សមាជិក​ជាន់ខ្ពស់​របប​កុ​ម្មុ​យ​និ​ស្ត​វៀតណាម បាន​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត​ទៅ​នឹង​ទ​ង្វើ​លោក ហ៊ុន សែន និង​របប​ក្រុងភ្នំពេញ​បច្ចុប្បន្ន ដែល​បាន​ងាក​ទៅ​រក​មហាអំណាច​ចិន និង​បាន​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម​ខុសច្បាប់​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់​។

អត្ថបទ​កាសែត​អន​ឡាញ Asia Times ដាក់​ចំណងជើង​ថា «​លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​» ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ មីនា សរសេរ​ថា ប្រភព​ពី​ក្នុង​ជួរ​មន្ត្រី​របប​លោក ហ៊ុន សែន បាន​ទម្លាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នៅ​ប្រទេស​វៀតណាម មន្ត្រីជាន់ខ្ពស់​បក្សកុម្មុយនិស្ត វៀតណាម បាន​សម្ដែង​ការ​មិន​ពេញចិត្ត ហើយ​ថែម​ទាំង​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ត្រូវ​ចុះ​ចេញពី​តំណែង​ក្រោយ​ការ​បោះ​ឆ្នោត​ខែកក្កដា ខាង​មុខ​នេះ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​នេះ ស្រង់​ប្រសាសន៍​ថា វៀតណាម​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ដោយ​ត្រង់​ៗ និង​មិនមែន​ជា​បែប​ការទូត​ថា លោក ហ៊ុន សែន បាន​កាន់​អំណាច​យូរ​ពេក​ហើយ ហើយ​ថា ដល់​ពេលវេលា​ដែល​លោក ត្រូវ​ចុះ​ចេញពី​អំណាច​ហើយ​។ ប្រភព​ពី​មន្ត្រី​ដដែល​នោះ បន្ត​ថា បញ្ហា​ចម្បង​ៗ​ចំនួន​ពីរ ដែល​ធ្វើ​ឲ្យ​វៀតណាម​មានការ​ខឹងសម្បា​នឹង​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​នោះ​គឺ ទី​មួយ ការណ៍​ដែល​លោក ហ៊ុន សែន ងាក​ទៅ​ឱបក្រសោប​មហាអំណាច​ចិន​កាន់​ខ្លាំង និង​ទី​ពីរ ការ​ចាប់​បញ្ជូន​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ចេញពី​កម្ពុជា​មក​កាន់​ប្រទេស​វៀតណាម​វិញ​។ កាសែត Asia Times គូសបញ្ជាក់​ថា ប្រភព​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចំណង​ស្និទ្ធ​នឹង​វៀតណាម បាន​បញ្ជាក់​អំពី​ជំនួប​នោះ ថា ពិតជា​មានការ​លើក​ឡើង​ដូច្នោះ​មែន​។

កាសែត​ដដែល​នេះ ក៏​បាន​ស្រង់​ប្រភព​មួយ​ផ្សេង​ទៀត​ដែល​បាន​អះអាង​ថា វៀតណាម មិន​យល់​ស្រប​នឹង​វិធី​ដែល​លោក ហ៊ុន សែន បាន​សម្រេច​រម្លាយ​ចោល​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បណ្ដាល​ឲ្យ​របប​ដឹកនាំ​សព្វថ្ងៃ​ក្លាយជា​របប​ឯក​បក្ស​។ ប្រភព​ថា វៀតណាម បារម្ភ​ថា ការ​បោះ​ឆ្នោតជាតិ​ខែកក្កដា​ខាង​មុខ​នេះ នឹង​ក្លាយជា​រឿងរ៉ាវ​ដ៏​អាម៉ាស់​មួយ​សម្រាប់​ពិភពលោក ហើយ​ថា​របប​ក្រុងភ្នំពេញ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ឯកា​ពី​អន្តរជាតិ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​។

អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន ធ្លាប់​ជា​សម្ព័ន្ធ​មិត្រ​ចាក់ទឹកមិនលេច និង​មាន​សម្ពន្ធ​ភាព​ពិសេស​ជាមួយ​របប​ក្រុង​ហាណូយ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ប្រទេស​វៀតណាម លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច ក្រោយ​ពេល​ផ្ដួល​រលំ​ទៅ​នៃ​របប​ខ្មែរក្រហម កាលពី​ចុង​ទស​វត្ស​ទី​៧០ និង​ដើម​ទស​វត្ស​ទី​៨០​។ កាលពី​ពេល​ថ្មី​ៗ​នេះ លោក ហ៊ុន សែន ធ្លាប់​ចោទសួរ​ទៅ​វៀតណាម​ពី​ភាព​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​រូបភាព​ជួប​គ្នា​រវាង​លោក សម រ​ង្ស៊ី និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​រួច​មក​៕

ប្រភព RFA

 

Comments

comments