ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជា​ខេមរភាសា​អំពី​តម្លៃ​ប្រេង​ដែល​អ្នក​ប្រើប្រាស់​ថា​កំពុង​តែ​ឡើងថ្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​ប្រេង​នា​ពេល​នេះ​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​នៅឡើយ​ទេ ហើយក៍​មិន​ទាន់​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវ​លូកដៃ​ចូល​អន្តរាគមន៍​ដើម្បី​កំណត់​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​នោះ​ដែរ ។

ដោយឡែក ទាក់ទង​ទៅ​នឹង​ស្ថានីយ៍​ប្រេង​មួយ​ចំនួន​រង​ការ​ចោទ​ថា​ចាក់​មិន​គ្រប់​ចំណុះ​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​នេះ អគ្គនាយក​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី ដើម្បី​ឈាន​ទៅ​បិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន ដែល​មិន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​(​ស្ថានីយ៍​ដែល​ចាក់​មិន​គ្រប់​លី​ត្រ ឬ​ចំណុះ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ស្ដី​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ នៅ​តាម​ស្ថានីយ​ទាំងអស់ ដែល​តម្លៃ​សាំង​ធម្មតា​ត្រូវ​លក់​មិន​ឲ្យ​លើស​ពី ៣,៨៥០​រៀល ក្នុង​១​លី​ត្រ និង​ម៉ា​ស៊ូ​ត ត្រូវ​លក់​មិន​ឲ្យ​លើស​ពី​ថ្លៃ ៣,៦០០​រៀល ក្នុង​១​លី​ត្រ ដែល​តម្លៃ​នេះ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨៕

Comments

comments