ខាងលើនេះ គឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានសង្គមមួយចំនួន ក្រោយពីបែកធ្លាយព័ត៌មានថា តុលាការ​​ខេត្តឧត្តរមានជ័យបានដោះលែងមេឈ្មួញឈើដ៍ល្បីឈ្មោះជាជនជាតិយួនឈ្មោះ ង្វៀន ធីហាយ ហៅ យាម៉ៃ ខណៈដែលសមត្ថកិច្ចនិងអាជ្ញាធរខេត្តជាប់ព្រំដែនថៃមួយនេះ មិនបង្រ្កាបសិប្បកម្មកែច្នៃឈើរបស់​យាយម៉ៃ ទោះមានព័ត៌មានខ្លះថាសិប្បកម្មឈ្មួញយួននេះខុសច្បាប់ក្តី ។

បើតាមភ្្នំពេញប៉ុស្តិ៍ ង្វៀ​ង ធី​ម៉ា​យ ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​បទល្មើស ២ ផ្សេង​គ្នា​កាលពី​អំឡុង​ឆ្នាំ ២០១៧ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​លេចមុខ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ប៉ុន្មានថ្ងៃមុននេះ(២៤ មីនា ២០១៨)នៅ​ចំណុច​តំបន់​ក្បាល​ទន្សោង ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ជា​ច្រើន​។

លោក សំ សា​រិ​ទ្ធ អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​​ថា យាយ​ម៉ៃ បាន​លេច​មុខ​នៅ​ក្នុង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​ជាប់​ព្រំដែន​ថៃ​ស្ថិត​ក្នុង​ចំណុច​ក្បាល​ទន្សោង​ដែល​សិប្បកម្ម​នោះ​ត្រូវ​បាន​គេ​ដឹង​ថា គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​តំបន់​នោះ​មាន​សិប្បកម្ម​កែ​ច្នៃ​ឈើ​ជា​ច្រើន​កន្លែង និង​មាន​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ សុ​ក្រំ ត្រាច តា​ត្រាវ​។ ដោយឡែក​សិប្បកម្ម​អារច្រៀក​ឈើ​ដែល​យាយ​ម៉ៃ​បាន​បង្ហាញខ្លួន​ខាងលើ​នោះ​មាន​លួចលាក់​កែ​ច្នៃ​ឈើ​គ្រញូង​ផង​ដែរ ប៉ុន្តែ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ឡើយ​»​។

ចំណែក លោក ហ៊ីង ថឹ​ង នាយ​ប៉ុស្តិ៍​ត្រពាំង​ប្រី​យ៍ បាន​ថ្លែង​ដោយ​ទទួលស្គាល់​ថា នៅ​ក្នុង​ដែនដី​របស់​លោក​មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ជា​លក្ខណៈ​គ្រួសារ​ជាង ២០ ទីតាំង ប៉ុន្តែ​មានច្បាប់ ឬ​ឥត​ច្បាប់​នោះ​លោក​មិនដឹង​ទេ​។ «​សិប្បកម្ម​ទាំងនោះ​មាន​ទ្រង់ទ្រាយ​តូច​ៗ​បែប​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ពួក​គេ​កែ​ច្នៃ​ជា​គ្រឿងសង្ហារិម មាន​តុ ទូ កៅអី គ្រែ បង្អួច ហើយ​ឈើ​ដែល​ពួក​គេ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ក្នុង​តំបន់​នោះ ភាគច្រើន​ជា​ប្រភេទ​ធ្នង់ សុ​ក្រំ ត្រាច និង តា​ត្រាវ ពោល​គឺ​ពុំ​ឃើញ​មាន​ឈើ​គ្រញូង​ទេ​»​។

យ៉ាងណាក៍ដោយ លោក ឃុន ប៊ុ​ន​ហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់​វែង​បានប្រាប់ភ្នំពេញប៉ុស្តិ៍​ថា លោក​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ចល័ត​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ក្នុង​តំបន់​នោះ ហើយ​ក្នុង​ករណី​រក​ឃើញ​ថា​សិប្បកម្ម​ទាំងនោះ​ឥត​ច្បាប់ ឬ​ក៏​មានការ​លួច​បន្លំ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ លោក​បញ្ជាក់​ថា​៖ «​ចំណុច​ក្បាល​ទន្សោង​នោះ ស្ថិត​ក្នុង​ព្រៃស្រោង​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ជា​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយនៅ​ថ្ងៃ​ចន្ទ ក្រុម​មន្ត្រី​ចល័ត​នឹង​ចុះ​ទៅ​បង្ក្រាប​លើ​បទល្មើស​ទាំងនេះ​»​។

ចំពោះ​ការ​បង្ហាញខ្លួន​របស់​អ្នកស្រី ង្វៀ​ង ធី​ម៉ា​យ លោក ថឹ​ង អះអាង​ថា លោក​មិនដឹង យាយ​ម៉ៃ មក​រក​ប្រមូល​ទិញ​ឈើ ឬ​ក៏​មក​ធ្វើ​អ្វី​នោះ​ទេ​។

បើតាមភ្នំពេញប៉ុស្តិ៍យាយ​ម៉ៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​បទល្មើស​ចំនួន ២ ផ្សេង​គ្នា​ក្នុង​នោះ​កាលពី​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស «​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​ក្លែងក្លាយ​» ខណៈ​សមត្ថកិច្ច​ខេត្តឧត្តរមានជ័យ ចោទប្រកាន់​គាត់​ពី​បទ «​រក្សា​ទុក និង​ដឹក​ជញ្ជូន​ផល និង​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​»​។

អ្នកស្រី ង្វៀ​ង ធី​ម៉ា​យ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​។

លោក សូ​យ កាន់​យ៉ា អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​បាន​ថ្លែង​ថា យាយ​ម៉ៃ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​តាំងពី​ចុង​ខែមករា​មក ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដោះ​លែង​នោះ​ទេ​។ «​គាត់ [​យាយ​ម៉ៃ​] ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក និង​ដឹក​ជញ្ជូន​ផល និង​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​កាលពី​ចុង​ខែមករា​គាត់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​»៕