ខណៈ​ដែល​គណបក្ស​ភ្លើងទៀន​កំពុង​រៀបចំ​ខួប​ឆ្នាំ​ទី​២១​នៃ​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែកដៃ​នៅ​មុខ​អតីត​រដ្ឋសភា​(​បច្ចុប្បន្ន​តុលាការ​កំពូល​) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​មេ​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​ចោទប្រកាន់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​រៀបចំ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​ស្លាប់ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ។

គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣៤​នាទី​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​៤ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន ក៍​ដូច​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ជុំវិញ​ការ​ចោទប្រកាន់​របស់​លោក សម រ​ង្ស៊ី​ខាងលើ​នេះ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ លោក សម រ​ង្ស៊ី បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​«​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ ៣០ មីនា យើង​តែងតែ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​យ៉ាងតិច ១៦ នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​គប់​គ្រាប់បែក នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧​។ សូម​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ​ទាំងអស់ ចង​ចាំ​ពី​វីរភាព​របស់​វីរ​បាតុករ ដែល​បាន​បូជាជីវិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ សេរី​ភា និង​យុត្តិធម៌ ក្នុង​សោកនាដកម្ម​នោះ​។
ហ៊ីង ប៊ុ​ន​ហៀ​ង មេ​អង្គរក្ស​របស់ ហ៊ុន សែន ជា​អ្នក​រៀបចំ​អំពើ​ភេរវកម្ម​នេះ តាម​បញ្ជា ហ៊ុន សែន ផ្ទាល់​។​»​។

កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ ដែល​ដឹកនាំ​ដោយ លោក សម រ​ង្ស៊ី ដែលជាប្រធានគណបក្សជាតិខ្មែរនាពេលនោះ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែទម្រង់​ប្រព័ន្ធ​តុលាការ នៅ​ពីមុខ​អតីត​អគារ​រដ្ឋសភា​។

មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ នា​ពេល​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​មក​ផ្ដន្ទា​ទោស​​ឡើយ​ទេ ៕