លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រិះគន់​មន្ត្រី​នគរបាល​ជាតិ ដែល​ចាប់​បាន​ជនល្មើស ៦​នាក់ ប៉ុន្តែ​រឹបអូស​បាន​ផលិតផល​ខូចគុណភាព​រាប់​សិប​តោន​ ។ លោក ស ខេ​ង ថា ការ​ចាប់​បាន​ជនល្មើស​បាន​តិចតួច​នេះ មិន​ស៊ីសង្វាក់​ទៅ​នឹង​វត្ថុ​តាង​ដែល​រឹបអូស​បាន​ ។

ការ​ប្រតិកម្ម​របស់ លោក ស ខេ​ង ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា​។ នៅ​ចំពោះ​មុខ ឯកអគ្គរាជទូត​ជប៉ុន និង​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា លោក ស ខេ​ង មិន​បាន​ស្ដីបន្ទោស​អ្នកលក់​គ្រឿងសំអាង ឬ​អ្នកលក់​ផលិតផល​ខូចគុណភាព ទ្រង់ទ្រាយ​តូច តាម​ផ្ទះ ឬ​តាម​តូប​ទេ ដោយ​លោក​អះអាង​ថា អ្នកលក់​ទាំងនោះ ក៏​ជា​ជន​រង​គ្រោះ​ដែរ​។ ប៉ុន្តែ អ្នក​ដែល​ល្មើសច្បាប់ គួរតែ​ជា​អ្នក​ផលិត​។ «»

គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ ចុះ​ផ្សាយ​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧ សមត្ថកិច្ច បង្ក្រាប​បទល្មើស​នាំ​ចូល ស្តុក​ទុក និង​ចែកចាយ​សារធាតុ​គីមី​ខុសច្បាប់ កែ​ច្នៃ និង​ចែកចាយ​ផលិតផល ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ផលិត ការ​កែ​ច្នៃ​គ្មាន​ស្តង់ដារ និង​គ្មាន​អនាម័យ សរុប​ចំនួន ៥៩៧.៥​តោន ឃាត់ខ្លួន​មនុស្ស​ចំនួន ០៦​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​។

ចំណែក​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ត្រូវ​បាន​យក​មក​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា​នេះ ជា​ផលិតផល​ខូចគុណភាព​ដែល​សមត្ថកិច្ច បង្ក្រាប និង រឹបអូស​ពី​ជនល្មើស កាលពី ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៦០​តោន​។ កាល​ណោះ សមត្ថកិច្ច​រឹបអូស​ពី​ជនល្មើស ចំនួន ០៣ ទីតាំង គឺ​ក្នុង​រាជធានី​ភ្នំពេញ ០១ ទីតាំង និង​ខេត្តកណ្តាល ចំនួន ០២ ទីតាំង ដោយ​អនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ​។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ច សុ​ផា​ន់​ណា ដោយ​លើក​ឡើង​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួល​បានការ​សម្រេច​ពី​តុលាការ ផ្ដន្ទាទោស​ជនល្មើស​ចំនួន ០៣ នាក់ ដោយ​ម្នាក់​ៗ ជាប់​ពន្ធនាគារ ០១ ឆ្នាំ និង​សម្រេច​រឹបអូស​វត្ថុ​តាង ម៉ាស៊ីន​ផលិត​ចំនួន​ជា​ច្រើន​គ្រឿង និង​រថយន្ត ០១​គ្រឿង ជា​សម្បត្តិ​រដ្ឋ​។

តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច ធ្វើការ​កម្ទេច​ចោល​វត្ថុ​តាង​គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន ដែល​ចាប់​បាន ពីព្រោះ​ថា វត្ថុ​តាង​ទាំង​អស់នេះ បញ្ជាក់​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។ ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ ខុសច្បាប់ ចម្រុះ​ជា​ច្រើន​មុខ ដែល​ត្រូវ​បាន​កម្ទេច​ចោល មាន​ដូច​ជា ថ្នាំលាបសក់ ថ្នាំ​អប់​សក់ សាប៊ូលាងមុខ សាប៊ូ​កក់សក់ ម្សៅលាបមុខ ឡេ​លាប​ស្បែក ក្រេ​ម​លាប​មាត់ ស្ព្រៃ​យ៍​បាញ់​សក់ ទឹកអប់ ជាដើម សរុប​ចំនួន​ជាង ៦០​តោន​។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​រិះគន់​របស់​លោក ស ខេ​ង ជា​រឿង​ត្រឹមត្រូវ​។ សង្គម​ស៊ី​វិល​ផ្ដល់​ទស្សនៈ​ថា ការ​ចាប់​ជនល្មើស​មិន​សាក​សម នឹង​វត្ថុ​តាង ដោយសារ​តែ​មាន​អំពើ​ពុក​រលួយ​។ លោក សន ជ័យ យល់​ថា ប្រសិនបើ​ស្ថានភាព​ភាព​អំពើ​ពុក​រលួយ​នៅ​តែ​មាន ការ​បង្ក្រាប​មេ​ក្លោ​ង​ផលិតផល​ខុសច្បាប់ នៅ​តែ​មិន​មាន​តម្លាភាព​។ «»

លោក ស ខេ​ង ឲ្យ​ដឹង​ថា គ្រឿងសម្អាង​ជាង ១០០​តោន ដែល​ត្រូវ​កម្ទេច​ចោល​នេះ គ្រាន់តែ​ជា​ចំណែក​មួយ ដែល​តុលាការ​បាន​បញ្ចប់​នីតិវិធី ហើយ​បាន​អនុញ្ញាត​ឲ្យ​កម្ទេច​ចោល​តែ​ប៉ុណ្ណោះ នៅ​មាន​ផលិតផល​ក្លែងក្លាយ​រាប់រយ​តោន​ទៀត ដែល​បង្ក្រាប​បាន ហើយ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​។ រាល់​ផលិតផល​ក្លែងក្លាយ​ទាំងអស់ អាច​នឹង​ត្រូវ​ធ្វើការ​កម្ទេច​ចោល​ជា​បន្តបន្ទាប់​ទៀត នៅ​ពេល​ការ​ជំនុំជម្រះ​នៅ​តុលាការ​រួចរាល់​ជា​ស្ថាពរ​៕

ប្រភព RFA

Comments

comments