ទណ្ឌិត ៣២១ នាក់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មានការ​លើកលែង និង បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែមេសា​នេះ ខណៈ​ក្រសួងយុត្តិធម៌ និង ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពិនិត្យ​ពិចារណា​ការ​ស្នើ​សុំ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្រសួងយុត្តិធម៌​។

លោក សុច សុ​ផា​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យ​ការណ៍​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ មេ​សា​នេះ​ថា មាន​ទណ្ឌិត​សរុប ៣២១ នាក់ ក្នុង​នោះ​មាន​ស្ត្រី ២៨ នាក់​។ លោក​និយាយ​ថា ទណ្ឌិត​ទាំងនេះ​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ក្រុង​ចំនួន ២០ និង មណ្ឌល​អប់រំ​កែ​ប្រ​ចំនួន ៤​។

លោក​ថ្លែង​ថា ការ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស​បាន​១​ភាគ​៣​នៃ​ទោស​សរុប ហើយ​ទណ្ឌិត​អាច​សុំ​លើកលែងទោស​បាន​នៅ​ពេល​ពួក​គេ​បាន​អនុវត្ត​ទោស ២ ភាគ ៣​។

លោក​ថ្លែង​ថា​ចំពោះ​គោលការណ៍​ដែល​ក្រសួង​ពាក់ព័ន្ធ​សម្រេច​យល់ព្រម​បន្ធូរបន្ថយ​នោះ អាស្រ័យ​លើ «​ការ​កែប្រែ​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ជា​ពិសេស​សាលក្រម​សាលដីកា​ស្ថាពរ​។

លោក​ថ្លែង​ថា​៖« អ្វី​ដែល​កែប្រែ​គឺ​យើង​ពិនិត្យ​លើ​ទណ្ឌិត​ដែល​គាត់​អនុវត្ត​ល្អ​មានការ​ប្រឡងប្រណាំង​នៅ​ក្នុង​ពន្ធនាគារ ហើយ​ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​តាម​ឋា​នុ​ក្រម គឺ​គណៈកម្មការ​ខេត្ត ដឹកនាំ​ដោយ​អភិបាលខេត្ត និង​ស្ថាន​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

លោក សុ​ផា​ណា​រ៉ា និយាយ​ថា​ក្រសួង​ពាក់ព័ន្ធ​នឹង​មិន​ពិចារណា​លើ​ការ​ស្នើ​សុំ​របស់​ទណ្ឌិត​ដែល​មិន​រាងចាល ឬ​បាន​ប្រព្រឹត្ត​បទល្មើស​កាច​សាហាវ​ដែល​មាន​ព្យសនកម្ម​ធ្ងន់ធ្ងរ​។

ក្នុង​ចំណោម ៣២១ នាក់ មាន​ជនបរទេស​ប្រហែល ១០ ភាគរយ រួម​មាន​ជនជាតិ​ចិន​ផង​ដែរ​។

ទាក់ទង​នឹង​អ្នក​ជាប់​ទោស​រឿង​នយោបាយ លោក​សុ​ផា​ណា​រ៉ា និយាយ​ថា ក្នុង​តារាង​ឈ្មោះ​ទាំង ៣២១ នេះ មិន​មាន​បញ្ជាក់​ថា​អ្នក​ណា​មាន​តួនាទី​អ្វី​ទេ ដោយសារ​គណៈកម្មការ​ពិនិត្យ​តែ​ឈ្មោះ បទល្មើស ការ​កែប្រែ​ខ្លួន និង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​។

នៅ​ពេល​សួរ​ថា​មានឈ្មោះ​អ្នកស្រី ទេព វ​ន្នី ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ទាំង ៣២១ នោះ លោក សុច សុ​ផា​ណា​រ៉ា និយាយ​ថា​៖ «​ឈ្មោះ​នេះ គណៈកម្មការ ក៏​ដូច​ជា​លេខាធិការដ្ឋាន​មិន​បានឃើញ​មានឈ្មោះ​នេះ​ទេ​»​។

កាលពី​ខែមីនា លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​មិន​លើកលែងទោស​ដល់​អ្នកទោស​នៃ​អតីត​គណបក្សប្រឆាំង​ឡើយ​។

លោក​ថ្លែង​ថា​៖«​សូ​ម្បី​អា​អ្នក​ជាប់គុក​នៅ​ភ្នំពេញ ដែល​សុំ​លើកលែងទោស ជាប់គុក​បន្ថែម​ដែរ គ្មាន​លើក​ឲ្យ​ឯង​ទេ ដោយសារ​តែ​អា​ពួក​អា​មេ​ចង្រៃ វា​ធ្វើ​សកម្មភាព​បែប​ហ្នឹង អ៊ីចឹង​សុំ​បន្ត​ជាប់គុក​តទៅ​ទៀត​ទៅ​…​អ្នកខ្លះ​សុំ​មក​ខ្ញុំ​តើ ផ្ញើ​តាម​ទូត​ផង ផ្ញើ​តាម​អ្នក​នេះ​ផង ឯង​ដោះ​លែង ហុង សុខ​ហួរ មួយ គេ​ថា​អាហ្នឹង​សម្ពាធ​អន្តរជាតិ អើ អ៊ីចឹង បើកាលណា​នៅ​បន្ត​ធុន​ហ្នឹង អញ​មិន​លើកលែង​ឲ្យ​អាណា​ទេ​…​ពីព្រោះ​អា​ខ្លះ សាលក្រម​អត់​ទាន់​ចូល​ស្ថាពរ​ទេ​ណា នៅ​ក្ដី​នៅឡើយ​ទេ​»៕