ភ្នំពេញ ៖ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​បន្ត​ការ​សាកសួរ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អាច​សម្រេច​ចោទប្រកាន់ ក្រុម​ជនសង្ស័យ​ទាំងអស់ នៅ​ល្ងាច​ថ្ងៃ​ទី​ដដែល​នេះ ។

មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ មេ​សា ដោយសារ​នីតិវិធី​នៃ​ការ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​បញ្ចប់​នោះ តុលាការ​បាន​បង្គាប់​ឱ្យ​ជនសង្ស័យ​ទាំង​៥​នាក់ ដេក​នៅ​បន្ទប់​រង់ចាំ​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ដែល​នេះ​ជា​លើក​ទី​១​ហើយ ដែល​ជនសង្ស័យ ត្រូវ​បាន​តម្រូវ​ឱ្យ​ដេក​នៅ​ក្នុង​អគារ​តុលាការ​បែប​នេះ ។

លោក ឡាយ វណ្ណៈ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្តតាកែវ តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក សៀង សុខ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​០២ ខែមេសា​នេះ លោក ឡាយ វណ្ណៈ កំពុង​ក្រោម​ការ​សាកសួរ​នៅ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហើយ​នឹង​បញ្ជូន​លោក ឡាយ វណ្ណៈ បន្ត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៦​នាក់​នោះ រួម​មាន ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ស្រស់​សោភា​ម្នាក់ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។

បើ​តាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ប្រាប់​អោយ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​រឿងហេតុ​ដែល​ឈាន​ដល់​ការ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អ្នកបម្រើ​២​នាក់​ប្តី ប្រពន្ធ ឈ្មោះ ចាន់ រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ បាន​ផ្ដល់ចម្លើយ​ថា លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជា​អ្នក​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។

អ្នកបម្រើ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​គេ​ដឹង​ថា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​មក​ឲ្យ​ម្រើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​អំឡុង​ឆ្នាំ​២០១៧ នោះ​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​២៥ មក​រា ២០១៨ វេលា​ថ្ងៃត្រង់ ខ្លួន​បានឃើញ​លោក ឡាយ វណ្ណៈ ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ជាមួយ​អ្នកបើកបរ​ឈ្មោះ​ម៉ៃ ហើយ​ឈ្មោះ ឡាយ វណ្ណៈ បាន​ទៅ​អង្គុយ​ជជែក​គ្នា​ជាមួយ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា មួយសន្ទុះ​ក្រោយមក អ្នក​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង (​ឡាយ វណ្ណៈ​) មាន​ស្រី​ខាងក្រៅ​ផ្សេង​ទៀត ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០១៨ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បានឱ្យ​ខ្លួន​និង​ប្តី​រៀបចំ​អីវ៉ាន់​ទៅ​ភ្នំពេញ ។ ពេល​ទៅ​ដល់​ភ្នំពេញ​វេលា​ថ្ងៃត្រង់ ស្រាប់តែ​លោក ឡាយ វណ្ណៈ បាន​ទូរស័ព្ទ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ខេត្តតាកែវ​វិញ ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា (​ជន​រង​គ្រោះ​) ដែល​អ្នកស្រី​បើករថយន្ត​ដោយ​ខ្លួនឯង ។

អ្នកបម្រើ​ស្រី​ បន្ត​ទៀត​ថា ពេល​ទៅ​ដល់​ផ្ទះ ជន​រង​គ្រោះ​បានឱ្យ​ខ្លួន(ចាន់រី​) រៀបចំ​ហូប​បាយ​ទឹក​ដូច​ធម្មតា ។ លុះដល់ ម៉ោង​ប្រ​ហែ​៦​ល្ងាច ខ្លួន​បានឃើញ លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ មាន​អ្នកបើកបរ​រថយន្ត​ឈ្មោះ ម៉ៃ បាន​ទៅ​ដល់​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។

ស្ត្រី​ជា​អ្នកបម្រើ​ឈ្មោះ ចាន់ រី បាន​បន្ត​ទៀត​ថា បន្ទាប់​មក លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ក៏​បាន​ឡើង​ទៅ​ដល់​ជាន់​ទី​១ ដែល​ជា​បន្ទប់ដេក​របស់​អ្នកស្រី ចេ​ង សុ​វ​ឌ្ឍ​នា​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​នៅ​អង្គុយ​លេង​ជាមួយ​ប្តី​របស់​គាត់ ក្នុង​បរិវេណ​ផ្ទះ​នោះ​ដែរ ។

អ្នកបម្រើ​ឈ្មោះ ចាន់ រី បាន​អះអាង​ថា បន្ទាប់​ពី​ឡើង​ទៅ​បាន​ប្រហែង​៣០​នាទី ក៏​ឃើញ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ចុះ​ពីលើ​មក​វិញ និង​ប្រាប់​ពួក​គាត់​ដូច្នេះ​ថា «​អាវ​ឌ្ឍ​នា​ងាប់​ហើយ​! ពួក​ឯង​ចាត់ចែង​យក​វា​ទៅ​ចង​.​ក នៅ​ក្បែរ​បង្អួច​ទៅ បើ​ប៉ូលិស​សួរ​ប្រាប់​ថា វា​ចង​.​ក​សម្លាប់​ខ្លួនឯង​»​។

អ្នកបម្រើ បន្ត​ថា បន្ទាប់​មក ពីរ​នាក់​បងប្អូន​ក៏​ឡើង​រថយន្ត​ចេញដំណើរ​ទៅ​បាត់ ហើយ​ខ្លួន ប្តី​(​ខ្លួន​) ព្រមទាំង​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ ឈ្មោះ ម៉ៃ នាំ​គ្នា​ឡើង​ទៅ​លើ ឃើញ​ទ្វារ​បន្ទប់​ចំហ និង​ក៏​បានឃើញ​អ្នកស្រី ចេ​វ វ​ឌ្ឍ​នា បាន​ដេក​ផ្ងារ​ស្លាប់​នៅ​លើ​គ្រែ​ពូក​ទៅ​ហើយ ។

ឈ្មោះ ចាន់ រី ដែល​ជា​អ្នកបម្រើ បាន​បន្ថែម​ទៀត​ថា ពួក​គាត់​គ្មាន​មធ្យោបាយ​ទេ មាន​តែ​ធ្វើ​តាម​សម្តី​លោក​ឡាយ វណ្ណៈ គឺ​បង្ខំចិត្ត​លើក​សាកសព​អ្នកស្រី ចេ​វ វ​ឌ្ឍ​នា យក​ទៅ​ផ្អឹប​នឹង​ជញ្ជាំង​បន្ទប់ ក្បែរ​បង្អួច​ដែល​មាន​ខ្សែ​រី​ដូ​បង្អួច​ធ្លាក់​ចុះ ហើយ​ប្តី​ខ្លួន​ជា​អ្នក​យក​ខ្សែ​រី​ដូ​នោះ​ចង​រឹត​.​ក​អ្នកស្រី​សុ​វ​ឌ្ឍ​នា ឯ​ឈ្មោះ ម៉ៃ ក៏​បាន​លើកដៃ​ទាំង​ពីរ​របស់​នាង សុ​វ​ឌ្ឍ​នា ដាក់​ជាប់​និង​ក​(​ដូច​ក្នុង​រូបភាព​ដែល​ចង​.​ក​នោះ​) ។

ស្ត្រី​អ្នកបម្រើ​រូប​នេះ ​បន្ត​ទៀត​ថា ពេល​ធ្វើ​សកម្មភាព​ហើយ ពួក​គាត់​បាន​ចុះ​ក្រោម​វិញ ដោយ​ឈ្មោះ ម៉ៃ ជា​អ្នក​ចាក់សោ​ទ្វារ​បន្ទប់ ហើយ​ក៏​ចេញពីផ្ទះ​នោះ​បាត់​ទៅ​ ។ ឯ​ខ្លួន (​ចាន់ រី​) បាន​ទូរស័ព្ទ​ប្រាប់​ទៅ​សាច់ញាតិ អ្នកស្រី ចេ​វ វ​ឌ្ឍ​នា (​ជន​រង​គ្រោះ​)​ឲ្យ​ដឹង​ថា អ្នកស្រី សុ​វ​ឌ្ឍ​នា បាន​ចង​.​ក​ស្លាប់​បាត់​ហើយ​។ បន្ទាប់​មក​ក៏​បាន​ឲ្យ​ឈ្មោះ​តេ​ប្រាប់​ឈ្មោះ​ម៉ៃ ឲ្យ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ដឹង​ហេតុការណ៍​នេះ​ថា​មាន​មនុស្ស​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ ។

បើ​តាម​ចម្លើយ​២​នាក់​ទៀត ដែល​ជា​អ្នកបើកបរ​រថយន្ត ក៏​ប្រហាក់ប្រហែល​ស្ត្រី​ឈ្មោះ ចាន់ រី នេះ​ដែរ ។

ដោយឡែក ចម្លើយ​លោក ឡាយ ណា​រិ​ទ្ធ ទាំង​នៅ​មហាផ្ទៃ ក៏​ដូច​ជា​នៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​មេធាវី​ការពារ​ក្តី​បង្ហើប​ឱ្យ​ដឹង​ថា លោក​ឡាយ ណា​រិ​ទ្ធ នៅ​តែ​រក្សា​ជំហរ​ដដែល ពោល​គឺ​នៅ​ថ្ងៃ​ទី​២៦ មក​រា ២០១៨ ខ្លួន​និង​ស្នងការ​រង​២​នាក់​ទៀត​ឈ្មោះ ឈុ​ន សា​រ៉េ​ត ទទួល​បន្ទុក​ការងារ​សន្តិសុខ និង​លោក ម៉ៅ សុផល ទទួល​ការងារ​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ នៅ​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃ​កើតហេតុ​នោះ ខ្លួន​និង​អ្នកបើកបរ​ឈ្មោះ តាក រតនា ហៅ​ទុ​យ បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ទៅ​ហូប​បាយ​ជាមួយ​ឈ្មោះ ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រកស៊ី នៅ​ភោជនីយដ្ឋាន យីហោ​ឌី​នី កាហ្វេ ។ រហូត​ដល់​ម៉ោង​៧ និង​២០​នាទី​ខ្លួន បាន​ទទួល​ទូរស័ព្ទ​ពី​លោក​អភិបាលខេត្ត គឺ​លោក ឡាយ វណ្ណៈ ដែល​ត្រូវជា​ប្អូនប្រុស បាន​ប្រាប់​ឲ្យ​ខ្លួន​ទៅ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ព្រោះ​នាង​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន និង​ឲ្យ​ហៅ​នគរបាល​ទៅ ព្រមទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ជាមួយ​ផង ។ បន្ទាប់​មក​ខ្លួន​(​ឡាយ ណា​រិ​ទ្ធ​) បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ តុ​ប សុភា និង​ទូរស័ព្ទ​ទៅ​ឈ្មោះ ឆាយ
​ស​វុ​ធ ​ជា​អធិការ​នគរបាល​ក្រុង​ដូន​កែវ ដើម្បី​សួរនាំ​ផ្លូវ​ទៅ​ផ្ទះ​កើតហេតុ ព្រោះ​លោក​មិន​ដែល​ស្គាល់​ផ្ទះ​ជន​រង​គ្រោះ​ទេ ។

ចម្លើយ​លោក​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​ខ្លួន​បាន​ជួប​ស្ត្រី​ឈ្មោះ ចាន់ រី ជា​អ្នកបម្រើ​ផ្ទះ ហើយ​បាន​ឡើង​ទៅ​កាន់​បន្ទប់​កើតហេតុ​ក៏​ឃើញ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ចង​.​ក​ស្លាប់ នៅ​ក្បែរ​មាត់​បង្អួច ហើយ​ខ្លួន​បាន​ចុះ​មក​ក្រោម​សួរនាំ​ឈ្មោះ ចាន់ រី គាត់​ប្រាប់​ថា មុន​ពេល​កើតហេតុ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឈ្លោះប្រកែក​គ្នា​តាម​ទូរស័ព្ទ តែ​មិនដឹង​ឈ្លោះ​ជាមួយ​អ្នក​ណា​ទេ បន្ទាប់​មក​ឃើញ​ជន​រង​គ្រោះ​បាន​យក​កាំបិត​បម្រុង​អារ​ដៃ តែ​ត្រូវ​គាត់ ជា​អ្នកបម្រើ​(​ចាន់ រី​) ជួយ​ឃាត់ ហើយ​ក៏​រត់ឡើង​ទៅ​កាន់​បន្ទប់ ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។ ពេល​នោះ ចាន់ រី បាន​ប្រាប់​ថា គាត់រ​ត់ទៅ​តាម​ក្រោយ​ដើម្បី​ជួយ​ដែរ ប៉ុន្តែ​បន្ទប់​ត្រូវ​ជាប់​សោ​ខាងក្នុង ហើយ​ក៏​បាន​ទៅ​បើក​បង្អួច​ឃើញ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

មានការ​កត់​សម្គាល់ថា នៅ​យប់​ថ្ងៃ​ទី​៣១ មីនា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​ទទួលស្គាល់​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ដក​ចេញពី​តំណែង កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ចេញ​នូវ​សារ​បដិសេធ​ថា ខ្លួន និង​បងប្រុស​ព្រមទាំង​អ្នក​ដ៏​ទៃ​ទៀត​មិន​ការ​ពាក់ព័ន្ធ​នោះ​ទេ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​បាន សរសេរ​អោយ​ដឹង​ថា «​ជូន​ចំពោះ​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​!, ពិសេស​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជាទី​គោរព​ស្រឡាញ់​របស់ខ្ញុំ​!»​។ «​ខ្ញុំ​សូម​ប​ដិ​សេ​ដ​ទាំងស្រុង​នូវ​រាល់​ការ ចោទប្រកាន់​ដែល​ថា រូប​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​!»​។ «​សូម​បងប្អូន​ពិចារណា​មើលចុះ​ថា បើ​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​មែន​នោះ ម្ល៉េះ​ក្រោយ​ពី​គេ​ដក​តំណែង​ខ្ញុំ​ចេញពី​អភិបាលខេត្ត ហើយ​ក្រសួងមហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​នោះ ខ្ញុំ​និង​បងប្រុស​ខ្ញុំ​រត់​ចេញ​ទៅ​ក្រៅប្រទេស​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ស្ថានទូត​បរទេស​បាត់​ទៅ​ហើយ​! ខ្ញុំ​នៅ​ទី​នេះ មិន​រត់​ចោល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ​របស់ខ្ញុំ​ទេ ។ ខ្ញុំ​ជឿជាក់​លើ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​ប្រទេស​យើង​ថា​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំ និង​បងប្រុស​ខ្ញុំ និង​មន្ត្រី​ដ៏​ទៃ​ទៀត​ដែល​រង​ការ​ចោទប្រកាន់ ។ ពេល​ខ្ញុំ​នៅ​ធ្វើ​ជា​អភិបាល​ខេត្តតាកែវ ខ្ញុំ​បាន​ដោះស្រាយ​រក​យុត្តិធម៌​រាប់​មិន​អស់ ករណី​ជូន​ប្រជាពលរដ្ឋ​របស់ខ្ញុំ ! ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា យុត្តិធម៌​នឹង​មាន​សម្រាប់​រូប​ខ្ញុំ និង​បងប្រុស​ខ្ញុំ ឡាយ ណា​រិ​ទ្ធ !

ទាំងនេះ​ជា​ចម្លើយ​បឋម​ដែល​សមត្ថកិច្ច​បាន​សួរនាំ ទោះបីជា​បែប​ណា​ក្តី សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​នេះ បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នរណា​ជា​ឃាតករ​ពិតប្រាកដ តុលាការ​នឹង​វែកមុខ​អោយ​ឃើញ​ជាក់​ជា​មិន​ខាន ៕

 

Comments

comments