ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​សត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​មាន​កំហុស​ថ្មី​មួយទៀត​ ពាក់ព័ន្ធ​នឹង​ករណី​លួច​ច្នៃ​ប្រព័ន្ធ​ទូរទស្សន៍​ ដែល​អាច​និយាយ​តាម​ប្រព័ន្ធ online ទៅ​ខាងក្រៅ​បាន ជា​ទ​ង្វើ​មួយ​ដែល​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ពន្ធនាគារ និង​ទៅ​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍​ចុះ​ផ្សាយ​ ​។

ការ​រក​ឃើញ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ដកហូត​ទូរស័ព្ទ​ពី​លោក មា​ជ សុ​វ​ណ្ណា​រ៉ា បន្ទាប់​ពី​លោក​បាន​ទទួល​ព័ត៌មាន​ថា ទណ្ឌិត​រូប​នេះ​បាន​ប្រើ​ទូរស័ព្ទ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​លោក សន កែវ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​ពេល​ស្រាវជ្រាវ​ទៅ ​វា​មិនមែន​ជា​ការ​ប្រើ​ទូរស័ព្ទ​តាម​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​ការ​លួច​ប្រើ​បច្ចេកទេស​ ដោយ​បាន​ភ្ជាប់​គ្នា​ជាមួយ​ទូរទស្សន៍​ ដើម្បី​និយាយ​ចេញ​ខាងក្រៅ​  ​។

លោក​បាន​បញ្ជាក់​ថា ​៖ “​ពេល​ដែល​យើង​ស្រាវជ្រាវ មិនមែន​ទូរស័ព្ទ​ទេ​ ។ គាត់​បាន​លួច​កែ​ច្នៃ​ទូរទស្សន៍​ដោយសារ​នៅ​ពន្ធនាគារ​យើង​ដាក់​ទូរទស្សន៍​ឲ្យ​ជន​ជាប់​ឃុំ​មើល​។ គាត់​ចេះ​បច្ចេកទេស និង​ច្នៃ​ទូរទស្សន៍​អាច​យក​ទៅ​និយាយ​ដូច​ប្រព័ន្ធ​អ៊ីនធឺណិត​។ តាម​លទ្ធផល​ស្រាវជ្រាវ វា​មិនមែន​ជា​ទូរស័ព្ទ​…​ហើយ​ពុំ​មានការ​ឃុបឃិត​នាំ​ទូរស័ព្ទ​ចូល​ទេ​។ គាត់​បាន​ច្នៃ​ប្រព័ន្ធ​ទូរទស្សន៍​និយាយ​តាម​ប្រព័ន្ធ online ទៅ​ក្រៅ​។ យើង​មិនដឹង​ថា​គាត់​បាន​ភ្ជាប់​វា​តាម​របៀប​ណា​នោះ​ទេ​”​ ។

លោក​បាន​បន្ថែម​ថា​៖ “​យើង​រក​ឃើញ យើង​បាន​ដកហូត​ទូរទស្សន៍ និង​បាន​ចាត់វិធានការ​ជំនាញ​របស់​យើង​តាម​នីតិវិធី​ហើយ​និង​វិធានការ​បំបែក​បន្ទប់​របស់​ជំនាញ ហើយ​គេ​បាន​ចាត់វិធានការ​រួចរាល់​ហើយ​”​ ។

តាម​រយៈ​ការ​រក​ឃើញ​នេះ​បើ​តាម​លោក សន កែវ លោក មា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់ទោស​បន្ថែម​ទៅ​តាម​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​ទាក់ទង​នឹង​ពន្ធនាគារ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ទម្ងន់ទោស​បន្ថែម​នោះ​ទេ​ ។

លោក សន កែវ បាន​បញ្ជាក់​ថា​៖ “​ជា​ធម្មតា​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ យើង​មាន​បទបញ្ជាផ្ទៃក្នុង​របស់​យើង នៅ​ពេល​គាត់​រំលោភ​បទបញ្ជាផ្ទៃក្នុង យើង​នឹង​ចាត់វិធានការ​តាម​កម្រិត​ល្មើស​របស់​គាត់​…​យើង​នឹង​ពិនិត្យ​មើលទៅ​តាម​លក្ខណៈ​ជាក់ស្តែង​ទៀត​” ។

លោក ថេ​ង សា​វឿ​ន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ដោយសារ​ការ​បង្ក្រាប​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​នៅ​ក្នុង​ពន្ធនាគារ បើ​តាម​លោក​ដឹង​គេ​អាច​ប្រើ​ទូរស័ព្ទ​បាន​តែ​ក្នុង​រូបភាព​លួចលាក់​ប៉ុណ្ណោះ ​។

លោក​បាន​បញ្ជាក់​ថា​៖ “​គេ​អាច​ប្រើ​បាន​តែ​ក្នុង​រូបភាព​លួចលាក់​ ។ កាលដែល​យើង​នៅ​ទីនោះ​យើង​ទទួល​បាន​ព័ត៌មាន​ថា​មានការ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​លួចលាក់​ ។

តែ​យើង​មិនដឹង​ថា គេ​លួច​ប្រើ​យ៉ាងម៉េច​ទេ​…​ យើង​ឮ​អ្នកទោស​ផ្សេង​ៗ​គេ​និយាយ​ថា គេ​អាច​លួច​ប្រើ​ទូរស័ព្ទ​បាន​”​។

លោក ឃៀង ឡាយ ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ និង​ស្ដារ​នីតិសម្បទា​ក៏​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា​៖ “​យើង​បាន​រក​ឃើញ​។ គាត់​មិនមែន​ប្រើ​ទូរស័ព្ទ​ទេ​ ។ គាត់​មាន​បច្ចេកទេស​ម្យ៉ាង​ដែល​ភ្ជាប់​ជាមួយ​ទូរទស្សន៍ ​។ ឥឡូវនេះ​យើង​កំពុង​បញ្ជូន​ទូរទស្សន៍​ទៅ​ឲ្យ​ខាង​ប្រឆាំង​ព័ត៌មានវិទ្យា​ ដើម្បី​ពិនិត្យ​មើល​ថា តើ​ការ​ប្រើប្រាស់​របស់​គាត់​នេះ​…​ ប្រើ​ទៅ​កន្លែង​ណាខ្លះ? ” ​។

លោក​បន្ថែម​ថា ​៖ “​មើលទៅ​ជា​រូប​ទូរទស្សន៍​ធម្មតា​…​យើង​ឃើញ​ខ្សែ​ចម្លែក​ចេញ​មក ​។

គ្រាន់តែ​គេ​ពិនិត្យ​ភ្លាម​គេ​ថា ការ​បញ្ជា​ទូរស័ព្ទ​គឺ​តាម​ឧបករណ៍​នេះ​។ វា​មិនមែន​ជា​ទូរស័ព្ទ​ទេ ប៉ុន្តែ​គេ​អាច​ប្រើ​វា ​។ វា​អាច​ចេញ​មក​ផ្សាយ​ទាក់ទង​ដូច​ទូរស័ព្ទ​…​ ។ គាត់​អាច​ប្រើ​វា​តាម​ប្រព័ន្ធ​អង់​តែ​ន​ទូរទស្សន៍​តែ​ម្តង​ ។ នេះ​ជា​ការ​ស្មាន ពីព្រោះ​នោះ​យើង​រក​មិនឃើញ​អ្វី​ដែល​ភ្ជាប់​ក្រៅពី​អង់​តែ​ន​ទូរទស្សន៍​នោះ​ទេ​” ​។

លោក​បាន​បន្ត​ថា​៖ “​យើង​បាន​បញ្ជូន​ទៅ​ខាង​សន្តិសុខ​ផ្ទៃក្នុង​ហើយដោយ​សារ​គេ​មាន​ប្រព័ន្ធ​ផ្សេង​ៗ​ដែល​អាច​ស្រាវជ្រាវ​បន្ត​…​នេះ​ជា​រឿង​ចម្លែក​ដែល​ខ្ញុំ​ក៏​មិន​ដែល​ប្រទះ​ដែរ​។ យើង​បាន​រឹត​បន្ដឹង​អំពី​ការ​លួច​ទូរស័ព្ទ​ចូល​”​ ។

ទោះ​យ៉ាងណា​ក្ដី​លោក ឃៀង ឡាយ ថា​លោក​មិន​អាច​និយាយ​បាន​ទាក់ទង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ករណី​នេះ​ទេ ពីព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ ហើយ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា មានទោស​ទណ្ឌ​ទៅ​តាម​ផ្លូវច្បាប់​ ។

លោក មា​ជ សុ​ណ្ណា​រ៉ា ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ​កាលពី​ខែធ្នូ​ឆ្នាំ ២០១៥ ចោទប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម​នៅ​អតីត​សួន​ប្រជាធិបតេយ្យ​ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទោស​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ទុក​ថា ជាប់គុក​គ្មាន​ថ្ងៃ​ចេញ ខណៈ​ដែល​លោក​ក៏​បាន​ព្រមាន​ដក​មេ​ប៉ូលិស​ផង​ដែរ ប្រសិនបើ​គ្រប់គ្រង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា មិន​បាន​ទេ​នោះ ​៕

Comments

comments