ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤២​គ្រួ​សារបាន​ប្តឹង​លោក​ឧកញ៉ា សុខ ប៊ុ​ន ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​កញ្ញា ឯក សុ​ជាតិ​តា ហៅ​សា​សា នា​ពេល​កន្លង​ទៅ ថា​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់ ដែល​កំពុង​រស់នៅ​សព្វថ្ងៃ នៅ​លើ​កោះ​រ៉ុ​ង ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្តឹង​ទៅ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​២៦ មីនា ២០១៨ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ដោយ​បច្ចុប្បន្ន ដោយ​មាន​លិខិត​កាន់កាប់ លិខិត​ផ្ទេរសិទ្ធិ សាលា​កប​ត្រ​ព័ត៌មាន​កាន់កាប់​ដី លិខិតបញ្ជាក់​ទទួលស្គាល់​ដោយ​អាជ្ញាធរ និង​ជា​ពិសេស​ស្ថាប័ន​ជំនាញ​ក្រុមការងារ​ថ្នាក់​ជាតិ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​រួចរាល់ តាម​នីតិវិធី​សុរិយោដី​ចប់​សព្វគ្រប់​រួច​អស់​ទៅ​ហើយ ដោយ​រង់​ចាំតែ​ថ្ងៃ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២២ មីនា ២០១៨​កន្លង​ទៅ ស្រាប់តែ​គេ​ឃើញ​វត្តមាន​លោក​ឧកញ៉ា សុខ ប៊ុ​ន រួម​នឹង​លោក សួន សូ​ផា ដែល​មាន​តួនាទី​ជា​អគ្គនាយករង​សុរិយោដី និង​ភូមិសាស្ត្រ និង​បក្ខពួក បាន​ចុះ​មក​វាស់វែង​ដី​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​ទៅ​វិញ ។

ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ខណៈ​ពេល​ដែល​លោក​ឧកញ៉ា សុខ ប៊ុ​ន រស់នៅ​ឯ​ភ្នំពេញ​ឯណោះ អាច​មាន​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ក្នុង​ការ​រំលោភ​យក​ដី​របស់​ពួក​គាត់ ។ សកម្មភាព​នេះ ក្រុម​ប្រជាពលរដ្ឋ សូម​ស្នើ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​ជំរុញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​ផង ជៀសវាង​ការ​រំលោភ​យក​ដី​របស់​ពួក​គាត់ ពី​សំណាក់​អ្នកមាន​ទ្រព្យធន ឬ​មាន​អំណាច ព្រោះថា ក្រុមការងារ​ថ្នាក់​ជាតិ​បាន​ធ្វើការ​វាស់វែង​ជាក់ស្តែង​លើ​កោះ​រ៉ុ​ង​ចប់​សព្វគ្រប់​ជាង​មួយ​ឆ្នាំ​កន្លង​មក​រួច​អស់​ទៅ​ហើយ ។

ទោះជា​យ៉ាងណា អ្នក​សារព័ត៌មាន នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា សុខ ប៊ុ​ន បាន​នៅឡើយ​ទេ ជុំវិញ​ការ​ចោទ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៤២​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​កោះ​រ៉ុ​ង ៕