សមាជិក​ព្រឹ​ទ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មហាសេដ្ឋី​ជំនួញ​ខាង​កសិកម្ម​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ប្ញ​ទ្ឋី បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​និង​ពលរដ្ឋ​ដែល​ឃើញ​យុវជន​ម្នាក់ ត្រូវ​ចាប់ខ្លួន​ភ្លាម ដោយ​លោក​នឹង​ផ្តល់​ជា​ប្រាក់​រង្វាន់​សុ​ទ្ឋ​ចំនួន​១០០០​ដុល្លារ ។

លោក ម៉ុង ប្ញ​ទ្ឋី ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ស្និ​ទ្ឋ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​នោះ ដោយសារ​យុវជន​ដែល​លោក​មហាសេដ្ឋី​រូប​នេះ​ប្រាប់​ថា​ឈ្មោះ វី​ហ្គោ បាន​ខ្ចី​ម៉ូតូ​ម៉ា​កលេត​តម្លៃ​១៤៥០​ដុល្លារ របស់​អ្នក​រួមការ​ងារ​ជាមួយ​គ្នា រួច​ជិះ​យក​ទៅ​បាត់ ។

លោក ម៉ុង ប្ញ​ទ្ឋី បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​« ​​ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់​មុ​ឺ​ន​នាក់​មាន​ជួប​បញ្ហា​បន្តិចបន្តួច​តែ​មិន​ធ្ងន់ធ្ងរ​ពេក ជា​ចុង​ក្រោយ​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​ចេះ​តែ​ឆាត​មក​សុំ រក​ការងារ​ធ្វើ​ដោយ​សុំ​តែ​បាយ​ហូប ស្នាក់​នៅ​មិន​យក​ប្រាក់ខែ​ទេ​ពេល​នេះ​កំពង់​តែ​ដាច់​បាយ​ជិត​ស្លាប់​ហើយ ដោយ​ក្តី​មេត្តា​អាណិតអាសូរ​ក៏​សម្រេចចិត្ត​ទទួលយក​មក​អោយ​ចូល​បំរើ​ការងារ ខាង​ផ្នែក​កសិកម្ម​នៅ​ភ្នំ​សែន​ដី​ខេត្តកំពង់ស្ពឺ ដោយ​ផ្តល់​អាហារ​ហូប​ចុក​បី​ពេល ផ្ទះ​ស្នាក់​នៅ ប្រាក់​150$​មួយ​ខែ​ថែម​ទៀត បាន​តែ​រយៈពេល​៧​ថ្ងៃ​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៤​វេលា​ម៉ោង​១​រសៀល លោក​វី​ហ្គោ​បាន​ខ្ចី​ម៉ូតូ​មា​ក​លែ​ត​តម្លៃ​1.450$​របស់​កម្មករ​ដូច​គ្នា​យក​ទៅ​បាត់​ស្រ​ម៉ោ​ល ។

ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​​ទៅ​​​​សមត្ថកិច្ច​បើ​​ស្គាល់​ឬ​ឃើញ​មុខមាត់​ដូច​ក្នុង​រូបថត​នេះ ចាប់​វា​មក​ផ្តន្ទាទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$​បន្ថែម​ជាមួយ​ម៉ូតូ​ដែល​វា​ឆបោក​នេះ​ផង​ដែ ។​»។

មក​ទល់​នឹង​វេលា​ម៉ោង​៩​និង​២៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​ស្រាវជ្រាវ​និង​ចាប់​ជនសង្ស័យ​ខាងលើ​នេះ បាន​ហើយ ឬក៍​យ៉ាងណា​នោះ​នៅឡើយ​ទេ ៕