សៀមរាប​ ៖ នគរបាល​ជាតិ​កម្ពុជា បាន​ឃាត់ខ្លួន​នារី​ជនជាតិ​ថៃ​ម្នាក់ កាលពី​វេលា​ម៉ោង១០និង៤៥នាទី ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ដោយសារ​តែនារី​ថៃ​ម្នាក់​នេះ ជាប់​ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ជិត​០២​គីឡូក្រាម​ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការ​រង​នគរបាលខេត្តសៀមរាប ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ថៃ​ម្នាក់​នេះ ឈ្មោះ ណូ​យ​ស៊ី​ម កេសា​ដា (Noysim Kessada) អាយុ​២៣​ឆ្នាំ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ជាមួយនឹង​ថ្នាំ​ញៀន១,៦៩២គីឡូក្រាម (​លាក់​ទុក​ក្នុង​កញ្ចប់​កាហ្វេ៦​កញ្ចប់​) ខណៈ​ពេល​នារី​ថៃ​នេះ បាន​ធ្វើ​ដំណើរ ចេញពី​ប្រទេស​ប៉េ​រូ ឆ្លងកាត់ប៉ា​ណា​ម៉ា ទៅ​ហូល្ល​ង់ និង​ទៅ​ប្រទេស​ចិន រូ​ចម​ក​ចូល​ប្រទេស​កម្ពុជា តាម​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប រួច​នឹង​គ្រោង​ទៅ​ក្រុង​បាងកក ប្រទេស​ថៃ ​។

លោក​បាន​បញ្ជាក់​ថា នារី​ថៃ​ម្នាក់​នេះ កាន់​ប៉ា​ស្ព័​រលេ​ខ AB 1026421 ចេញ​ដោយ ក្រសួងការបរទេស​ថៃ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ផុត​សុពលភាព នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣​ ។

ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ ធ្វើ​ឡើងដោយ​មានការ​ចូលរួម​សហការ​ពីកម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប នគរបាល​ច្រក​ទ្វារ​អន្តរជាតិ ខេត្តសៀមរាប និង​គយនិង​រដ្ឋាករ ច្រក​ទ្វារ​អន្តរជាតិ ខេត្តសៀមរាប មន្ទីរ​ប្រឆាំង​គ្រឿងញៀន សម្របសម្រួល ដោយ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង ខេត្តសៀមរាប​ ។

លោក​បាន​បន្ត​ថា ករណី​នេះ សមត្ថកិច្ច​ជំនាញ បាន​កំពុង​អនុវត្ត​តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ផងដែរ ៕

Comments

comments