អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ប្រាកដ​មែន តែ​បដិសេធ​ថា​មិន​បាន​ពាក់​ព័​ន្ឋ​នឹង​អំពើ​ឃាតកម្ម​សម្លាប់​នាង​នោះ​ទេ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អតីត​អភិបាល​ខេត្តតាកែវ​ដែល​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ពេល​ថ្មី​ៗ​នេះ បា​នប​ដិ​សេ​ដ​ទាំងស្រុង​នូវ រាល់ ការ​ចោទប្រកាន់​ដែល​ថា រូប​លោក​និង​បងប្រុស​លោក​បាន​សម្លាប់​នាង​ចេ​វ សុ​វ​ឌ្ឍ​នា ។

បើ​តាម​លោក ឡាយ វណ្ណៈ លោក​និង​បងប្រុស​ញុំ​ពុំ​មានចិត្ត​បាប សាហាវព្រៃផ្សៃ​សម្លាប់​នាង ចេ​វ សុ​វ​ឌ្ឍ​នា​នោះ​ទេ ហើយ​ថា​នៅ​ថ្ងៃស្អែក​លោក​នឹង​ទៅ​ចូលរួម​ពិធី​ផ្ទេរ​មុខ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តតាកែវ​ពី​លោក​ឲ្យ​ទៅ​លោក អ៊ូច ភា ដែល​ចូល​ជំនួស​លោក​ជា​អភិបាល​ខេត្តតាកែវ ។

ការ​ច្រានចោល​របស់​លោក ឡាយ វណ្ណៈ នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ « Sophea Sin » បាន​អះអាង​ថា លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ឃាតករ​សម្លាប់​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​ផ្ទាល់​ដៃ​ដោយសារ​តែ​ជម្លោះ​ដែល​កើត​ចេញពី​លោក ឡាយ វណ្ណៈ យក​ស្រី​ផ្សេង​មក​ដេក​នៅផ្ទះ​ដែល​នាង ចេ​វ សុ​វ​ឌ្ឍ​នា ស្លាប់ ។ ការ​លើក​ឡើង​របស់​គណនី​ខាងលើ បាន​ធ្វើ​ឡើង​ដោយ​អះអាង​ថា​យោង​លើ​ចម្លើយ​សារភាព​របស់ តៃកុង​ឡាន លោក ឡាយ វណ្ណ​: ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គណនី​ឈ្មោះ​« Sophea Sin » បាន​សរសេរ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​៖«​បើ​យោង​តាម​ចម្លើយ​សារភាព​របស់ តៃកុង​ឡាន លោក ឡាយ វណ្ណ​: មូលហេតុ​ដែល​ឈាន​ទៅ​ដល់​សម្លាប់ អ្នក​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដោយសារ​តែ អ្នក​នាង​ជា​ស្រី​កំណាន់ចិត្ត​របស់​លោក ឡាយ វណ្ណ​: ហើយ​លោក ឡាយ វណ្ណ​: បាន​ជួល​ផ្ទះ​កើតហេតុ​នេះ​ឱ្យ​នាង​ស្នាក់​នៅ​ម្តងម្កាល ពេល​អ្នក​នាង ចេ​វ សុ​វ​ឌ្ឍ​នា មិន​នៅ លោក ឡាយ វណ្ណ​: យក​ស្រី​ផ្សេង​មក​ដេក​នៅ​លើ​ផ្ទះ​នេះ ទើប​ធ្វើ​ឱ្យ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ខឹងសម្បា ក៏​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​បង្ក​ឱ្យ​មាន​ហិង្សា ដោយ​លោក ឡាយ វណ្ណ​: ច្របាច់ក​សម្លាប់​ចោល​តែ​ម្តង​ទៅ ។

បន្ទាប់​មក​ទើប​លោក ឡាយ វណ្ណ​: បញ្ជា​ឱ្យ​តៃកុង​ឡាន និង​អ្នកបម្រើ​លើកសព​នាង​បំ​ឡែ​ង​ជា​ចង់ក​ធ្វើ​អត្តឃាត​។ ចំណែក​មន្ត្រី​នគរបាល​ចំនួន ៥​នាក់​រាប់​ទាំង​បងប្រុស​បង្កើត​លោក ឡាយ វណ្ណ​: គឺ​លោក ឡាយ ណា​រិ​ទ្ធ​ជា​ស្នងការ​រង​ផង​នោះ ជាប់​ពាក់ព័ន្ធ​ដោយសារ​តែ​ផ្សំ​គំនិត​អំពើ​ទុច្ចរិត បង្វែរ​សុំ​ណុំ​រឿង​ពី​ឃាតកម្ម ទៅ​ជា​អត្តឃាត ។​»​។

ដោយឡែក សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​សួរ​ចម្លើយ​របស់​តុលាការ ទៅ​លើ​ជនសង្ស័យ​៥​នាក់ ក្នុង​នោះ​មាន​ស្នងការ​រង​ខេត្តតាកែវ​ម្នាក់ ត្រូវជា​បងប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​កក្រើក​សម្លាប់​ស្ត្រី​ស្រស់​ស្អាត​ម្នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​នោះ បាន​បញ្ចប់​ហើយ នៅ​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ ហើយ​តុលាការ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់ ទៅ​រក្សា​ទុក​នៅ​ក្រសួងមហាផ្ទៃ​សិន ដោយ​រង់ចាំ​បន្ត​នីតិវិធី​សាកសួរ​បន្ត​ទៀត​នៅ​ថ្ងៃស្អែក​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មានឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ គឺ​របាយការណ៍​បាន​ចោទប្រកាន់​ពី​បទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច ។

គួរ​រំលឹក​ថា កាល​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ ធ្វើការ​នៅ​រដ្ឋសភា​និង​មានកូន​៣​នាក់ នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ចង​.​ក​នឹង​ខ្សែ​វាំងនន ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​តា​កោរ ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​មាន​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង់ទីម៉ែត្រ ពី​ចុងជើង​មក​កម្រាល​ឥដ្ឋ​ប្រមាណ​២០​សង់ទីម៉ែត្រ ។

ភ្លាម​ៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជា​ករណី​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា​ជា​រឿង​វិបត្តិ​ស្នេហា ។

យ៉ាងណា​ក៍ដោយ តាម​រយៈ​រូបភាព​សាកសព មជ្ឈដ្ឋាន​មួយ​ចំនួន​មានការ​ងឿ​ន​ឆ្ងល់ និង​ដាក់​ការ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ព្រោះ​នៅ​ក្បែរ​សព​ជន​រង​គ្រោះ មិន​មាន​កៅអី ដើម្បី​ឡើង​ចងក ហើយ​ស្ត្រី​រង​គ្រោះ​បាន​យកដៃ​កាន់​ខ្សែ​ចងក​ថែម​ទៀត ម្យ៉ាងទៀត​នៅ​លើ​សាកសព​មាន​ស្នាម​ម្រាមដៃ​ផង​ដែរ ។

ក្រោយ​មាន​ច​ម្ង​ល់​និង​ការ​សង្ស័យ​ក្នុង​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​អោយ​ដឹង​ថា មន្ត្រី​នគរបាល​៨​នាក់ ត្រូវ​បាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំ ដើម្បី​ផ្ទៀងផ្ទាត់​នៅ​កន្លែង កើតហេតុ ក្នុង​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ​មួយ​រូប ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ កាលពី​ចុង​ខែមករា​កន្លង​ទៅ នៅ​ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​មាន​ប្រសាសន៍​ថា « ហៅ​មក​សាកសួរ ផ្ទៀងផ្ទាត់​នៅ​កន្លែង​កើតហេតុ​ដើម្បី​ស៊ើបអង្កេត​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នារី​ម្នាក់​នៅ​ខេត្តតាកែវ ។ ទាំងអស់​៨​នាក់ មាន​ទាំង​ស្នងការ​រង​ម្នាក់​ផង​ដែរ គឺ​លោក ឡាយ ណា​រិ​ទ្ឋ ដែល​ជា​បងប្រុស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​ត្រូវជា​កូនប្រសា​រលោក ស៊ូ ភិ​រិ​ន្ទ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕