នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ដណ្តើម​អំណាច​និង​តំណែង​គ្នា ដែល​មួយ​ចំនួន​ផ្តើម​ចេញពី​ការ​ច្រណែនឈ្នានីស​លាប​ព៌​ណ​និង​ប៉ែង​ជើង​គ្នា មិន​ថា​តែ​កើត​មាននៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ឬ ឯកជន​នោះ​ទេ សូ​ម្បី​តែ​នៅ​ក្នុង​វ​ត្តក៍​មានការ​ប៉ែង​ជើង​គ្នា​ផង​ដែរ ។

ជាក់ស្តែង ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ ស្ថិត​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ភៀស​ព្រះ​កាយ​ដោយសារ​តែ​ការ​គំរាមកំហែង​ដល់​ព្រះ​ជន្ម ពី​សំណាក់​គណៈកម្មការ​វត្ត​និង​ក្រុម​ព្រះសង្ឃ​មួយ​ក្រុម ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​ដែល​ភៀស​ព្រះ​កាយ​មក​គង់នៅ​វត្ត​ពោធិ៍​វាល ក្រុង​-​ខេត្តបាត់ដំបង​នោះ ព្រះ​នាម ម៉ៅ សុខ ព្រះ​ជន្ម​៤៤​ព្រះ​វស្សា ។

បើ​តាម​ព្រះ​ចៅអធិការ​អង្គ​នេះ​បាន​មានបាន​សង្ឃដីកា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​មក​បួស​រៀន​គង់នៅ​វត្ត​ស្វាយ​ជាតិ​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ (​តាំងពី​នៅ​ក្មេង​) រហូត​ឆ្នាំ​២០១២ ត្រូវ​បាន​គណៈ​សង្ឃនាយក​តែងតាំង ធ្វើ​ជា​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​រហូត​មក និង​បាន​កសាង​សមិទ្ធផល​ជា​ច្រើន មានការ​រីក​ចម្រើន​ក្នុង​វត្ត លុះដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ ស្រាប់តែ​មានការ​ចោទប្រកាន់​លោក​ថា បរាជិក​ជាមួយ​ស្រី​ញី​។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​បន្ត​ថា ក្រោយ​មាន​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​ក្រុម​គណៈកម្មការ​អាចារ្យវត្ត​និង​ព្រះសង្ឃ​មួយ​ក្រុម​នោះ​រួច​មក តំណាង​អយ្យការ​បាន​បើក​ការ​សាកសួរ​ពុ​ទ្ឋ​បរិស័ទ​និង​សម្រេច​មិន​ចាត់ការ​សំណុំរឿង​នេះ ដោយសារ​គ្មាន​ភស្តុ​ង​តាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​ព្រះ​អង្គ ។

បើ​តាម​ពុទ្ធបរិស័ទ ដែល​អមដំណើរ​ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ និមន្ត​មក​សាលា​គណៈ​ខេត្ត​នៅ​វត្ត​ពោធិ៍​វាល បាន​បញ្ជាក់​ដូច​ៗ​គ្នា​ថា ព្រះ​ចៅអធិការ​ដែល​គេ​ចោទប្រកាន់​នោះ គឺជា​រឿង​មិន​ពិត ព្រោះ​ពួក​គាត់​បាន​ស្គាល់​ព្រះ​ទ័យ​លោក​ច្បាស់​ណាស់ លោក​មិន​ដែល​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ មាន​តែ​ខំ​កសាង​សមិទ្ធផល​បានជា​ច្រើន​ក្នុង​វត្ត​ទុកជា​ប្រយោជន៍​វត្ត និង​ជា​សាធារណៈ សម្រាប់​ពុទ្ធិ​បរិស័ទ​ដែល​មក​ធ្វើបុណ្យ​ទាន​ប៉ុណ្ណោះ​។ ពុទ្ធិ​បរិស័ទ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​លោក​ពិតជា​ខុស​មែន គឺ​ថ្នាក់លើ​គេ​ចាប់​ផ្សឹក​លោក​យូរហើយ ព្រោះ​រឿង​នេះ​បាន​អូស​បន្លាយ​បាន​ជាង​១​ឆ្នាំ​មក​ហើយ បើ​និយាយ​ឲ្យ​ចំ​ទៅ ផ្តើម​ចេញពី​រឿង​ច្រណែន​គ្នា​ជា​ធំ គ្មាន​រឿង​អ្វី​ក្រៅពី​រឿង​នោះ​ឡើយ​។

បើ​តាម​ព្រះ​តេជគុណ ម៉ៅ សុខ បាន​មាន​ថេរៈ​ដីកា​ទៅ​កាន់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ព្រះ​អង្គ ដោយសារ​តែ​មានការ​គម្រាមកំហែង​ប៉ុនប៉ង​អ្វីមួយ​កើតឡើង គណៈសង្ឃ​សាលា​គណៈ​ខេត្ត​បាន​និមន្ត​ព្រះ​អង្គ ឲ្យ​មក​គង់នៅ​វត្ត​ពោធិ៍​វាល​ជា​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ដោះស្រាយ​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​៕