មក​ទល់​នឹង​ម៉ោង​៧​និង​១៧​នាទី​ព្រឹក​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​នៅឡើយ​ទេ ទោះបីជា​លោក ឡាយ វណ្ណៈ បាន​សារភាព​ថា​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​មន្ត្រី​រដ្ឋសភា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា តែ​ប្រកែក​ថា​ខ្លួន​(​ឡាយ វណ្ណៈ​) និង បងប្រុស (​ឡាយ ណា​រិ​ទ្ឋ​) ព្រមទាំង​បុគ្គលិក​របស់​លោក​មិន​បាន​សម្លាប់​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា​នោះ​ក្តី ។

ម្យ៉ាងវិញទៀត បើ​យោង​លើ​របាយការណ៍​របស់​សមត្ថកិច្ច ក៍​ដូច​ជា​ចម្លើយ​សារភាព​របស់​លោក ឡាយ វណ្ណៈ បាន​បង្ហាញ​ថា​សំណុំរឿង​ឃាតកម្ម ដែល​ដំបូង​ថា​ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នេះ ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ ដែល​ក្នុង​នោះ​អ្នក​ពាក់​ព័​ន្ឋ​ទី​១ គឺ​លោក ឡាយ វណ្ណៈ​ផ្ទាល់​។

រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​យប់មិញ​ថា «​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច និង​ចម្លើយ​សារភាព ករណី​ឃាតកម្ម​នៅ​តាកែវ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ ប៉ុន្តែ​យ៉ាងណា​នោះ​សូម​រង់ចាំ​លទ្ធផល​ពី​ស្ថាប័ន​តុលាការ​សិន​»​។

អ្វី​ដែល​ជា​ច​ម្ង​ល់​មួយ​ចំនួន​របស់​អ្នក​តាមដាន​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ ថា​តើ​ហេតុ​អ្វី​បានជា​សមត្ថកិច្ច​មិន​ទាន់​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ បើ​ដឹង​ថា​ជា​រឿង​ស្នេហា​ត្រីកោណ ? ។ លើស​ពី​នេះ​ទៀត តាម​ការ​ជាក់ស្តែង ពិត​ណាស់​ស្នេហា​ត្រីកោណ គឺ​មាន​មនុស្ស​៣​នាក់​ជា​តួអង្គ ចុះបើ​តួអង្គ​ទី​១ (​ចេ​វ សុ​វ​ឌ្ឍ​នា​) តួអង្គ​ទី​២ លោក ឡាយ វណ្ណៈ បាន​សារភាព​ហើយ​ថា​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ ចេ​វ សុ​វ​ឌ្ឍ​នា ចុះ​តើ​នរណា​ជា​អ្នក​ទី​៣ ក្នុង​សំណុំរឿង ដែល​បាន​និង​កំពុង​មាន​អ្នក​តាមដាន​ទូទៅ​ប្រទេស រាប់​ទាំង​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ផង​នោះ ?​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ឡាយ វណ្ណៈ បាន​សរសេរ​ក្រោយ​បែកធ្លាយ​ថា​លោក​ជា​ជន​ដៃដល់​ផ្ទាល់​សម្លាប់ ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​បញ្ជាក់​ថា​««​ខ្ញុំ​សូម​បញ្ជាក់​អះអាង​ថា រូប​ខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា ស្រឡាញ់​គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លង​មកនេះ​។ ក្រោយមក​ដោយ​ភរិយា​ខ្ញុំ​បានដឹង ខ្ញុំ​បាន​សុំ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូត​ដល់​គាត់​គិត​ខ្លី​ធ្វើ​អត្ត​ឃា​ដ​ខ្លួនឯង​។ នេះ​ជា​រឿង​ពិត ប៉ុន្តែ​ខ្ញុំ​សូម​ប​ដិ​សេ​ដ​ទាំងស្រុង​នូវ​រាល់​ការ​ចោទប្រកាន់​ដែល​ថា​រូប​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​»​។

ដោយឡែក គិត​ត្រឹម​វេលា​ម៉ោង​៧​និង​៤៣​នាទី​ព្រឹក​ថ្ងៃអាទិត្យ ០១​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជូន​ជនសង្ស័យ​០៥​នាក់​ដែល​គេ​អះអាង​ថា​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ឃាតកម្ម​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​សួរ​ចម្លើយ​នោះ​នៅឡើយ​ទេ ខណៈ​លោក ឡាយ វណ្ណៈ ថា​លោក​នឹង​ទៅ​ចូលរួម​ពិធី​ផ្ទេរ​មុខ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តតាកែវ​ពី​លោក​ឲ្យ​ទៅ​លោក អ៊ូច ភា ដែល​ចូល​ជំនួស​លោក​ជា​អភិបាល​ខេត្តតាកែវ នៅ​ថ្ងៃ​០១ មេ​សា​ដដែល​នេះ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មានឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ គឺ​របាយការណ៍​បាន​ចោទប្រកាន់​ពី​បទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច ។

រង់ចាំ​តាមដាន​បន្ត​ទៀត​ថា​តើ​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ​នឹង​មាន​អ្វី​វិវត្តន៍ ហើយ​ថា​តើ​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​អាច​នឹង​ត្រូវ​ឃាត់ខ្លួន ព្រោះ​បើ​តាម​សាច់​រឿង​ដែល​គេ​អះអាង​ថា​ជា​ស្នេហា​ត្រីកោណ​ខាងលើ ពិត​ណាស់​នឹង​មាន​អ្នក​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ទៀត ហើយ​តើ​លោក ឡាយ វណ្ណៈ ពិតជា​ជន​ដៃដល់​សម្លាប់​ស្ត្រី​មេម៉ាយ​កូន​៣​ដ៍​ស្រស់​ស្អាត​នេះ​ឬ​យ៉ាងណា ? ៕