ខេត្តពោធិ៍សាត់ ៖ កុមា​រា​អាយុ​ទើបតែ​បាន​១០​ខែ បាន​ធ្លាក់​ចូល​លូ​បង្គន់​គ្មាន​គម្រប បណ្ដាល​ឲ្យ​លង់​ស្លាប់ គួរ​អាណិត ខណៈ​ម្ដាយ​រវល់​ធ្វើ​ការងារ​នៅ​ខាង​មុខ​ផ្ទះ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ មេ​សា ២០១៨ នៅ​ត្រង់​ចំណុច​លូ​បង្គន់​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​កញ្ជើបាយដាច ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

កុមា​រា​រង​គ្រោះ​មានឈ្មោះ ឌី រតនា អាយុ​១០​ខែ ឪពុក​មាន ឈ្មោះ ឌឿ​ន ឌី អាយុ​២៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហុ​ន ស៊ុម អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នេះ បាន​វារ​លេង​រួច​ក៏​រអិល​ធ្លាក់​ចូល​ក្នុង​លូ​បង្គន់​គ្មាន​គម្រប​ក្បែរ​ផ្ទះ ខណៈ​ដែល​ម្តាយ​ធ្វេសប្រហែស កំពុង​រវល់​ធ្វើ​ការងារ​នៅ​ខាង​មុខ​ផ្ទះ មួយសន្ទុះ​ក្រោយមក​ក៏​បាត់​កូន ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​រក​មើល ទើប​ឃើញ​សព​កូន​អណ្ដែត​ក្នុង​លូ​បង្គន់​តែ​ម្តង ។ ក្រោយ​ស្រង់​សាកសព​មក សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕