នាង វ៉ាន់ នីឡា បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ខ្លួនពិតជាត្រូវកោះហៅដោយក្រសួងមហាផ្ទៃ ទើបមិនអាចទៅច្រៀងនៅ My TV តាមកាលកំណត់បាន «នាងខ្ញុំសូមជម្រាបជូនមិត្តអ្នកគាំទ្រ បងៗ ប្អូនៗ ពូអ៊ំមីង ជាពិសេសបណ្តាសារព័ត៌មាន ដែលបានរង់ចាំ និងតាមដានការសម្ដែងរបស់ខ្ញុំនៅកម្មវិធី A1 MyTV ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ដោយនាងខ្ញុំមានការងារចាំបាច់សំខាន់ ត្រូវណាត់ជួបជាមួយក្រុមការងារនៃបណ្តឹងជាបន្ទាន់ ទើបខ្ញុំនឹងមិនមានវត្តមានក្នុងកម្មវិធីសំដែងទេ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមអរគុណដល់លោកប្រធានរៀបចំកម្មវិធីA1 និងក្រុមផលិតទាំងអស់ ដែលមានការយោគយល់ និងអធ្យាស្រ័យ ហើយសង្ឃឹមថា នឹងបានចូលរួមសំដែងគ្រាក្រោយ»

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ រូបភាពអាក្រាតកាយរបស់តារាចម្រៀងកញ្ញាវ៉ាន់ នីឡា ត្រូវគេបង្ហោះព្រោងព្រាតតាមហ្វេសប៊ុក ហើយស្របពេលដែលអតីតសង្សាររបស់នាងជាកូនមន្ត្រី ថ្នាក់ខ្ពស់មួយរូបបានបដិសេធមិនពាក់ព័ន្ធនឹងរឿងនោះទេ ។

រូបភាពអាក្រាតកាយដែលនាងវ៉ាន់ នីឡា ព្រួយបារម្ភ ហើយដាក់ពាក្យប្តឹងទៅប៉ូលិសក្រសួងមហាផ្ទៃនោះ ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចែកចាយពីមួយទៅមួយ បើទោះបីជានាងបានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកចែកចាយ រូបភាពរបស់នាងក្តី ។

រូបភាពដែលនាងវ៉ាន់ នីឡា ទំនងជាថតកម្សាន្តនៅក្នុងបន្ទប់ដោយមិនមានសម្លៀកបំពាក់ ត្រូវនាងសន្និដ្ឋានថា អាចនឹងមាននៅក្នុងដៃរបស់អតីតគូស្នេហ៍របស់នាង ហើយរូបភាពទាំងនោះអាចនឹងត្រូវបញ្ចេញជាសាធារណៈនៅពេលដែលចំណង ស្នេហ៍របស់នាងបែកបាក់ ៕