ភ្នំពេញ ៖ ស្រី​ស្អាត​ដែល​បម្រើ​ការងារ​នៅ​រដ្ឋសភា ស្លាប់​យ៉ាង​អាថ៌​កំបាំង ដែល​សមត្ថកិច្ច​ធ្វើ​របាយការណ៍​ថា ជា​អំពើ​អត្តឃាត​នោះ ឥឡូវ​ការ​ពិត​ត្រូវ​បាន​បង្ហាញ គឺជា​ករណី​ឃាតកម្ម ដែល​ពេល​នេះ​លទ្ធផល​បាន​ចេញ​ហើយ អាច​និយាយ​ថា ប្រៀប​ដូច​វាំងនន​ខ្មៅ​បាន​បើក​ហើយ គឺ​មិនមែន​អត្តឃាត​ទេ គឺ​អំពើ​ឃាតកម្ម យ៉ាង​ព្រៃផ្សៃ ។

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​វេលា​ថ្ងៃត្រង់​ទី​៣១ ខែមីនា នេះ ពុំ​ទាន់​ឃើញ​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។ ប៉ុន្តែ​តាម​ការ​គ្រោង នៅ​ល្ងាច​ថ្ងៃ​ទី​៣១ មីនា​នេះ ដែល​អ្នក​ទាំង​៥​មាន​បំពាក់​ខ្នោះដៃ អាច​នឹង​បញ្ជូន​ទៅ​សាលាដំបូង ។

សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើ​ការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ មិនមែន​ជា​ករណី​អត្តឃាត​នោះ​ទេ គឺជា​ការ​អំពើ​ឃាតកម្ម ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ទៀត អាច​ពាក់ព័ន្ធ​ករណី​ដ៏​កក្រើក​នេះ មាន​មនុស្ស​ពាក់ព័ន្ធ​៥​នាក់​កំពុង​ឃាត់ខ្លួន​នៅ​ក្រសួងមហាផ្ទៃ ក្រោយ​ពេល​សួរ​ចម្លើយ​រួច​មាន​ទី​១​អ្នកបើកបរ​រថយន្ត​អតីត​អភិបាលខេត្ត លោក​ឡាយ វណ្ណៈ ។ ទី​២ អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ។ ទី​៣ លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត និង​ទី​៤ ទី​៥ មាន​២​នាក់​ទៀត​ជា​ប្តី​-​ប្រពន្ធ អ្នកបម្រើ​នៅផ្ទះ នាង​ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​សាក្សី​សំខាន់​បំផុត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ផង​ដែរ ។

នៅ​ក្នុង​ពិធី​ប្រកាស​មុខ​តំណែង​អភិបាល​ខេត្តតាកែវ​ថ្មី​ឯណោះ​វិញ​ នៅ​រសៀល​សុក្រ ទី​៣០ ខែមីនា ២០១៨​ នៅ​សាល​មហោស្រព​ខេត្តតាកែវ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ស្តីទី សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ គេ​ស​ង្គេ​ត​ឃើញ​ អតីត​អភិបាល​ខេត្តតាកែវ លោក​ឡាយ វណ្ណៈ មាន​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បន្ទាប់​ពី​ចប់​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវ​ហើយ បាន​ចាកចេញ​ទៅ​មុន​បាត់ មិនដឹង​ទៅ​ណា ព្រោះ​សំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​នេះ មិនមែន​ជា​រឿង​អាច​ញញឹម​មុខស្រស់​ដូច​មុន​បាន​ទេ ។

ទោះជា​យ៉ាងណា​ជន​ទាំង​៥​នាក់ ខាងលើ​ជា​អ្នក​ពាក់ព័ន្ធ​ករណី​ឃា​កម្ម​លើ​ស្ត្រី​ម្នាក់​នៅ​ក្រុង​ដូន​កែវ អ្នក​ណា​ជា​ឃាតករ​ពិត ឬ​ជា​ជន​ដៃដល់​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ រង់ចាំ​តុលាការ​ធ្វើការ​សិន ៕