ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​មួយ បាន​កើតឡើង​នៅ ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ត្រី​ជា​ម្តាយ រួម​ទាំង​កូនប្រុស​ជំនង់​២​នាក់ ត្រូវ​បាន​ឃាតក អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅ​លើ​ផ្ទះ ។ ជន​រង​គ្រោះ​ទី​១​ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិខ្មែរ (​ម្ដាយ​) ភូមិ​ដូង​ឃុំ ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ និង​ទី​២​ឈ្មោះ ធឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ ធឿ​ន ធា​រី ភេទ​ប្រុស​អាយុ​១១​ឆ្នាំ ស្លាប់​ដោយសារ​មាន​ស្នាម​កាំបិត​អារ​.​ក ។

សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​ករណី​ឃាតកម្ម​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ ដោយ​ឈ្មោះ សេង នាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​រើ​ល ឃុំ​ដូនតី ស្រុក​ពញាក្រែក ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ បាន​យក​ផ្អក​មក​ឲ្យ​ជន​រង​គ្រោះ ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដូង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ខេត្ត​ត្បូងឃ្មុំ ។ ខណៈ​ពេល​មក​ដល់​ឃើញ​ផ្ទះ​ស្ងាត់​ខុស​ពី​ធម្មតា មិនឃើញ​បើកទ្វារ​លក់ដូរ ដូច​សព្វដង ហើយ​គាត់​ដើរ​ចូល ដល់​ក្រោមផ្ទះ​ឃើញ​មាន​ស្នាម​ឈាម​ហូរ តាម​សរសរ​ផ្ទះ ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ រុញ​ទ្វារ​ចូល​ទៅ​ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​ទាំងអស់​មាន​ម្ដាយ និង​កូនប្រុស​២​នាក់​ទៀត ។

កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​ពេជ្រ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ស្លាប់ ចន្លោះ​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ​២០១៨ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​បញ្ជាក់​ថា​តើ​ករណី​ផ្តើម​ចេញពី​រឿង​អ្វី​នៅឡើយ​នោះ​ទេ​។ បច្ចុប្បន្ន​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ កសាង​សំណុំរឿង​តាម​នីតិវិធី ៕

Comments

comments