ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៨ លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ស្ត្រី​ម្នាក់ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​ឃាតកម្ម​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្តី​ដើម ។

ស្ត្រី​ជាប់ចោទ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន បាន​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ប្តី​ថា ប្រពន្ធ​ខ្លួន​បាន​ដាក់​ថ្នាំពុល​ប៉ុនប៉ង​សម្លាប់ និង​បាន​លួច​លុយ​រត់គេច​ខ្លួន​ទៅ​តាម​ប្រុស​ថ្មី ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ ។

ជនជាប់ចោទ​មានឈ្មោះ ម៉េ​ត ជិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល​លេខ​១៦ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រកស៊ី​លក់ដូរ ។

ជនជាប់ចោទ​ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ថ្នាំពុល លើ​ប្តី​ឈ្មោះ ស៊ឹ​ម ស៊ុ​យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ យោង​តាម​មាត្រា​២៧ មាត្រា​២០១ និង​មាត្រា ៣២១ នៃ​ក្រមព្រហ្មទណ្ឌ ៕

 

Comments

comments