ស្រុក​ខ្សាច់កណ្តាល​៖ បុរស​ខ្លាំង​ម្នាក់ ឈ្លោះ ប្រច័ណ្ឌ ជាមួយ​ប្រពន្ធ ហៅ​ប្រពន្ធ​មក​ដេក​វិញ ប្រពន្ធ​មិន​មក ទាញ​កាំបិត​ដេញ​កាប់​តែ​នាង​រត់​រួច តូចចិត្ត​យក​កាំបិត​កាត់​ម្រាមដៃ​ខ្លួន​រួច មក​ចងក សម្លាប់​ខ្លួន ថត​ជា​វី​ដេ​អូ ទុកជា​បណ្ដាំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាល​វេលា ម៉ោង ៧:០០ នាទី ពី​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ​២០១៨
ស្ថិត​នៅ​ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហេង បុត្រ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទី​លំ នៅ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ប្រពន្ធ​ឈ្មោះ ទូច ស្រី​ពៅ អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ តែងតែ​រករឿង​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​និង​ប្រចណ្ឌ​ប្រពន្ធ ដោយ​ចោទ​ប្រពន្ធ​ថា​មាន​សាហា​យ​ហើយ​ធ្លាប់​លេបថ្នាំ​សម្លាប់​ខ្លួន ០៣ លើក មក​ហើយ តែ​បាន​ប្រពន្ធ​ជួយ​ទាន់​។

នៅ​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០:០០ នាទី ជន​រង​គ្រោះ ផឹកស្រា​ស្រវឹង​ហើយ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ តែ​ម្នាក់​ដោយ​បិទទ្វារ​ជិត ទុក​ឲ្យ​ប្រពន្ធ​ដេក​នៅ​បន្ទប់​ក្រោមផ្ទះតែ​ម្នាក់ឯង លុះដល់​ម៉ោង ២២:០០ នាទី​យប់​ដ៏​ដែល​បាន បើកទ្វារ​ឲ្យ​ប្រពន្ធ​ឡើង​ដេក​ជាមួយ​។

លុះដល់​នៅ​ម៉ោង ៤:០០ នាទី ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ​២០១៨ ឈ្មោះ ទូច ស្រី​ពៅ ជា​ប្រពន្ធ បាន​ក្រោក​ពី​ដេក​មក ចិតបន្លែ ពេល​នោះ​ជន​រង​គ្រោះ បាន​ហៅ​ប្រពន្ធ​ឲ្យឡើង​ទៅ​ដេកវិញ​ តែ​ប្រពន្ធ​និយាយ​ថា មិន​ទៅដេក​ទេ ដល់​ម៉ោង​រៀបចំ​អីវ៉ា​ន់​លក់​ហើយ ពេលនោះ​ជន​រង​គ្រោះ បាន​យក​កាំបិត​បុ័ងតោ មកដេញ​កាប់​ប្រពន្ធ តែ​ប្រពន្ធ​បាន​រត់គេច​។

លុះដល់​ម៉ោង ៧:០០ នាទី ថ្ងៃ​ដដែល​ជន​រង​គ្រោះបាន​យក​កាំបិត​បុ័ងតោ កាប់​ម្រាមដៃ​ខ្លួនឯង​ខាងឆ្វេង​ បណ្តាលឲ្យ​ហូរ​ឈាម​ ហើយ​ដើរឡើង​ទៅ​លើ​ផ្ទះ​ម្នាក់ឯង ដោយ​និយាយ​ឲ្យ​ប្រពន្ធ​ថា ជូនពរ​ខ្លួនឯង​ឲ្យ​មាន​ប្តី​ថ្មី​ល្អ​ជាង​ខ្ញុំ ពេល​ទៅ​ដល់​លើ​ផ្ទះ​ បាន​យក​ក្រមា​ចង់ក​ទៅ​នឹង​ធ្នឹម​ផ្ទះ ដោយ​យក​ទូរស័ព្ទ​ថត​ជា​វី​ដេ​អូ​ទៀត​ផង ។ នៅ​ម៉ោង ៨:៣០ នាទី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បើកទ្វារ​ឃើញ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រះ​ប្រសប់​បន្ទាប់​មក​កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយកម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ និង​ក្រុម​គ្រួសារ ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ សាកសព​មាន​ស្នាម​ជាំ លើ​បំពង់ក​ខាង​មុខ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ ក្រោយ​ពេល​ពិនិត្យ​រួច បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕