យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​០៣​គ្រឿង ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ផ្តើម​ពី​ការ​មិន​ព្រម​បង់លុយ​ក្បាល​ឡាន​ចំនួន​៦​ម៉ឺន​រៀល​ជូន​អង្គភាព​ជំនាញ ដែល​សមត្ថកិច្ច​មិន​បញ្ចេញ​អត្តសញ្ញាណ ។

លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា ដំបូង​ដោយសារ​តែ​មាន​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង ដឹកឈើ​អារ​មិន​បាន​បង់លុយ​ឲ្យ​ស្ថាប័ន​របស់​អង្គភាព​មួយ​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង បាន​បើក​ប្រដេញ​តាម​ពី​ខាងក្រោយ​ព្រមទាំង​បាញ់​០១​គ្រាប់ រួច​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​ដោយ​រថយន្ត​ដឹក​លាមក​គោ​ទៅ​បុក​រថយន្ត​ដឹកឈើ និង​បាន​បុក​រះ​បន្ត​ទៅ​រថយន្ត​ដឹក​ពង​ទារ​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ស្លាប់ និង​របួស​ខាងលើ ។

លោកស្នងការ​រង​នគរបាល​ខេត្ត​រូប​នេះ​បន្ត​ថា រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស មិន​មាន​ពាក់​ផ្លា​ក​លេខ​បើកបរ​ដោយ​ឈ្មោះ ណ​ន ម៉ោង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ (​របួសធ្ងន់ ) ដោយ​មាន​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ក្នុង​នោះ​មាន​ទី​១-​ឈ្មោះ ពេជ្រ ភា​រុណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ ) និង​ទី​២-​ឈ្មោះ វ៉េ​ត ឌី​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​របស់​ធ្ងន់ បាន​បង្ក​ជាមួយនឹង​រថយន្ត​ទី​តាន់ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2M-2984 បើកបរ​ដោយ​ឈ្មោះ ឪ​ក លន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់ ) មាន​ដឹក​មនុស្ស​០២​នាក់ បាន​ទៅ​បុក​ជាមួយនឹង​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​លឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2Z-9856 បើកបរ​ដោយ​ឈ្មោះ ឆាយ ច​ន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​(​ស្លាប់​កន្លែង​កើតហេតុ ) រួម​ជាមួយនឹង​អ្នក​ជិះ​២​នាក់​ទៀត ។

ករណី​នេះ​ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៏​ទោ បែ ន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រកមុខ​អ្នក​បាញ់ ចំណែក​វត្ថុ​តាង​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​ស្ទូច​រក្សា​ទុកដាក់​នៅ​បរិវេណ​ប៉ុស្តិ៍​រដ្ឋបាល​កក់​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕