ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ មេ​សា ២០១៨​នេះ ព្រះរាជអាជ្ញា​រង សៀង សុខ ចាប់ផ្តើម​បន្ត​ការ​សាកសួរ​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត ករណី​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ មេ​សា ២០១៨​នេះ ព្រះរាជអាជ្ញា​មិន​ទាន់​សម្រេច​ចោទប្រកាន់​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត លើ​ករណី​ឃាតកម្ម​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា នៅឡើយ​ទេ ដោយ​លោក ឡាយ វណ្ណៈ ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​វិញ រង់ចាំ​បន្ត​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃនេះ ។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ក្រុង​ដូន​កែវ ។

លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​មុខ​វិទ្យាល័យ ជា ស៊ី​ម តាកែវ ស្ថិត​ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ស្ថិត​នៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ទាំង​៦​នាក់​នោះ រួម​មាន ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ស្រស់​សោភា​ម្នាក់ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ៕