ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ចេញពី​ជក់​ថ្នាំ រួច​សមត្ថកិច្ច ឃាត់​សួរនាំ តែ​បែរជា​ភ័យ​រត់​ចោល​ម៉ូតូ រួច​ទាក់ទង​ទៅ​បងប្អូន​ថា មាន​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​ដាវ សា​ម៉ូ​រ៉ៃ​២​ដើម ភ្ជង់​ប្លន់​យក​ម៉ូតូ បាត់​ហើយ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មេ​សា ២០១៨ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ កែង​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ ធី ប្រណី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លេងភ្លេង​សម័យ តាម​រោងការ មាន​ទីលំនៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

បើ​តាម​អធិការរង​ខណ្ឌមានជ័យ ទទួល​បន្ទុក​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ មាន​ស្លាក​លេខ 1H- 5608 ចេញពី​តំបន់​សំណង់​អនាធិបតេយ្យ (​វាល​ខ្សាច់​តាក់​ហ្វា​ត​) មហាវិថី​សម្ដេច​តេ​ជោ (​ផ្លូវ​៦០​ម៉ែត្រ​) ទើប​កម្លាំង​ល្បាត នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ប្រទះ​ឃើញ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ តែ​ជនសង្ស័យ​បាន​ដក​សោរ​ម៉ូតូ រួច​រត់គេច​ខ្លួន ទៅ​តាម​ច្រក​តំបន់​វាល​ខ្សាច់​តាក់​ហ្វា​ត នោះ​បាត់​ស្រមោល​តែ​ម្ដង ។ ដោយ​រង់ចាំ​មើល មួយសន្ទុះ​មិនឃើញ ជនសង្ស័យ ត្រលប់​មក​វិញ ទើប​សមត្ថកិច្ច​បាន​យក​ម៉ូតូ វី​វ៉ា ខាងលើ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ម្ចាស់​ម៉ូតូ​មានកា​គ្រី​និង​ឯកសារ​មក​យក​ម៉ូតូ​វិញ ។

ក្រោយមក​ជនសង្ស័យ​បាន​ទាក់ទង​ទៅ​បងប្រុស​ឱ្យមក​យក​ខ្លួន ដោយ​ប្រាប់​ថា មាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​១២៥ មិន​ចាំ​ស្លាក​លេខ មួយ​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម ជិះ​តាម​ពីក្រោយ មក​ដល់​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម រួច​ដក​ដាវ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ខ្លួន​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​ទៅ ។

បងប្រុស​ក៏​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​ធ្វើការ​សាកសួរ​ពី​ដំណើររឿង និង​នាំ​សមត្ថកិច្ច​ខណ្ឌមានជ័យ ចុះ​ស្វែងរក​ដល់​កន្លែង​កើតហេតុ ។ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មានការ​សង្ស័យ ក៏​ធ្វើការ​ពិនិត្យ​ទឹកនោម​ជនសង្ស័យ​ទើប​ដឹង​ថា ជន​នេះ​ពិតជា​បាន​ចូល​ទៅ​ប្រើប្រាស់​គ្រឿងញៀន នៅ​តំបន់​(​វាល​ខ្សាច់​តាក់​ហ្វា​ត​) ផ្លូវ​៦០​ម៉ែត្រ​នោះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់ ប៉ុស្តិ៍​ចាក់​អង្រែ​លើ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕