ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍ ប្រាប់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​អោយ​ដឹង​ថា ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិ​ន្ធ (​បងប្រុស​លោក ឡាយ វណ្ណៈ​) និង​មន្ត្រី​នគរបាល​៨​នាក់ ត្រូវ​បាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំ ដើម្បី​ផ្ទៀងផ្ទាត់​នៅ​កន្លែង កើតហេតុ ក្នុង​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ​មួយ​រូប ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ កាលពី​ចុង​ខែមករា​កន្លង​ទៅ នៅ​ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​មាន​ប្រសាសន៍​ថា « ហៅ​មក​សាកសួរ ផ្ទៀងផ្ទាត់​នៅ​កន្លែង​កើតហេតុ​ដើម្បី​ស៊ើបអង្កេត​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នារី​ម្នាក់​នៅ​ខេត្តតាកែវ ។ ទាំងអស់​៨​នាក់ មាន​ទាំង​ស្នងការ​រង​ម្នាក់​ផង​ដែរ » ។

បើ​តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ដែល​ត្រូវជា​បង​បង្កើត​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ទើបត្រូវ​ផ្លាស់​ប្តូរ​តំណែង និង​មន្ត្រី​នគរបាល​ខេត្ត សរុប​ទាំងអស់​ចំនួន​៨​រូប ត្រូវ​បាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ហៅ​មក​សាកសួរ​តាំងពី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ជុំវិញ​និង​ករណី​ស្ត្រី​រូប​ស្រស់​ម្នាក់ ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា វ័យ​ប្រមាណ​៣៦​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ហើយ​ការ​កោះហៅ​នេះ​គឺ​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ត្រូវ​បាន​ដក​ចេញពី​តំណែង ។

មន្ដ្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ មន្ដ្រី​នគរបាល​ទាំង​៨​រូប កំពុង​ស្ថិត​ក្រោម​ការ​សួរនាំ​នៅឡើយ ពាក់ព័ន្ធ​ករណី​មួយ​នេះ​នៅឡើយ ។

គួរ​រំលឹក​ថា ស្រី​ស្រស់​សោភា​ម្នាក់​ចងក​សម្លាប់​ខ្លួន ចោល​កូន​៣​នាក់​ឲ្យ​នៅ​កំព្រា នៅ​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ដែល​មានកូន​៣​នាក់ នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​អត្តឃាត ដោយ​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់​ខ្លួន ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​តា​កោរ ក្រុង​ដូន​កែវ ដែល​មាន​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង់ទីម៉ែត្រ ពី​ចុងជើង​មក​កម្រាល​ឥដ្ឋ​ប្រមាណ​២០​សង់ទីម៉ែត្រ ហើយ​ភ្លាម​ៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម បន្ទាប់​ពី​សង្ស័យ​ថា​ជា​រឿង​វិបត្តិ​ស្នេហា ប៉ុន្តែ​ត្រូវ​មជ្ឈដ្ឋាន​មួយ​ចំនួន​មានការ​ងឿ​ន​ឆ្ងល់ និង​នៅ​តែ​មានការ​សង្ស័យ​វាំងនន​ខ្មៅ នៃ​ករណី​នេះ ព្រោះ​តាម​រយៈ​ការ​សង្កេត​ទីកន្លែង​កើតហេតុ នៅ​ក្បែរ​សព​ជន​រង​គ្រោះ មិន​មាន​កៅអី ដើម្បី​ឡើង​ចងក ហើយ​ស្ត្រី​រង​គ្រោះ​បាន​យកដៃ​កាន់​ខ្សែ​ចងក​ថែម​ទៀត ម្យ៉ាងទៀត​នៅ​លើ​សាកសព​មាន​ស្នាម​ម្រាមដៃ​ផង​ដែរ ដែល​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ករណី​ឃាតកម្ម ហើយ​ត្រូវ​គេ​បង្វែរ​ថា ជា​រឿង​អត្តឃាត យ៉ាងណា​ក៏​ដោយ​វាំងនន​ខ្មៅ​និង​ត្រូវ​ស្រា​ច​ចេញ បន្ទាប់​សមត្ថកិច្ច​ជំនាញ នាយករ​ដ្ឋា​ន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សាកសួរ​ស្ន​ក​ការ​រង​ខេត្តតាកែវ និង​មន្ត្រី​នគរបាល ទាំង​៨​រូប ដើម្បី​ផ្ទៀងផ្ទាត់​ឡើង​វិញ ភស្តុ​ង​តាង​នៅ​កន្លែង​កើតហេតុ ។

សូមរម្លឹកថា បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ម៉ោង ១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ២០១៨ សព​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចង​កង​ក្នុង​បន្ទប់ដេក បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​យក​ខ្សែ​វាំងនន ចងក​ទៅ​នឹង​ចម្រឹង​បង្អួច នៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ក្នុងផ្ទះ​ជួល​បើក​អាជីវកម្ម​មួយ​កន្លែង ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​កំ​ម្លាំ​ង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សព ដោយ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​យក​ខ្សែ​វាំងនន មាត់​បង្អួច​ចងកំ​ពស់​ពី​កំរាល​ឥដ្ឋ​២៤០ សង់ទីម៉ែត្រ និង​ពី​កន្លែង​ចង មក​ក មាន​ប្រវែង​៧០​សង់ទីម៉ែត្រ ពី​ចុងជើង​មក​កំរាល​ឥដ្ឋ​២០​សង់ទីម៉ែត្រ ។

មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​រូប​នេះ​ចងក​សម្លាប់​ខ្លួន​បន្សល់​ទុក​ឲ្យ​កូន​ៗ៣​នាក់​ឲ្យ​នៅ​កំព្រា មិន​ទាន់​មានការ​អះអាង​ឲ្យ​ច្បាស់លាស់​នោះ​ទេ តែ​សមត្ថកិច្ច​សង្ស័យ​មាន​វិបត្តិ​ស្នេហា ព្រោះនៅ​ក្នុង​កាបូប​យួរដៃ​ ស្ថិត​នៅ​លើ​តុ​ក្បែរ ជញ្ជាំង​ពី​ខាងកើត​គ្រែ​ដេក​មាន​ស្រោមសំបុត្រ ពណ៌​គគី ​ហែក​ដាច់​ជា​ពីរ​ផ្ទាំង ​មាន​សរសេរ​រៀបរាប់​រឿង​វិបត្តិ​ស្នេហា​ផ្ទាល់ខ្លួន ។

ទោះជាយ៉ាងនេះក្តី សាធារណៈជន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ស្លាប់​របស់​នារី​រង​គ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ​នេះ​ជា «​ឃាតកម្ម​» មិនមែន​ជា «​អត្តឃាត​» ទេ បន្ទាប់​ពី​ពួក​គាត់​សង្កេត​ទៅ​លើ​ខ្សែ​វាំងនន​ដែល​ចង​នៅ​ជាប់​នឹង​ក​របស់​នារី​រង​គ្រោះ ។ តែ​យ៉ាងណា​ផ្នែក​ជំនាញ​របស់​សមត្ថកិច្ច​បាន​អះអាង​រួច​ហើយ​ថា នេះ​ពិតជា​ករណី​«​អត្តឃាត​»ដដែល​ ៕