ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ ព្រះរាជអាជ្ញា​រង សៀង សុខ បាន​សម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​៦​នាក់​ ដោយ​ចោទប្រកាន់​ពី​បទឃាតកម្ម និង​លាក់បាំង​តម្រុយ​ ។

មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មានក្នុងស្រុកមួយ អោយដឹងថា ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួម​មាន ​៖ ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣ ​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤ ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ​។ ចំណែក​មនុស្ស​២​នាក់​ទៀត​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​ ។

សម្រេច​បើក​ការ​ស៊ើបអង្កេត​លើ​អង្គហេតុ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​លើ​ជន​ទី​១​មានឈ្មោះ ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​ត្រូវ​ឃាត់ខ្លួន និង​ទី​២ ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​ត្រូវ​ឃាត់ខ្លួន​ដែរ​នោះ ដោយ​ចោទប្រកាន់​ពី​បទ ៖ ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ចំណែកឯ ជន​ទី​៣ ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ (​ឃាត់ខ្លួន​) និងជន​ទី​៤ ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ (​ឃាត់ខ្លួន​) ដោយ​ចោទប្រកាន់​ពី​បទ ៖ លាក់​បំបាំង​តម្រុង ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ៕