ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ និង នគរបាល​ចំនួន​០៥​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា បន្ទាប់​ពី​សាកសួរ​និង​កសាង​សំណុំរឿង​នោះ​រួច​មក ។

នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ។

គួរ​រំលឹក​ថា កាល​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ ធ្វើការ​នៅ​រដ្ឋសភា​និង​មានកូន​៣​នាក់ នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ចង​.​ក​នឹង​ខ្សែ​វាំងនន ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​តា​កោរ ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​មាន​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង់ទីម៉ែត្រ ពី​ចុងជើង​មក​កម្រាល​ឥដ្ឋ​ប្រមាណ​២០​សង់ទីម៉ែត្រ ។

ភ្លាម​ៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជា​ករណី​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា​ជា​រឿង​វិបត្តិ​ស្នេហា ។

យ៉ាងណា​ក៍ដោយ តាម​រយៈ​រូបភាព​សាកសព មជ្ឈដ្ឋាន​មួយ​ចំនួន​មានការ​ងឿ​ន​ឆ្ងល់ និង​ដាក់​ការ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ព្រោះ​នៅ​ក្បែរ​សព​ជន​រង​គ្រោះ មិន​មាន​កៅអី ដើម្បី​ឡើង​ចងក ហើយ​ស្ត្រី​រង​គ្រោះ​បាន​យកដៃ​កាន់​ខ្សែ​ចងក​ថែម​ទៀត ម្យ៉ាងទៀត​នៅ​លើ​សាកសព​មាន​ស្នាម​ម្រាមដៃ​ផង​ដែរ ។

ក្រោយ​មាន​ច​ម្ង​ល់​និង​ការ​សង្ស័យ​ក្នុង​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​អោយ​ដឹង​ថា មន្ត្រី​នគរបាល​៨​នាក់ ត្រូវ​បាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំ ដើម្បី​ផ្ទៀងផ្ទាត់​នៅ​កន្លែង កើតហេតុ ក្នុង​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ​មួយ​រូប ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ កាលពី​ចុង​ខែមករា​កន្លង​ទៅ នៅ​ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​មាន​ប្រសាសន៍​ថា « ហៅ​មក​សាកសួរ ផ្ទៀងផ្ទាត់​នៅ​កន្លែង​កើតហេតុ​ដើម្បី​ស៊ើបអង្កេត​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នារី​ម្នាក់​នៅ​ខេត្តតាកែវ ។ ទាំងអស់​៨​នាក់ មាន​ទាំង​ស្នងការ​រង​ម្នាក់​ផង​ដែរ គឺ​លោក ឡាយ ណា​រិ​ទ្ឋ ដែល​ជា​បងប្រុស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​ត្រូវជា​កូនប្រសា​រលោក ស៊ូ ភិ​រិ​ន្ទ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ និង​មន្ត្រី​នគរបាល​០៨​រូប​ផ្សេង​ទៀត បាន​សារភាព​ហើយ​ថា សំណុំរឿង​ស្ត្រី​ស្រស់​ស្អាត​ស្លាប់​នោះ​មិនមែន​ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នោះ​ទេ ។ តែ​យ៉ាងណា លោក​ផ្កាយ​៤ ខៀវ សុ​ភ័ក មិន​ទាន់​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ពាក់​ព័​ន្ឋ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​ថា សមត្ថកិច្ច​មាន​ពន្លឺ​ហើយ និង​កំពុង​បន្ត​ស៊ើបអង្កេត​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដដែល សមត្ថកិច្ច​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ហើយ ហើយ​លោក ឡាយ ណា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បងប្រុស​បង្កើត​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​ដក​តំណែង​ប៉ុន្មាន​ថ្ងៃមុន​នេះ រួម​និង​ប៉ូលិស​០៨​នាក់​ទៀត ដែល​ហៅ​មក​សួរនាំ​នោះ មិន​ទាន់​ឲ្យ​ចេញ​ទៅ​ណា​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ឲ្យ​ច្បាស់លាស់ ។

សំណុំរឿង​នេះ ប្រភព​ខ្លះ​ថា​អាច​មានការ​ពាក់​ព័​ន្ឋ​នឹង​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ។ តើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​រូប​ណា​ពាក់​ព័​ន្ឋ ? ។ ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ជា​ឃាតករ​និង​អ្នក​នៅ​ពីក្រោយ​ឃ​ត​កម្ម​នឹង​ត្រូវ​ដេក​គុក​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕