ភ្នំពេញ ៖ លោក វិ​ល្លាម ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក William Guang បាន​សរសេរ​សារ​បង្ហោះ​ដោយ​សម្តែង​ការ​ហួសចិត្តចំពោះព្រះរាជអាជ្ញា​ ថាគ្រាន់តែ​ស៊ី​ញ៉េ​ដីកា​កោះហៅ​លោក សរសេរ​ថ្ងៃខែ​មិន​ត្រូវ​ផង ? តើ​ចោទ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​គ្រោះ ?

ការ​ប្រតិកម្ម​តប​របស់​លោក វី​ល្លាម បាន​ធ្វើ​ឡើង​បន្ទាប់​ពីព្រះរាជអាជ្ញា​រង សឿ​ន មុន្នី​រ័​ត្ន​ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៨ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ម្ចាស់​គណនីហ្វេ​ស​ប៊ុ​ក William Guang ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណ​: និង​ញុះញង់​អោយ​មានការ​រើសអើង យោង​តាម​បណ្តឹង កញ្ញា ធី សុវណ្ណ​ថា អោយដាក់ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តុះ​អាសន្ន ។

ជាមួយ​គ្នា​នេះ​លោក វិ​ល្លាម សូម​ក្រសួងយុត្តិធម៌ នឹង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ​មេត្តា​ពិចារណា​ចំណុច​៣​នេះ កុំអោយ​ព្រះរាជអាជ្ញា​រូប​នេះ បំផ្លាញ​នីតិវិធី​ច្បាប់​នៅ​កម្ពុជា ។

នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ លោក វិ​ល្លាម បាន​បង្ហោះ​សារ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ដីកា​កោះហៅ​រូប​លោក​មួយ​សន្លឹក គឺ​បាន​សំដៅ​ទៅ​រក​លោក​ព្រះរាជអាជ្ញារង​ដែល​បាន​ចោទប្រកាន់​រូប​លោក ថា «ច្បាប់​មាន​នីតិវិធី​ត្រឹមត្រូវ មិនមែន​ស្រែ​កថា អានេះ​ត្រូវ​ជាប់គុក អានោះ​ត្រូវ​ជាប់គុក​បាន​តាម​ចិត្ត​ទេ​ណា ! សូម​ព្រះរាជអាជ្ញា​ធ្វើការ​តាម​ច្បាប់​ កុំ​ធ្វើការ​តាម​គេ​ចង្អុល​ណា»។

១ ៖ មួយ​ខែ​ចេញ​ដីកា​៣​ដង គឺ​ខុស​នីតិវិធី​ច្បាប់ ។
២ ៖ សំណុំរឿង​មាន​បណ្ដឹងតប​ចោទ​តែ​ម្ខាង គឺ​ខុស​នីតិវិធី​ច្បាប់ ។
៣ ៖ កោះហៅ​តែ​២​ដង ស្រាប់តែ​ធ្វើ RI ជម្រុញ​ស៊ើបសួរ​ គឺ​ខុស​នីតិវិធី​ច្បាប់ ។
៤ ៖ ចុះហត្ថលេខា​លើ​ដីកា ​ខុស​ថ្ងៃខែ ​ហើ​យ​ចាត់​ចូល​ជា​បានការ ​គឺ​ខុសច្បាប់​រដ្ឋបាល ។

មិនយូ​រទេ​លោក​ព្រះរាជអាជ្ញា​នឹង​ត្រូវ​បាន​គេ​កោះហៅ​ ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដូច​គ្នា ហើយ​សូមជ្រាប​ថា គ្មាន​នរណា​មាន​សិទ្ធ​កាត់ទោស​នរណា​ថា ត្រូវ​ជាប់គុក​ ឬ​មិន​ជាប់​បាន​ទេ ​មាន​តែ​អង្គ​តុលាកា​តែ​ប៉ុណ្ណោះ ។ បើ​រាស្ត្រ​ក្នុង​ភាព​ជា​ពលរដ្ឋ​ដូច​គ្នា​ណាមួយ​ដែល​សម្រេច​ថា​ អ្នក​នេះ​ត្រូវ​ជាប់គុក ​អ្នក​នោះ​ត្រូវ​ជាប់គុក​គឺ​បង្ហាញ​ពី​ការ​បំពាន​ច្បាប់​នឹង​សិទ្ធិ ។ «​ចេះ​ច្បាប់​ស្អី​តែឯង​» ។

ងាក​មក​មើល​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​កញ្ញា ធី សុវណ្ណ​ថា វិញបាន​សរសេរ​យ៉ាង​ខ្លី​ថា « ខ្ញុំ​ផ្តល់​ឱកាស​ជូន​លោក តែ​លោក​មិន​ទទួល លោក​ប្រកាស​ខ្លួន ជា​អ្នកក្លាហាន មិន​ខ្លាច​គុក​…​ពេល​នេះ លោក​បាន​ជាប់គុក តាម​បំណង​ហើយ »​។

សូមរម្លឹកថា កញ្ញា ធី សុវណ្ណ​ថា បាន​ដាក់​ពាក្យ​ប្តឹង លោក William Guang កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ចោទ​ថា បាន​បរិហា​កេរ្តិ៍ មក​លើ​រូប​នាង តាម​រយៈ​បណ្តាញ​សង្គម Facebook ឈ្មោះ «William Guang» កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។ កាលនោះ លោក William Guang បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ និង​ការ​សរសេរ​បរិហា​កេរ្តិ៍ ទៅ​លើ​ដើមបណ្តឹង​រដ្ឋប្បវេណី ឈ្មោះ ធី សុវណ្ណ​ថា ថា «​បិសាច​, ជា​មនុស្ស​អស់​តម្លៃ​, ជា​សិស្ស​គេច​ពី​ការ​ប្រឡង​» និង​បាន​ប្រើ​ពាក្យ​ញុះញង់​ថា «​សម​នឹង​ត្រូវ​មួយ​ស្បែកជើង​, គាំទ្រ​ទេ បើ​ខ្ញុំ​ចង់​ផ្តាច់​ផ្លូវ​នយោបាយ​របស់​នាង​ច្រមក់​នេះ​»​? មាន​តែ​ស្លាប់ និង​រត់​ចោល​មាតុភូមិ​»​។

តាម​ដីកា​របស់​លោក សឿ​ន មុនី​រ័​ត្ន​, តំណាង​អយ្យការ​បាន​ចាត់​ទុក​ថា ការ​ប្រើ​ពាក្យ​ទាំង​អស់នេះ គឺ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ ហើយ​ចោទប្រកាន់​ចំនួន​ពី​បទល្មើស រួម​មាន​បទ ៖ បទ​រិ​ហា​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៣០៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។ តំណាង​អយ្យការ ក៏​បាន​សម្រេច​ស្នើ​ឲ្យ​ដាក់​ជនសង្ស័យ ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តុះ​អាសន្ន ដោយ​មូលហេតុ​ទី​១ ដើម្បី​បញ្ចប់​បទល្មើស និង​បង្ការ​បទល្មើស​កុំ​ឲ្យ​កើតជា​ថ្មី​, ទី​២ រក្សា​ភស្តុ​តាង ឬ​តម្រុយ​ជា​សម្ភារៈ​, និង​ទី​៣ ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕