លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បើ​ទោះបីជា​មានការ​ដោះ​ដូរ​នាយក​រដ្ឋមន្ត្រី​ដែល​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ក៍​អ្នក​កាន់​តំណែង​ថ្មី​នៅ​តែ​ជា​កូន​ទេវតា ព្រោះ​សញ្ញា​គណបក្ស​ប្រជា​ជនក​ម្ពូ​ជា​រូប​ទេវតា ហើយ​លោក​ហាក់​និយាយ​លេង​ដោយ​ប្រៀបធៀប​ខ្លួន​លោក​ដូច​ជា​ស្តេច​ទេវតា ដែល​គ្មាន​នរណា​ផ្តួល​បាន ។

ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លុ​វ​ជាតិ​លេខ​៥ ពី​បាត់ដំបង ទៅ​កាន់​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ។

ដោយឡែក បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សុន្ទរកថា​របស់​លោក​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​-​សិរី​សោភ័ណ ដែល​បើក​ការដ្ឋាន​សាងសង់​នេះ​ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ១៥​សង់ទីម៉ែត្រ និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជាង​ពេល​បច្ចុប្បន្ន ដែល​មាន​ទទឹង​រហូត​ដល់ ២៣​ម៉ែត្រ មាន ០៤​គន្លង ដោយ​មាន​សួន​ទ្រូងផ្លូវ​ខណ្ឌ​ចែក​ទិស​ដៅ​ចរាចរណ៍​នៅ​ចំ​កណ្តាល​។

លោក​បន្ត​ថា ក្រៅពី​ការ​ស្តារ​ឲ្យ​កាន់តែ​ប្រសើរ និង​ពង្រីក​កំណាត់​ផ្លូវ​នេះ​ឲ្យ​កាន់តែ​ធំ​ហើយ​នោះ ក៏​មានការ​សាងសង់​ផ្លូវ​វាង​ក្រុង ០២​ខ្សែ​ប្រវែង​សរុប ៣៣,២៦​គីឡូម៉ែត្រ ។ ក្នុង​នោះ​ផ្លូវ​វាង​ក្រុង​បាត់ដំបង ប្រវែង ២៣,៩២​គីឡូម៉ែត្រ និង​ក្រុង​សិរី​សោភ័ណ ប្រវែង ៩,៣៤​គីឡូម៉ែត្រ ។

លោក ស៊ុន ចាន់​ថុ​ល​បាន ឲ្យ​ដឹង​ទៀត​ថា គម្រោង​ខាងលើ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៩,៩៨៨​លាន​យេ​ន​ជប៉ុន ស្មើនឹង ១៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំណាយពេល​សាងសង់​ចំនួន ៣៦​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២០ ។

នៅ​ក្នុង​សុន្ទរកថា​ដដែល​បាន​បញ្ជាក់​ដែរ​ថា ចាប់ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន ជប៉ុន​បាន​ផ្តល់​នូវ​បច្ចេកទេស និង​ជំនួយ​ឥត​សំណង ព្រមទាំង ហិរញ្ញប្បទាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ការ​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជា​ច្រើន ក្នុង​ទិស​ដៅ ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​កម្ពុជា លើ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ជប៉ុន​បាន​ស្តារ និង​សាងសង់​ផ្លូវ ចំនួន ៣ ខ្សែ (​ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧, និង​ផ្លូវជាតិ​លេខ​១) ប្រវែង​សរុប ២៥៤,៣ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១ លាន​ដុល្លារ​អា​មេ​រិ​ក ។

គម្រោង កំពុង​សាងសង់ ចំនួន ១​ខ្សែ (​ផ្លូវជាតិ​លេខ​៥) មាន​ប្រវែង​សរុប ៣៦៦ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា ប្រមាណ ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ។

ស្ពាន​ធំ​ៗ ដែល​បាន​ជួសជុល​ត​ភ្ជាប់​ឡើង​វិញ និង​សាងសង់​រួច ចំនួន ៣ (​ស្ពាន​ជ្រោយចង្វារ ស្ពាន​គី​ហ្សូ​ណា ស្ពាន​ត្សឹ​បា​សា​) ប្រវែង​សរុប ៤,៥៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ២១០ លាន​ដុល្លារ​អា​មេ​រិ​ក និង​ស្ពាន​កំពុង​ជួសជុល​ទ្រង់ទ្រាយ​ធំ ចំនួន​១ គឺ​ស្ពាន​ជ្រោយចង្វារ ប្រវែង​សរុប ១,០៨០​ម៉ែត្រ ចំណាយ​ថវិកា ប្រមាណ ៣០ លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ឆ្នាំ​១៩៩២ ជប៉ុន​ក៏​បាន​ស្តារ និង​ត​ភ្ជាប់ ឡើង​វិញ នូវ​ស្ពាន​ជ្រោយចង្វារ ដែល​ត្រូវ​បាន​បំផ្លាញ​និង​កាត់​ផ្តាច់​ដោយ​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ​១៩៧២៕