ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​បី​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​អះអាង​ថា ខ្លួន​និង​បក្ខពួក​ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាលា​វែ​ស​ស្ទើ​ន ហើយ​បែកគំនិត​ពេលឃើញ​ជន​រង​គ្រោះ​កំពុងនិយាយ​ទូរស័ព្ទ ឱកាសល្អ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង​បី បាក់ជើង​ឆ្វេង​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ខាង​មុខ​វិមាន​សន្តិភាព ក្នុងភូមិ​៧ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ុន ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និស្សិត​ឆ្នាំ​ទី​២រៀន​នៅ​សាលា​វែ​ស​ស្ទើ​ន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កោះកុង​ ។

សមត្ថកិច្ច បាន​បន្ត​​ថា មាន​ជនសង្ស័យ​ចំនួន បី​នាក់​ជិះ​ម៉ូតូ​ពី​គ្រឿង មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ស៉ូ​គី​ឡែ​ត ពណ៌​សលាយ​ទឹក​បិ​ច ពាក់​ស្លាក​លេខ ភ្នំពេញ 1GJ-1729 ជិះ​គ្នា​ពីរ​នាក់ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ម្នាក់ឯង ជា​អ្នក​ជិះ​បិទ​គូទ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បុរស​ម្នាក់ បាន​សម្រេច ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ប្រុង​រត់គេច តែ​សំណាងអាក្រក់​បាន​ជ្រុល​ចង្កូត ទៅ​បុក​ម៉ូតូ​កង​បី «ឡាំប៉ា​តា​» បណ្ដាល​ឲ្យ​ក្រឡាប់ ចំណែក​ជនសង្ស័យ រង​របួស​បាក់ជើង​ឆ្វេង​មួយ​កំណាត់​ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​សម្តេចឪ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ សមត្ថកិច្ច​យក​រក្សា​ទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕

Comments

comments