ប្រភព​មួយ ពី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ដាក់​ឈ្មោះ​ខ្លួន នៅ​លើ​បណ្ដាញ​សង្ក​ម ហៅ វី​ល្លៀម ក័​ង (William Guang) និង​ដែល​បាន​ចេញ​មុខ​ឈរឈ្មោះ ជា​បេក្ខជន តំណាងរាស្ត្រ ជាមួយ​គណបក្ស​ថ្មី​មួយ​នោះ ជា​ការ​រៀបចំ​ឡើង ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

កាលពី​ម្សិល​ម៉ិ​ញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ដាក់​ឈ្មោះ​ខ្លួន នៅ​លើ​បណ្ដាញ​សង្ក​ម ហៅ វី​ល្លៀម ក័​ង (William Guang) បាន​ប្រកាស នៅ​លើ​គណនី​ខ្លួន​ថា លោក​នឹង​ចូលខ្លួន​ធ្វេ​ី​នយោបាយ ក្នុង​គណបក្ស​ថ្មី​មួយ ក្នុង​នាម​ជា​បេក្ខជន​តំណាងរាស្ត្រ ដើម្បី​«​បម្រើ​ប្រជាពលរដ្ឋ​»​។ តែ​ប្រភព​មួយ ពី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ជំហាន​ថ្មី​របស់​លោក វី​ល្លៀម ក័​ង ជា​ការ​ផ្ចុងផ្ដើម​ឡើង ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​គេឯង​មើលឃើញ​ថា កម្ពុជា​មាន​បេក្ខជន​គូប្រជែង​ច្រើន ប្រឆាំង​នឹង​រូប​លោក​។

នៅ​លើ​គណនី​របស់​ខ្លួន លោក វី​ល្លៀម ក័​ង អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ល្បី បាន​សរសេរ​ថា​៖ «​ដោយ​យោង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស រួម​ទាំង​គោលបំណង​របស់ខ្ញុំ​ផង ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ ថា​នឹង​ចូលខ្លួន​ធ្វេ​ី​នយោបាយ ក្នុង​គណបក្ស​ថ្មី​មួយ ក្នុង​នាម​ជា​បេក្ខជន​តំណាងរាស្ត្រ ដេ​ី​ម្បី​ចូលរួម​ប​ម្រេ​ី​ជាតិ ប​ម្រេ​ី​ប្រជាពលរដ្ឋ ! ហេ​ី​យ​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​បោះ​ឆ្នោត នៅ​អាណត្តិ​នេះ​។​»​។

មន្ត្រី​មួយ​រូប​ពី​ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ការ​ប្រឡូក​ចូល​ក្នុង​ឆាកនយោបាយ របស់​បុរស​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ម្នាក់​នេះ ជា​ការ​រៀបចំ​ឡើង របស់​លោក ហ៊ុន សែន​។ មន្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ បាន​លើក​ឡើង​ថា​៖ «​សម្ដេច [​ហ៊ុន សែន​] ឲ្យ វី​ល្លៀម ចូល​ធ្វើ​តំណាងរាស្ត្រ ជាមួយ​បក្ស​មួយ ដើម្បី​ចូលរួម​ប្រកួត ជាមួយនឹង​គាត់ ឲ្យ​បរទេស​មើលឃើញ ថា​ការ​បោះ​ឆ្នោត [​នោះ​] ត្រឹមត្រូវ​»​។

ដោយ​ភាព​ធុញទ្រាន់ ដែល​ត្រូវធ្វើ​កិច្ចការ​នយោបាយ ច្រើន​ជាង​កិច្ចការ​សម្រាប់​ជាតិ និង​ប្រជាជន​នោះ មន្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា​៖ «​សម្ដេច គាត់​ចំណាយ​លុយ​មិន​ស្ដាយ​ទេ ច្រើន​ណាស់ ដើម្បី​បង្កើត​បក្ស​អា​យ៉ង​របស់​គាត់ ឲ្យ​បាន​ច្រើន ហើយ​គាត់​នឹង​រៀបចំ ឲ្យ​មាន​ពួក​បក្ស​អា​យ៉ង មាន​កៅអី​នៅ​រដ្ឋសភា ដើម្បី​បោក​ភ្នែក​អន្តរជាតិ​»​។

ការ​ប្រកាស​របស់​លោក វី​ល្លៀម ក័​ង វ័យ​៤៣​ឆ្នាំ ខាងលើ បាន​ធ្វើ​ឡើង នៅ​ក្នុង​ខណៈ​ពេល ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្រោម​ការ​ក្ដោប​ក្ដាប់​អំណាច​ទាំងស្រុង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​គណបក្សកាន់អំណាច​មួយ​នេះ បាន​បង្កើត​ច្បាប់ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ រំលាយ​គណបក្សប្រឆាំង​ចោល​ទាំងស្រុង និង​ហាមឃាត់​មន្ត្រី​សំខាន់​ៗ របស់​គណបក្ស​នេះ មិន​ឲ្យ​មានមុខ ក្នុង​ឆាកនយោបាយ​ខ្មែរ ជា​បន្ត​ទៀត កាលពី​ពាក់កណ្ដាល​វិច្ឆិកា​មុន​។ នេះ គេ​ត្រូវ​រាប់​បញ្ចូល ពី​ករណី​ប្រធាន​គណបក្សប្រឆាំង លោក កឹ​ម សុខា និង​អ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​ទៀត ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ដាក់​ក្នុង​ពន្ធនាគារ រហូត​មក​ដល់​ថ្ងៃនេះ​។

ស្ថានការណ៍​នយោបាយ របស់​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រូវ​បាន​ប្រទេស​ជា​ច្រើន អង្គការ​អន្តរជាតិ រួម​នឹង​អង្គការសហប្រជាជាតិ​ផង ធ្វើការ​ថ្កោលទោស និង​ព្រមាន​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោតជាតិ ក្នុង​ខែកក្កដា​ខាង​មុខ ខណៈ​ក្រុម​អ្នកនយោបាយ​ប្រឆាំង បាន​ចាត់​ទុក ការ​បោះ​ឆ្នោត​មួយ​នេះ ថា​គ្រាន់តែ​ជា​ឆាកកំប្លែង ដើម្បី​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន អាច​នៅ​បន្ត​កាន់​អំណាច ដោយ​ល្អមើល​ប៉ុណ្ណោះ​។

យ៉ាងណា លោក វី​ល្លៀម ក័​ង បាន​លើក​ឡើង ដោយ​ប្រើ​ឃ្លា​មួយ​ដូច្នេះ​ថា «​ដោយ​យោង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​» ដោយ​ទំនងជា លោក​ចង់​និយាយ ពី​គណបក្ស​ផ្សេង​ទៀត​ជា​ច្រើន ដែល​ខ្លះ​មាន​សកម្មភាព​តិចតួច ខ្លះ​មិន​មាន​សកម្មភាព និង​ខ្លះ​ទៀត ទើបនឹង​ត្រូវ​បាន​បង្កើត​ថ្មី និង​ដែល​កំពុង​មាន​វត្តមាន នៅ​ក្នុង​ឆាកនយោបាយ​ខ្មែរ​។ ហើយ​បើ​តាម​ការ​អះអាង​ខាងលើ រូប​លោក​ផ្ទាល់ ក៏​នឹង​ត្រូវ​ក្លាយជា​«​តួអង្គ​»​ថ្មី​ម្នាក់​ទៀត សម្រាប់​«​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​» របស់​កម្ពុជា នា​ពេល​នេះ​ដែរ​។

ក្នុង​ពេល​កន្លង​មក មាន​អ្នកនយោបាយ​ជា​ច្រើន ដែល​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ បែប​អំពិលអំពែក​របស់​ខ្លួន ធ្វើ​នយោបាយ​នៅ​កម្ពុជា​។ តែ​ទីបំផុត​ទៅ អ្នកនយោបាយ អំពិលអំពែក​ទាំងនោះ បាន​សុំ​ចុះចូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មុន​នឹង​ទទួល​តំណែង ជា​«​ឯកឧត្ដម​» ឬ​«​លោក​ជំទាវ​» នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​បែប​វា​ហី​ ៕

ប្រភព ៖ មនោ​រម្យ