នៅ​ក្នុង​ករណី​ដ៏​កម្រ​មួយ ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​សម្លៀក​បំពាក់​ដ៏​ធំ​មួយ របស់​អា​មេ​រិ​ក បាន​បដិសេធ ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការងារ ដែល​ថា ក្រុមហ៊ុន បាន​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​សិទ្ធិ​របស់​កម្មករ និង​ថា ក្រុមហ៊ុន បាន​បង្កើន​ការ​បញ្ជា​ទិញ​ដូច​ការ​អះអាង​នោះ​ទេ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រុមហ៊ុន VF Corporation លោក Craig Hodges បាន​ថ្លែង​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​ថា ក្រុមហ៊ុន​បាន​សម្ដែង​ការ​ពេញចិត្ត ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​សិទ្ធិ​កម្មករ «​គឺជា​ការ​បង្ហាញ​ខុស​ធំ​មួយ​» អំពី​ជំហរ​របស់​ក្រុមហ៊ុន​។

លោក Hodges បាន​ថ្លែង​ថា តាម​ពិត​«​យើង​មាន​ក្តី​បារម្ភ ចំពោះ​សកម្មភាព​នា​ពេល​ថ្មី​ៗ​នេះ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ហាក់បីដូចជា​បន្ទាប​វឌ្ឍនភាព ឆ្ពោះទៅ​រក​ការ​កែ​លម្អ​សិទ្ធិ​កម្មករ ហើយ​ទំនងជា​បាន​បង្កើត​បរិយាកាស​មួយ ដែល​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ការ​ការពារ​សិទ្ធិ​មនុស្ស​»​។

ក្រុមហ៊ុន VF Corporation ដែល​ជា​ក្រុមហ៊ុនមេ នៃ​ម៉ាក​ផលិតផល​ដូច​ជា The North Face, JanSport និង Timberland បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​រោងចក្រ​ជាង ២០ រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចំណាយ​ពី ៣៥០ ទៅ ៤០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ក្រសួង​ការងារ​។

កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិ​ត សំ​ហេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​នេះ បាន​សរសើរ​រដ្ឋាភិបាល ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ចំពោះ​សិទ្ធិ​កម្មករ​និង​កំពុង​បង្កើន​ការ​បញ្ជា​ទិញ​។

សារព័ត៌មាន​រដ្ឋាភិបាល AKP ដែល​គាំទ្រ​រដ្ឋាភិបាល និង​កាសែត Khmer Times បាន​ចុះ​ផ្សាយ​អំពី​ការ​អះអាង​នេះ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន VF Corporation បាន​បន្ទរ​ភាសា នៃ​លិខិត​ចំហ ដែល​សរសេរ​ដោយ​ក្រុមហ៊ុន​សម្លៀក​បំពាក់​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប​មួយ​ចំនួន កាលពី​ថ្ងៃ​អង្គារ ដែល​រិះគន់ ចំពោះ​ការ​យាយី​ដល់​មេដឹកនាំ​សហជីព និង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ថ្មី ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​ជាង​មុន ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។

តំណាង​ក្រុមហ៊ុន​នៅ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​សហជីព​មួយ​ចំនួន​។

បើ​តាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​(​ស៊ី​ខៅ​ឌូ​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ ស្តាប់​តាម​ការ​ប្តឹង​ពី​មេដឹកនាំ​សហជីព ហើយ​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ពួក​គេ​នឹង​មិន​បង្កើន​ការ​បញ្ជា​ទិញ​ទេ ប្រសិនបើ​មិនឃើញ​មានការ​កែ​លម្អ​សិទ្ធិ​កម្មករ​។

លោក ធន់ បាន​ថ្លែង​ថា​៖ «​បើ​ប្រៀបធៀប​ទៅ​ម៉ាក​បញ្ជា​ទិញ​ដទៃ​ៗ ខ្ញុំ​អាច​ឃើញ​ថា ក្រុមហ៊ុន VF យកចិត្តទុក ដាក់​ជាង​ម៉ាក​ដទៃ​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​»​។ «​ខ្ញុំ​សង្ឃឹមថា ក្តី​បារម្ភ​ដែល​យើង​លើក​ឡើង​នេះ នឹង​ត្រូវ​បាន​កែ​លម្អ​»៕

ប្រភព ៖ P Post

Comments

comments