បន្ទាយ​មាន​ជ័​យ ៖ ក្មេង​ស្រី​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​ម្នាក់ បាន​បាត់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៨ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លុះ​ពេល​រក​ឃើញ​វិញ ក្មេង​រង​គ្រោះ ក៏​ក្លាយជា​សាកសព​ទៅ​ហើយ ដោយសារ​ត្រូវ​ជនសង្ស័យ​ម្នាក់ សម្លាប់​ញាត់កា​រ៉ុ​ង​ក្នុង​បន្ទប់​ជួល​ ។

តាម​វី​ដេ​អូ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ រុំ​បង់​ស្អិត ដៃនិង​ជើង រុំ​មាត់ និង​ច្រមុះ និង​យក​ក្រមា​រឹត​ក ថែម​មួយ​តង់​ទៀត ហើយ​បាន​ច្រកចូល​កា​រ៉ុ​ង​រូត​មាត់ ដោយ​ញាត់​ចូល​ក្នុង​ទូរ​ដាក់​ខោអាវ ទើប​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​មិន​អាច​ទ្រាំ​បាន​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ​។

សូម​ជម្រាប​ជូន​ថា​ ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន អ៊ី ហៅ លី​ហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ត្រូវ​បាន​ឪពុក​ម្តាយ​យក​មក​ផ្ញើ​សាច់ញាតិ ដើម្បី​ឲ្យ​កូន​បាន​រៀនសូត្រ នៅ​ក្បែរ​សាលា ស្ថិត​ក្នុងភូមិ​កើតហេតុ​។ ដោយសារ​ចេះ​តែ​មិនឃើញ​ក្មេង​រង​គ្រោះ ត្រឡប់​ទៅ​ផ្ទះ​ដល់​សព្វដង សាច់ញាតិ​បាន​កើតការ​ភ្ញាក់ផ្អើល តាម​រកតែ​មិនឃើញ ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ភ្លាម​ៗ​។

ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ឆែកឆេរ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព រហូត​ឈាន​ដល់​ការ​រក​ឃើញ​សព​ជន​រង​គ្រោះ (​សម្លាប់​ញាត់កា​រ៉ុ​ង​) រួម​ទាំង​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​នេះ ក្នុង​បន្ទប់​ជួល​១​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។