លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ផែនការ​កម្ទេច​លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​។ លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃ​ទី​២៧ មីនា ថា លោក​មាន​ផែនការ​កម្ទេច​លោក សម រ​ង្ស៊ី មិន​ខុស​ពី​លោក​កម្ទេច​ប៉ុ​ល ពត ដែល​លោក​បាន​ទទួល​ជ័យ​ជំនះ​នោះ​ឡើយ​។

លោក ហ៊ុន សែន ព្រមាន​លោក សម រ​ង្ស៊ី ទាំង​កំហឹង​ថា លោក​នឹង​មិន​អនុគ្រោះ​ឲ្យ​លោក សម រ​ង្ស៊ី ឡើយ ហើយ​ក៏​គ្មាន​បរទេស​ណា​អាច​មាន​ឥទ្ធិពល​លើ​លោក​ដែរ​៖ «​ស៊ី​បាយ​ជាមួយ​គ្នា​គេ​ទៅ​ប្រាប់​គ្នា​គេ​ថា បើ​មិន​ចូល​ជិត​មេចោរ​បាន ធ្វើ​ម៉េច​ចាប់​មេចោរ​បាន អា​ប៉ូលិស​ហើយ ហា​ហ្ហែង​ទៅ​ជា​ចោរ​អស់​ទៅ​វិញ អ៊ីចឹង​ខ្ញុំ​ដាក់​ចេញ​គោលដៅ​ចេញ​ដូច​គ្នា កម្ចាត់​ហ្ហែង​ដូច​កម្ចាត់ ប៉ុ​ល ពត អ៊ីចឹង ប៉ុ​ល ពត ក៏​យើង​កម្ចាត់​បាន​ដែរ អ៊ីចឹង​គ្មាន​បរទេស​ណា​មក​ត្រួត​ក្បាល​ខ្ញុំ​បាន​ទេ​»​។

ឆ្លើយ​តប​និង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ មាន​ប្រសាសន៍​ថា ពេល​អ្នកនយោបាយ​យកឈ្នះ​គ្នា គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ទេ ហើយនឹង​នាំ​ឲ្យ​សង្គម​ជាតិ​បែកបាក់​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​នៅ​តែ​មាន​ជំនឿ​ថា បញ្ហា​នយោបាយ នឹង​មាន​ដំណោះស្រាយ​ឆាប់​ៗ​នេះ​៖ «​ខ្ញុំ​នៅ​តែ​មាន​ជំនឿ ថា​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​នីមួយ​ៗ​ចង់ឱ្យ​មាន​ឯករាជ្យ សន្តិភាព និង​ការ​អភិវឌ្ឍន៍ បើ​យើង​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​មុន​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ក៏​មានការ​ប៉ះទង្គិច​គ្នា​សិន បើ​មើល​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០ ក៏​មិន​មិន​ខុស​គ្នា​ទេ បាទ​»​។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុង​ហៃ មាន​ប្រសាសន៍​ថា មេដឹកនាំ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែងតែ​ធ្វើ​នយោបាយ​ផ្ដួលរំលំ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ បន្ថែម​ថា នៅ​សម័យនេះ​ទៅ​ហើយ លោក ហ៊ុន សែន នៅ​តែ​ប្រើ​នយោបាយ​ចាស់​គំរឹល​ប្រកាន់​យក​វប្បធម៌​គុំ​គួ​ន និង​សងសឹក​គ្នា​បែប​នេះ​ទៀត គ្មាន​ចំណេញ​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​។ លោក មាន​ជំនឿ​ថា បើសិនជា​កម្ពុជា​ផ្លាស់​ប្ដូរ​មេដឹកនាំ​នោះ គឺ​មេដឹកនាំ​ថ្មី​នឹង​មិន​គិត​ពី​ការ​សងសឹក​ទេ អ្វី​ដែល​មេដឹកនាំ​ថ្មី​ត្រូវធ្វើ​នោះ គឺ​ការ​ប្រកួតប្រជែង​អភិវឌ្ឍន៍ និង​ប្រទេស​នៅ​ក្នុង​តំបន់​។

លោក បណ្ឌិត ឡៅ ម៉ុង​ហៃ អះអាង​ថា លោក ហ៊ុន សែន មិន​អត់ឱន​ឲ្យ​អ្នក​ណា​ឡើយ ប្រសិនបើ ហ៊ាន​និយាយ​រិះគន់​ប៉ះ​ចំ​បុគ្គល​លោក និង​ក្រុម​គ្រួសារ​លោក​នោះ​។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​រៀប​ចំការ​កម្ទេច​លោក សម រ​ង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​យូរ​មក​ហើយ ដែល​ផែនការ​នេះ លោក​បាន​អនុវត្ត​កម្ចាត់​លោក សម រ​ង្ស៊ី និង​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​ចាប់ចង​លោក កឹ​ម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​៕

ប្រភព RFA

Comments

comments