងនោះ ដោយ​ក្រុមហ៊ុន​យល់ព្រម​កាត់​ដី​ឲ្យ​រដ្ឋ​ទំហំ ៨២៥​ហិ​កតារ នៅ​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។

ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី នៅ​ខេត្តកោះកុង ជាមួយ​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ អះអាង​ថា បាន​កើតឡើង​តាំងពី​កំឡុង​ឆ្នាំ​២០០៦ មក​ម្ល៉េះ​។ ជាង ១០​ឆ្នាំ​មកនេះ ពលរដ្ឋ​អះអាង​ថា ដើម្បី​ទាមទារ​ដី​មក​វិញ ពួក​គាត់​បាន​ប្រើប្រាស់​ការ​តវ៉ា​គ្រប់​វិធីសាស្ត្រ ដោយ​ប្រឈម​នឹង​ការ​ប្រើ​ហិង្សា និង​តុលាការ ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន​។ ជម្លោះ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​តំណាង​ពលរដ្ឋ ប្ដឹង​ក្រុមហ៊ុន​ដល់​តុលាការ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​ផង​ដែរ​។ ពលរដ្ឋ ចាត់​ទុក​ការ​ទទួល​បាន​ដំណោះស្រាយ​នៅ​ពេល​នេះ​ថា ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​។

អ្នកសម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស អា​ដ​ហុ​ក ប្រចាំ​ខេត្តកោះកុង លោក ញៀប សំ​អឿ​ន អបអរសាទរ​ចំពោះ​ដំណោះស្រាយ​របស់ លោក ជា សុ​ផា​រ៉ា​។ ប៉ុន្តែ​សង្គម​ស៊ី​វិល​នៅ​ខេត្តកោះកុង ប្រាប់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ ទើបតែ​ដោះស្រាយ​បាន​២​ក្រុម​ប៉ុណ្ណោះ នៅ​សល់​ពលរដ្ឋ​ក្រុម​ទី​៣ ដែល​មាន​ចំនួន​ជាង​៣០០​គ្រួសារ​បន្ថែម​ទៀត ព្រោះ​សមាគម​សិទ្ធិ​មនុស្ស អា​ដ​ហុ​ក បាន​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុ​ង​ផាត់ មាន​ចំនួន ៣​ក្រុម​៖ «​យើង​ឃើញ​មានការ​ដោះស្រាយ​ក្នុង​ការ​ពាក់ព័ន្ធ ករណី​ខាងលើ​នេះ ២​ក្រុម​ប្រជាពលរដ្ឋ​យល់ព្រម​ទទួលយក​ទាំងអស់​គ្នា​។ ប៉ុន្តែ​យើង​មិនដឹង​ថា មួយ​ក្រុម​ទៀត​ទទួលយក​ឬ​អត់​ទេ ព្រោះ​ពលរដ្ឋ​ទាំង ៣​ក្រុម​ធ្លាប់​ដាក់​ញត្តិ​សរសេរ​វិក្កយបត្រ​ទៅ​អាជ្ញាធរ​ទាំងអស់​គ្នា​អ​ញ្ចឹ​ង​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​យើង​មិន​ទាន់​អាច​សន្មត​ថា ជម្លោះ​ទាំងអស់​នឹង​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ​”​។

លោក ញៀប សំ​អឿ​ន ចង់​ឃើញ លោក ជា សុ​ផា​រ៉ា ដោះស្រាយ​បញ្ចប់​ឲ្យ​អស់​រវាង​ពលរដ្ឋ​ដែល​នៅ​សេសសល់ ក្នុង​ក្រុម ១៧៥​គ្រួសារ និង​ក្រុម ២០០​គ្រួសារ និង​បន្ត​បញ្ចប់​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​បន្ថែម​ទៀត ទើប​ជម្លោះ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ នៅ​ខេត្តកោះកុង​ត្រូវ​បិទ​បញ្ចប់​ទាំងស្រុង​។ សង្គម​ស៊ី​វិល​រូប​នេះ​យល់​ថា បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​ដែល​រង​គ្រោះ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ នឹង​មិន​សុខចិត្ត​បញ្ឈប់​សកម្មភាព​តវ៉ា​ទេ​៕

ប្រភព RFA

Comments

comments