ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​ផ្ទេរតំណែង​អភិបាល​តាកែវ ពី​លោក ឡាយ វណ្ណៈ ជូន​លោក អ៊ុ​ច ភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា រួច​មក គឺ​លោក​ឡាយ វណ្ណៈ ត្រូវ​បាន​ចាប់​នាំ​ខ្លួន ពី​ខេត្តតាកែវ មក​កាន់​ក្រសួងមហាផ្ទៃ​ទាំង​យប់ ។

ករណី​ចាប់​ឃាត់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា ជាប់​ទាក់ទង​នឹង​បងប្រុស​របស់​លោក​គឺ​លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​ស្រស់​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា រួច​ហើយ​យក​នាង​ទៅ​ព្យួរ​ក បង្វែរ​រឿង​ថា ជា​ករណី​អត្តឃាត​ទៅ​វិញ កាលពី​ខែមករា ២០១៨ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

គេ​ស​ង្គេ​ត​ឃើញ​ អតីត​អភិបាល​ខេត្តតាកែវ លោក​ឡាយ វណ្ណៈ មាន​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បន្ទាប់​ពី​ចប់​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវ​ហើយ បាន​ចាកចេញ​ទៅ​មុន​បាត់ មិនដឹង​ទៅ​ណា ?

ទោះជាយ៉ាងណា​ គិតមកត្រឹម​រសៀល​ថ្ងៃ​សៅរ៍ ​៣១ មីនា ​២០១៨ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ប្រាប់ថា លោក​មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​ចាប់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅឡើយ​ទេ ប៉ុន្តែលោកថា ​នឹង​ឆែក​ទៅ​កម្លាំង​ជំនាញសិន ព្រោះ​រឿង​នេះ ប្រហែលជា​បញ្ជូន​ទៅ​តុលាការ​ហើយ ។

ជាមួយ​គ្នា​នេះ ប៉ូលិស​ក្រសួងមហាផ្ទៃ ក៏​បាន​បង្ហើប​ថា ការ​ចាប់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ រួម​ទាំង​ការ​ឃាត់ខ្លួន​បងប្រុស​របស់​លោក គឺ​លោក ឡាយ ណា​រិ​ទ្ធ និង​បក្ខពួក ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​ក្រសួងមហាផ្ទៃប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​រង់ចាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​មក​ដល់​ភ្នំពេញ នៅ​ម៉ោង៥ទៅ៦ល្ងាច ​ថ្ងៃ​សៅរ៍ ទី​៣១ ខែមីនា​ នេះ​សិន ។

នៅ​ពេល​សួរ​ថា តើ​ពេល​នេះ ក្រុម​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ អាច​កំណត់​ខ្លះ​ៗ​ពី​ជន​នៅ​ពីក្រោយ​ខ្នង​នៃ​ករណី​នេះហើយរឺនៅ? លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ក្នុង​ដំណាក់កាល​នេះ យើង​មិន​ទាន់​អាច​បង្ហាញ​បាន​ទេ ដោយសារ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ឲ្យ​កាន់តែ​ច្បាស់លាស់​» ​។

សូម​រំឭក​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ សព​ស្ត្រី​ម្នាក់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សមាជិក​នៃ​ក្រុម​យុវជន “​ក​១៥៧” និង​ក៏​ជា​អ្នកបម្រើ​ការងារ​នៅ​រដ្ឋសភា​ផង​ដែរ ត្រូវ​បាន​អ្នកធ្វើការ​ងារ​ផ្ទះ ប្រទះ​ឃើញ​ស្លាប់ របៀប​ចង.ក នៅ​ក្នុង​បន្ទប់ដេក ជាប់​នឹង​ខ្សែ​វាំងនន​បង្អួច ក្នុងភូមិ​គ្រឹះ​មួយ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។ ភ្លាម​ៗ ប៉ូលិស​ខេត្តតាកែវ បាន​សន្និដ្ឋាន​ថា ចេ​វ សុ​វ​ឌ្ឍ​នា ដែល​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ បាន​ចង.ក សម្លាប់​ខ្លួន ដោយសារ​តែ​វិបត្តិ​ស្នេហា​ត្រីកោណ ។ ប៉ុន្តែ​សាច់ញាតិ និង​មហាជន បាន​ដាក់​ការ​សង្ស័យ ហើយ​ថា អាច​មិនមែន​ជា​រឿង​អត្តឃាត​ទេ តែ​ជា​រឿង​ឃាតកម្ម សម្លាប់​នាង​ហើយ​ទើប​យក​ទៅ​ព្យួរ​ក ៕

ចង់​ដឹង​ជន​៥​នាក់ ពាក់ព័ន្ធ​ករណី​ឃា​កម្ម​លើ​ស្ត្រី​ម្នាក់​នៅ​ក្រុង​ដូន​កែវ ជា​នរណា​ទេ?

 

Comments

comments