ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ហើយ ពេល​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បាត់បង់​ជីវិតយ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ជប៉ុន កាល​ពី​​វេលា​ម៉ោង​១០​ព្រឹក​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ។

ដើម្បី​ផុត​ពី​ការ​ទទួលខុសត្រូវ មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បញ្ជូន​ស្ត្រី​រូប​នេះ មក​មន្ទីរពេទ្យ​ជប៉ុន តែ​ជា​អកុសល ស្ត្រី​រូប​នេះ​បាន​ស្លាប់​ទៅហើយ។ ក្រុម​គ្រួសារ​នៃ​សព អះអាង​ថា ពេល​នេះ​មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា កំពុង​ចរចា​អំពី​សំណង​ជូន​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​បញ្ចប់រឿង ។

ក្រុម​គ្រួសារ​នៃ​សព​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុំ ច​ន្ទ្រា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​រកា​២ ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ចូល​មក​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ព​ព​សោភា កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ។

ពេល​សម្រាល​នេះ គឺ​មានការ​វះកាត់ បណ្តាល​ឱ្យ​ហូរ​ឈាម​យ៉ាង​ខ្លាំង​មិន​អាច​ទប់​ជាប់ ។ ពេល​នោះ ខាង​មន្ទីរពេទ្យ​សម្ព​ព​សោភា​អះអាង​ថា បណ្តាល​មក​ពី​ឈាមរាវ និង​ស្បូន​ខ្សោយ ។ ដូច្នេះ​តម្រូវ​ឱ្យ​មានការ​វះកាត់​ស្បូន​ម្តងទៀត ។ ក្រោយ​ពេល​វះកាត់​ស្បូន​រួច​ហើយ នារី​រង​គ្រោះ​កាន់តែ​មាន​អាកា​រៈ​ខ្សោយ​ទៅ​ៗ ទើប​ខាង​ពេទ្យ​សម្ព​ព​សោភា បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ជប៉ុន នៅ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែមីនា ជា​បន្ទាន់​។ ក្រោយ​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ​ជប៉ុន​រហូត​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sok Pheaktra បាន​សរសេរ​ថា នៅ​ម៉ោង​៩​និង​៥២​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា មក​ដល់​សម្ភព​ហើយ នៅ​ចាំ​ផ្លូវ​កូនស្រី​កូ​កូ និង នៅ​ម៉ោង​៥​និង​៤៩​ល្ងាច ថ្ងៃ​ដដែល សាច់ញាតិ​កំពុង​រង់ចាំ​មុខ​បន្ទប់​សម្រាល ។ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​សរសេរ​ថា (​ហេតុ​អ្វី​ប្រពន្ធ​ថ្នាក់​ហ្នឹង​លោក​អើយ សូម​គុណបុណ្យ​ម៉ែ​ពុក​ជួយ​ផង នេះ​ហើយ​ការ​ឆ្លងទន្លេ​ពេទ្យ​ឯកជន​ស្រុក​ខ្មែរ​ជឿ​ហើយ​) បន្ទាប់​មក​មាន​បង្ហោះ​រូបថត​នារី​រង​គ្រោះ​ស្លាប់ ហើយ​សរសេរ​ថា «​សូម​អូន​ទៅ​កាន់​សុខ​គតិ​ភព សួ​ម​អោយ​ជាតិ​ក្រោយ​កុំអោយ​ដូច​ជាតិ​នេះ​ទៀត កូន​យើង​បង​នឹង​មើលថែ​អោយ​ល្អ សាច់ញាតិ​របស់​អូន បង​យក​មក​ជា​សាច់ញាតិ​បង្កើត​បង​ដែរ បង​សន្យា​ថា នឹង​ថែរក្សា​ពួក​គាត់​តាម​អ្វី​ដល​បង​ធ្វើ​បាន​រហូត​ដល់​ដង្ហើម​ចុង​ក្រោយរ​បស់បង ធ្វើ​ម៉េច បើ​និស្ស័យ​យើង​បាន​ត្រឹមតែ​ប៉ុណ្ណឹង​» ។

ទោះជា​យ៉ាងណា អង្រុត​ព័ត៌មានមិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​មន្ទីរពេទ្យឯកជន​មួយ​នេះ​បាន​នៅឡើយ​ទេ ។

មជ្ឈដ្ឋាន​មួយ​ចំនួន ចង់​ឃើញ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​មន្ត្រី​ពេទ្យ​ដែល​ខ្វះ​វិជ្ជាជីវៈ និង​ខ្វះ​ភាព​ទទួលខុសត្រូវ ដើម្បី​ចូលរួម​កែទម្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដែល​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ៕

Comments

comments