បន្ទាប់ពី​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ម្សិលមិញ​តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​សំណុំ​រឿង​បុរស​ជាប់​ចោទ​ជាតិ​វៀតណាម​ ២ ​នាក់​នៅ​ថ្ងៃ​ស្អែក ពាក់ព័ន្ធ​នឹង​ការចូល​​នេសាទ​ត្រី​ក្នុង​ដែន​អភិរក្ស​ជលផល ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៥ នៅ​ភូមិ​តាម៉ូវ​ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។

ខណៈ​ត្រូវ​បាន​ចៅក្រម​ផ្តល់​សិទ្ធិ​ឲ្យ​ឆ្លើយ​បំភ្លឺ​ក្នុង​បន្ទប់​សវនាការ​នោះ បុរស​ជាប់​ចោទ​ឈ្មោះ ដង យ៉ាំងឃឿន អាយុ​ ៣០ ​ឆ្នាំ​បាន​ថ្លែង​ថា នៅ​មុន​ពេល​នគរបាល​ឃាត់​ខ្លួន​គឺ​នៅ​ថ្ងៃទី​ ២១ ​ខែ​មករា ឆ្នាំ​ ២០១៥ ពួកគេ​មាន​គ្នា​​ ៤ ​នាក់​ជិះទូក​ ២ ​គ្រឿង​ចូល​ឆក់​ត្រី​នៅ​ចំណុច​អន្លង់​ឫស្សី​ក្នុង​ភូមិ​តាម៉ូវ​ ឃុំ​កំពង់ព្រះ ស្រុក​បរិបូណ៌​។ លុះ​ពេល​ពួកគាត់​កំពុង​ឆក់​ត្រី​ស្រាប់​តែ​នគរបាល និង​មន្ត្រី​ជលផល​ស្រុក​បរិបូណ៌​បាន​បើក​កាណូត​ទៅ​ទាន់ ហើយ​ពួកគាត់​ ៣ ​នាក់​បាន​រត់​រួច ប៉ុន្តែ​គាត់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​។

ជន​ជាប់ចោទ​និយាយ​ថា ក្រោយ​ពេល​ឃាត់​ខ្លួន​នគរបាល​បាន​សួរ​គាត់​រក​ឈ្មោះ​បក្ខពួក​ហើយ​គាត់​ប្រាប់​ថា​ក្នុង​ចំណោម​មនុស្ស​ ៣ ​នាក់​ដែល​រត់​រួច​នោះ​គាត់​ស្គាល់​តែ​ឈ្មោះ តាយ ហើយ​បន្ទាប់​មក​នគរបាល​បាន​ទៅ​ឃាត់​ខ្លួន​ឈ្មោះ​ តាយ​។

យ៉ាំងឃឿន ឆ្លើយ​ថា​៖ «​ខ្ញុំ​ពិតជា​បាន​ចូល​ឆក់​ត្រី​មែន​តែ​ខ្ញុំ​មិន​ដឹង​ថា​ជា​កន្លែង​អភិរក្ស​ទេ​។ ​ខ្ញុំ​សូម​តុលាការ​បន្ធូរ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​ពេល​ចេញ​ពី​គុក​វិញ​ខ្ញុំ​ឈប់​ឆក់​ត្រី​ទៀត​ហើយ​»​។

ឯជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ ង្វៀង យ៉ាំងតាយ អាយុ​ ២៩ ​ឆ្នាំ​ឆ្លើយ​ថា​នៅ​ថ្ងៃ​កើតហេតុ​នោះ​គាត់​បាន​ទៅ​រាយ​មង​ជាមួយ​ប្រពន្ធ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​ ៥ ​គីឡូម៉ែត្រ​។

យ៉ាំងតាយ អះអាង​ថា​៖ «​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ​ព្រោះ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​ទៅ​រាយ​មង​ទេ​។​ ​មុន​ដំបូង​នគរបាល​មក​សួរ​អ្នក​ភូមិ​រក​ឈ្មោះ​ តាយ បន្ទាប់​មក​ក៏​បាន​ជួប​ខ្ញុំ​ហើយ​ហៅ​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ក៏​ឃាត់​ខ្លួន​ខ្ញុំ​តែ​ម្តង​។ ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​បើក​សវនាការ និង​ប្រកាស​សាលក្រម​ពី​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០១៥ ដាក់គុក​ម្នាក់ៗ​ ៧ ​ឆ្នាំ​ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ឈ្មោះ ង្វៀង យ៉ាំងញីវ​។ ប៉ុន្តែ​មិន​បាន​លើក​ពី​ឈ្មោះ​ម្នាក់​ទៀត​ដែល​មេធាវី​ម្នាក់​អះអាង​ថា រត់​ទៅ​វៀតណាម​នោះ​ទេ​។

លោក​ព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​លោក​សូម​កត់សម្គាល់​ថា ក្រោយ​ពី​បាន​ពិនិត្យ​មើល​អង្គហេតុ​ និង​ក្រោយពី​បាន​ផ្គូផ្គង​ជាមួយ​អង្គ​ច្បាប់​នៅពេល​សវនាការ​កន្លង​មក​ឈ្មោះ ដង យ៉ាំងឃឿន បាន​សារភាព​។

លោក​ថ្លែង​ថា​៖ «​ទោះ​ជន​ម្នាក់​ឆ្លើយ​បដិសេធ​ហើយ​ម្នាក់​សារភាព​ក្តី​ក៏​បញ្ជាក់​​ថា គាត់​ទទួល​ស្គាល់​កំហុស​ដែល​ចាត់ទុក​ថា មាន​ភ័ស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ហើយ​។ ​ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​»​។

លោក សួន សុភី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ​ ដង យ៉ាំងឃឿន សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព​ហើយ​ក៏​បាន​រួម​សហការ​ជាមួយ​សមត្ថកិច្ច​បាន​សារភាព​ប្រាប់​តុលាការ​មិន​ឲ្យ​ពិបាក​ឡើយ​។ ​«​ដូច្នេះ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ថយ​ទោស​ដល់​កូនក្តី​ខ្ញុំ​ផង​។

ដោយឡែក​លោក ហាវ ស៊ីណាត ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ ង្វៀង យ៉ាំងតាយ សន្និដ្ឋាន​ដែរ​ថា មុន​ពេល​ឃាត់ខ្លួន​កូនក្តី​លោក​នគរបាល​បាន​ស្គាល់​តែ​ឈ្មោះ តាយ តាម​ការ​ប្រាប់​របស់ ដង យ៉ាំងឃឿន តែ​ប៉ុណ្ណោះ​ហើយ​ក៏​ឃាត់​ខ្លួន​កូនក្តី​លោក​តែ​ម្តង​។

លោក​ថ្លែង​ថា​៖ «​តុលាការ​ពិនិត្យ​តែ​ទៅ​លើ​ភ័ស្តុតាង​ដាក់​បន្ទុក​មិន​បាន​ពិចារណា​លើ​លិខិត​អះអាង​របស់​មេភូមិ​ និង​អនុប្រធាន​សហគមន៍​ខ្មែរ-វៀតណាម​នៅ​តំបន់​កូនក្តី​ខ្ញុំ​រស់នៅ​ទេ​។ ខ្ញុំ​សូម​តុលាការ​ដោះលែង​គាត់​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម គិម សត្ថាវី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី ​៣០ ខែ​មីនា​ខាង​មុខ​៕