រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ សល់​តែ​ជិត​ពី​រស​ប្ដា​ហ៍​ទៀត គេ​ពិនិត្យ​ឃើញ​រថយន្តឈ្នួល​គ្រប់​ប្រភេទ បាន​ឡើងថ្លៃ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន គួរ​ឱ្យ​កត់សម្គាល់ ដោយ​គ្មាន​ការ​ហាមឃាត់ ឬ​ទប់ស្កាត់​បាន​ឡើយ ។

តាម​ការ​កត់សម្គាល់​នៅ​ចំណុច​ចំណតរថយន្ត​នីមួយ​ៗ ឃើញ​ថា រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ផ្តើម​ឡើងថ្លៃ​ចាប់តាំងពី​ថ្ងៃ​ទី​០១ មេ​សា ២០១៨ មក​ម្ល៉េះ ព្រោះ​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​រៀបចំ​សែន​ផ្នូរ (​ឆេ​ង​ម៉េ​ង​) ប៉ុន្តែ​ឡើងថ្លៃ​តិចតួច​ទេ ។

បន្ទាប់​មក មុន​ពីរ​បី​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ដំឡើង​រថយន្តឈ្នួល​ចាប់ផ្តើម​ឡើង​យ៉ាង​គំហុក​តែ​ម្តង​…​នេះ​គ្រាន់តែ​ជា​ការ​ឡើង​នៅ​ថ្ងៃ​ដំបូង​ៗ​ប៉ុណ្ណោះ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ (​ថ្ងៃ​ទី​១៤ មេ​សា​) អាច​ឡើង​ទ្វេ​ជា​ពីរ​ជា​បី​លើស​នេះ​ទៀត ។

ចំណែក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​ធំ ក៏​មានការ​ដំឡើង​ថ្លៃ​ដូច​គ្នា​ដែរ នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ខណៈ​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឡើងថ្លៃ​រថយន្តឈ្នួល មិនសូវ​មាន​ប្រសិទ្ធិ​ភាព​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​ដោយ​មិន​បង់លុយ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ ។

នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​ផ្លូវការ ពី​ការ​កែសម្រួល​ខ្សែ​រត់ និង​ទីតាំង​ចំណតរថយន្ដ​ក្រុង ដែល​ត្រូវ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ដោយ​គិត​បង់ប្រាក់ ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អភិបាល​សាលា​រាជធានី​ភ្នំពេញ ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បាន​នោះ​រួម​មាន ៖

ផ្លូវជាតិ​លេខ​១ ៖ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង​។
ផ្លូវជាតិ​លេខ​៣ ៖ ឡើង​រថយន្ត​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ផ្លូវជាតិ​លេខ​៤ ៖ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ផ្លូវជាតិ​លេខ​៥ ៖ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ផ្លូវជាតិ​លេខ​៦ ៖ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC ។

ជាមួយនឹង​វិធានការ​នេះ​ដែរ ក៏​មាន​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន មាន​ដូច​ជា​ក្រុមហ៊ុនស្រា​បៀរ Ganzberg បាន​ចំណាយ​រថយន្តក្រុង​ជា​ច្រើន​គ្រឿង ដឹក​អ្នកដំណើរ​ដោយ​ឥត​គិតថ្លៃ​ពី​ភ្នំពេញ ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន ផង​ដែរ ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​រដ្ឋាភិបាល​ប្រកាស​ដូច្នេះ ប៉ុន្តែ​អ្នកវិភាគ​យល់​ឃើញ​ថា ការ​ផ្តល់​រថយន្តក្រុង​ជិះ​មិន​គិតថ្លៃ​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ អាច​ទប់ស្កាត់​ការ​ឡើងថ្លៃ​ឈ្នួល​រថយន្ត​បាន​ខ្លះ​តែ​ប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងណា ការ​ធ្វើ​ដូច្នេះ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​រថយន្តឈ្នួល រថយន្ត​តាក់ស៊ី និង​រថយន្តក្រុង នៅ​ថ្ងៃ​បុណ្យ​ទាន​នោះ អាចលែង​មាន​ទឹកមាត់​លេប​ដូច​មុន​ទៀត​ហើយ ៕