តុលាការ​នៃ​របប​លោក ហ៊ុន សែន កោះហៅ​ថ្នាក់ដឹកនាំ ៦នាក់ នៃ​ចលនា​សង្គ្រោះជាតិ​ឱ្យ​ទៅ​បំភ្លឺ​នៅ​ចុង​ខែ​ឧសភា​ខាងមុខ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ ដែល​របប​ក្រុងភ្នំពេញ​ចាត់ទុក​ថា ជា​ចលនា​ខុសច្បាប់។

ដីកាកោះ​ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញារង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ កាលពី​ថ្ងៃ​ទី ៣០ មីនា និង​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ មេសា នេះ កោះហៅ​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ​ចំនួន ៦នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ទី ៣០ឧសភា ខាងមុខ។

ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ទាំង ៦ រូប​នោះ​រួមមាន (១) លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ២៣ ឧសភា (២) លោក អេង ឆៃអ៊ាង ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី២៤ ឧសភា (៣) ភរិយា​លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី២៤ ឧសភា (៤) លោក ហូរ វ៉ាន់ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ឧសភា (៥) លោក នុត រំដួល ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី២៩ ឧសភា និង (៦) លោក តុ វ៉ាន់ចាន់ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី៣០ ឧសភា វេលា​ម៉ោង ៩​ព្រឹក។

អ្នក​ទាំង​៦ ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន កោះហៅ​ឱ្យ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ ស្ដីពី​ដំណើររឿង “​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្ដួល​រំលំ​អាជ្ញាធរ​ស្របច្បាប់​” នៃ​របប​ក្រុងភ្នំពេញ។

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុងខែ​មករា កន្លងទៅ នៅ​ទីក្រុង​ឡងប៊ីច (Long Beach) រដ្ឋកាលីហ្វញ៉ា (California) សហរដ្ឋអាមេរិក ដោយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​សង្គ្រោះជាតិ។ មេដឹកនាំ​ចលនា​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី អះអាង​ថា គោលបំណង នៃ​ចលនា​សង្គ្រោះជាតិ​នេះ គឺ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំង​អស់ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ដោយ​ពេញលេញ។

ក្រោយ​ការប្រកាស​បង្កើត​ចលនា​នេះ​ឡើង មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ហៅ​ចលនា​នេះ​ថា ជា​ចលនា​ភេរវកម្ម និង​បាន​ហៅ​លោក សម រង្ស៊ី ថា ជា​មេ​ភេរវករ ចំណែក​មន្ត្រី​ជាន់ខ្ពស់​ខាង​កងទ័ព​ដែល​ជា​បរិវារ​ផ្ទាល់​របស់​លោក ហ៊ុន សែន វិញ ក៏បាន​ប្រកាស​ព្រមៗ​គ្នា​ថា ពួកគេ​នឹង​កម្ទេច អ្នក​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ចលនា​សង្គ្រោះជាតិ​នេះ ដោយ​មិន​លើកលែង​ឡើយ៕