ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​នានា ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រយៈពេល​ប្រមាណ​១​ខែ​កន្លង​ទៅ​នេះ​មេ​ឈ្មួញ សឹង សំ​អុល (​ឧកញ៉ា សឹង សំ​អុល​) កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ទេ​នោះ គឺ​មេ​ឈ្មួញ សឹង សំ​អុល មិន​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ សឹង សំ​អុល អាច​បន្តសកម្មភាព​កាប់​ឈើ​ខាងក្រៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ហើយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ពួក​គាត់​បានឃើញ​រថយន្ត​យី​ឌុ​ប​៣​គ្រឿង​ដឹកឈើ​ជន្លង់ម្រេច​នៅ​លើ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ភូមិ​ដេ​អេ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​យី​ឌុ​ប​ធំ​ៗ​ទាំង​៣​គ្រឿង​នោះ​ដឹក​ជញ្ជូន​ឈើ​ចូល​ទៅ​ក្នុង​ឃ្លាំង​ចម្ការ​ម្រេច​របស់​មេ​ឈ្មួញ សឹង សំ​អុល នៅ​ក្នុងភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌល គិរី ហើយ​ឈើ​ទាំងនោះ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ទាក់ទង​នឹង​បញ្ហា​នេះ​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់ ព្រោះ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នៅ​ក្រោម​ស្នាដៃ​របស់​មេ​ឈ្មួញ សឹង សំ​អុល ចៀស​មិន​ផុត​ឡើយ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា មេ​ឈ្មួញ សឹង សំ​អុល កំពុង​ប្រមូល​បក្ខពួក​របស់​ខ្លួន​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​អារច្រៀក​ឈើ​ជន្លង់ម្រេច​រាប់រាប់​ពាន់​ម៉ែត្រគូប​នៅ​ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ចម្ការ​កៅស៊ូ​នៅ​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ​យួន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​សុខសាន្ត និង​ឃុំ​មួយ​ចំនួន​ទៀត​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ឈើ​ផ្ចឹក​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​គេ​កាប់​រំលំ​អារច្រៀក​ជា​ឈើ​ជន្លង់ម្រេច ហើយ​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូ​ម្បី​តែ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ សឹង សំ​អុល កំពុង​បង្កើន​សក​កម្ម​ភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ប្រភព Moneaksekar Khmer

Comments

comments