សៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​វាយ​បំបែក​លិង្គ​ថ្ម​បុរាណ​) ខ្នងភ្នំ​គូលែន ។

ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​លិង្គ​មួយ​ពាន់ ស្ថិត​ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា «​ខួរក្បាល​ពួក​វា​ជា​អ្វី​ទៅ បាន​មក​បំផ្លាញ​មរតក​ជាតិ?​»

លោក ភឹង ច​ន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​កំណត់​មុន​សញ្ញា​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់ ទី​១.​ឈ្មោះ សា​រឿ​ន យ៉ុ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​,​ទី​២.​ឈ្មោះ ព្រីង ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​វាយ​បំបែក​លិង្គ​ថ្ម​បុរាណ​ដែល​ជា​មរតក​របស់​ជាតិ​)​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត ដាវ ចំនួន​ពីរ​ដើម កាប់​វាយ​បំបែក​លិង្គ​ថ្ម​បុរាណ (​លិង្គ​មួយ​ពាន់​) អស់​ចំនួន​៦​កន្លែង ពិតប្រាកដ​មែន​។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ រុណ (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​១១​ឆ្នាំ នៅ​ភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​រត់គេច​ខ្លួន ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​នេះ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕