លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​មេ​គុក​ដែល​គ្រប់គ្រង​អ្នកទោស​មិន​បាន​ល្អ​ដោយ​អនុញ្ញាត​ឲ្យ​អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មា​ជ សុវណ្ណ​រ៉ា និយាយ​និង​បញ្ជា​ចេញពី​គុក​មក​កាន់​អ្នកនយោបាយ ពិសេស​វាយប្រហារ​លោក ហ៊ុន សែន ផ្ទាល់​តែ​ម្តង ។

យ៉ាងណា​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ខ្លឹមសារ​នៃ​សារ​ដែល​អះអាង​ថា​លោក មា​ជ សុវណ្ណ​រ៉ា និយាយ​ឬ​សរសេរ​ចេញពី​ព​ន្ឋ​នាគារ​ព្រៃ​.​ស​ហើយ​វាយប្រហារ​លោក​នោះ​ទេ ។

ដោយ​ប្រកាស​ក្នុង​ពាក្យពេចន៍​ធ្ងន់​ៗ​និង​ខ្លាំង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ជាង​២​ពាន់​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ទុក​ឱសានវាទ​រយៈពេល​តែ​១​ម៉ោង​ឲ្យ​ប៉ូលិស​និង​អ្នកគ្រប់គ្រង​ព​ន្ឋ​នាគារ​ដកហូត​ទូរស័ព្ទ​ពី​លោក មា​ជ សុវណ្ណ​រ៉ា ជា​បន្ទាន់ ហើយ​បាន​ព្រមាន​ថា បើ​ទុក​ឲ្យ​អតីត​សកម្មជន​គណបក្សប្រឆាំង​រូប​នេះ (​លោក មា​ជ សុវណ្ណ​រ៉ា​) និយាយ​ទៀត នោះ​លោក​នឹង​ដក​មេ​ប៉ូលិស​និង​មេ​គុក​ចោល​ទាំងអស់ ព្រោះ​លោក មា​ជ សុវណ្ណ​រ៉ា​បាន​ប្រើ​ទូរស័ព្ទ​បញ្ជា​ចេញពី​គុក​រាល់ថ្ងៃ​និង​ច្រើន​ខែ​មក​ហើយ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​ហៅ លោក មា​ជ សុវណ្ណ​រ៉ា ថា​ជា​មនុស្ស​ឈ្លើយ ហើយ​ថា​លោក​នឹង​មិន​លើកលែង​ឲ្យ​លោក មា​ជ សុវណ្ណ​រ៉ា​ដាច់ខាត ។

ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ ម​១ ស្ថិត​នៅ​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក ឆែម សា​វុ​ធ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ទើប​ចូល​កាន់​តំណែង​កាលពី​ពេល​ថ្មី​ៗ​នេះ ក៍​ដូច​ជា​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុ​ត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ទេ នៅ​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​អំឡុង​ចុងឆ្នាំ​២០១៤ ក្រោយ​បាន​ប្រើ​អំពើ​ហិង្សា បណ្តាល​ឱ្យ​ស​ន្និ​សុខ​ខណ្ឌដូនពេញ ជាង​៣០​នាក់ រង​របួស នៅ​អំឡុង​បាតុកម្ម​តវ៉ា នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ។

ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ បាន​សម្រេច​ផ្ដន្ទាទោស លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដាក់​ពន្ធនាគារ​២០​ឆ្នាំ និង​សកម្មជន​ទាំង​១០​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ដល់​២០​ឆ្នាំ​៕

Comments

comments