មួយ​ថ្ងៃ ពោល​គឺ​កាលពី​ថ្ងៃ​ទី​២៧ មីនា​ម្សិលមិញ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ដោយ​ដាក់​ជំនួស​លោក អ៊ូច ភា ដែល​ជា​អភិបាលរង​ខេត្តតាកែវ​និង​ជា​អតីត​ជា​គ្រូបង្រៀន​នោះ​រួច​មក មានការ​និយាយ បញ្ចេញ​ទស្សនៈ​និង​លើក​ឡើង​មួយ​ចំនួន​ពី​សំណាក់​មជ្ឈដ្ឋាន​មន្ត្រីរាជការ​មួយ​នៅ​ក្នុង​ខេត្តតាកែវ​ផ្ទាល់ ក៍​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​និង​អ្នក​តាមដាន​សង្គម​មួយ​ចំនួន ។

តើ​ពួក​គាត់​ទាំងនោះ​(​មន្ត្រីរាជការ ពលរដ្ឋ​និង​អ្នក​តាមដាន​សង្គម​)​និយាយ​និង​លើក​ឡើង​ពី​ចំណុច​និង​មូលហេតុ អ្វីខ្លះ ដែល​ឈាន​ដល់​បុរស​ខ្លាំង ហ៊ុន សែន ដក​តំណែង​ចៅហ្វាយ​ខេត្តតាកែវ​រូប​នេះ ?​។

មតិ​ខ្លះ​ថា ដោយសារ​លោក ឡាយ វណ្ណៈ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​បើកដៃ​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ដូច​ជា​ល្បែងស៊ីសង និង​បទល្មើស​នេសាទ ដែល​ចំណុច​ទាំង​ពីរ​នេះ សុ​ទ្ឋ​តែ​ត្រូវ​បាន​ប្រ​ព្រ័​ន្ឋ​ផ្សព្វផ្សាយ​បង្ហាញ​ជា​សាធារណៈ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

ខ្លះ​ថា ការ​ដក​លោក ឡាយ វណ្ណៈ ហាក់​បាន​ធ្វើ​ឡើង ក្រោយ​គណៈកម្មការ​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ​បាន​ដក​និង​ចេញពី​ខេត្តតាកែវ​ជា​បន្តបន្ទាប់ បន្ទាប់​ពី​គណៈកម្មការ​នេះ​បាន​បញ្ចប់​ស៊ើបអង្កេត​លើ​ករណី​ស្រី​ស្អាត​ធ្វើការ​នៅ​រដ្ឋសភា​បាន​ស្លាប់​នៅ​ក្នុងភូមិ​គ្រឹះ​មួយ​ដ៍​អាថ៌​កំបាំង តែ​នគរបាល​ខេត្តតាកែវ​ថា​ស្ត្រី​មេម៉ាយ​ស្រស់​ស្អាត​រូប​នោះ​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង ។

ចំណែក​ខ្លះ​ទៀត បាន​លើក​ឡើង​ថា ការ​ដក​ចៅហ្វាយ​ខេត្តតាកែវ​នេះ អាច​មក​ពី​លោក ឡាយ វណ្ណៈ ធ្លាប់​បាន​ទៅ​ចូល​បុណ្យសព​លោក​បណ្ឌិត កែម ឡី ខណៈ​ដែល​គេ​ដឹង​ថា​លោក កែម ឡី ជា​អ្នក​រិះគន់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​នោះ ។

រីឯ​អ្នករាជការ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដក​លោក ឡាយ វណ្ណៈ​នេះ មិនមែន​ដក​ធម្មតា​ទេ តែ​ផ្ទុយ​ទៅ​វិញ​អាច​ជា​ការ​ត្រៀម​ដំឡើង​ឋានៈ​និង​តំណែង​កាន់តែ​ខ្ពស់​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ខណៈ​ដែល​ការ​ដក​នេះ​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​បំរុង​រ៉ាត់​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៤ មីនា ព្រោះ​កន្លង​មក​តាម​ការ​កត់សម្គាល់​និង​តាម​ការ​និយាយ​ខាងក្រៅ​គឺ​ដក​ពី​តំណែង​តូច​ទៅ​កាន់​តំណែង​ធំ ដូច​ករណី​ជាក់ស្តែង​ដក​លោក គួ​ច ចំរើន ពី​អភិបាល​ខណ្ឌដូនពេញ បែរជា​តែងតាំង​ទទួល​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម​ជាដើម ។

យ៉ាងណា​ក៍ដោយ ខាងលើ​នេះ គ្រាន់តែ​ជា​ការ​បញ្ចេញ​មតិយោបល់​ក្នុង​នាម​ផ្ទាល់ខ្លួន​របស់​មន្ត្រីរាជការ ពលរដ្ឋ​និង​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ដក​តំណែង​មន្ត្រីរាជការ​និង​កងកម្លាំង​មាន​ឋានៈ​ខ្ពស់​នា​ពេល​កន្លង​មក​តែង​មានការ​ពន្យល់​និង​លើក​ឡើង​ពី​សំណាក់​អ្នកនាំពាក្យ​ថា ជា​កិច្ចការ​ធម្មតា​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​ផ្លាស់​ប្តូរ​និង​តែងតាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ។

មួយ​ថ្ងៃក្រោយ​ការ​ដក​តំណែង ពោល​គឺ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ លោក ឡាយ វណ្ណៈ បាន​បង្ហោះ​សារ​មួយ​នៅ​លើ Facebook ផ្លូវការ​របស់​លោក ដោយ​បញ្ជាក់​ថា​«​ទោះបី​ខ្លួន​ខ្ញុំ​ត្រូវ​បាន​ផ្លាស់ ទៅ​ដល់​ទីណា​ក៏​ដោយ តែ​បេះដូង​ខ្ញុំ​នឹង​នៅ​ទី​នេះ ក្នុង​ខេត្តតាកែវ​ជាមួយ​បងប្អូន​ជា​និច្ច​។ ខ្ញុំ​នៅ​តែ​នឹក និង​គោរព​ស្រឡាញ់​បងប្អូន មន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តតាកែវ​យើង​ដដែល ខេត្តតាកែវ ជា​ទឹកដី​ដែល​ខ្ញុំ​ស្រឡាញ់​ស្មើ​ជីវិត​»​។

នៅ​ក្នុង​ការ​បង្ហោះ​សារ​នោះ​ទៀត​សោត លោក ឡាយ វណ្ណៈ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានចិត្ត​គោរព ស្រឡាញ់ និង​អាណិត​ដល់​លោក សូម​មេត្តា​កុំ​ភ្លេច​ទៅ​បោះ​ឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ឲ្យ​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី ដើម្បី​គាំទ្រ​លោក​ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី រក្សា​បាន​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​ការ​អភិវឌ្ឍ​បន្ត​ទៀត​។

នៅ​លើ​បណ្តាញ​សង្គម​ដដែល លោក ឡាយ វណ្ណៈ ក៏​បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​លោក ហ៊ុន សែន ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​លោក បាន​ដឹកនាំ​ខេត្តតាកែវ រយៈពេល​ជាង​៤​ឆ្នាំ​កន្លង​មកនេះ និង​អរគុណ​ចំពោះ​ការ​គាំទ្រ​លោក​កន្លង​មក ពី​សំណាក់​បងប្អូន​មន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​លោក​ក៏​បាន​ជូនពរ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ថ្មី ឲ្យ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ក្នុង​ការ​ដឹកនាំ​ខេត្តតាកែវ ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​រលោក ស៊ូ ភិ​រិ​ន្ទ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អតីត​អភិបាល​ខេត្តតាកែវ​និង​សៀមរាប ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដក​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វិញ ។ ចំណែក អ្នក​ដែល​ចូល​ជំនួស​លោក ឡាយ វណ្ណៈ គឺ​លោក អ៊ូច ភា ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តតាកែវ ។

នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕