មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តតាកែវ សំណូមពរ​យ៉ាង​ទទូច​ទៅ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ត្រួតពិនិត្យ និង​តាម​ដ្ឋា​ន​ចំពោះ​សកម្មភាព​នៃ​ការ​ដឹកនាំ​របស់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទើប​ឡើង​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​នោះ​។

ប្រភព​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សុខ សំណាង ដែល​ជា​ស្នងការ​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ រអ៊ូរទាំ និង​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រោយ​ពេល​មាន​សំណើ​ផ្លាស់​ប្តូរ​តួនាទី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ជា​ញឹក ញាប់ ដែល​អ្នកខ្លះ​ជា​មន្ត្រី​មាន​ស្នាដៃ ខ្លះ​ជា​មន្ត្រី​ដែល​បម្រើ​ក្នុង​អង្គភាព​២០​ទៅ​៣០​ឆ្នាំ​ហើយ ត្រូវ​បាន​ដក ឬ​ផ្ទេរ​ចេញ ហើយ​ដាក់​មក​វិញ​នូវ​មន្ត្រី​ដែល​គ្មាន​ស្នាដៃ និង​បក្សពួក​របស់​ខ្លួន​ទៅ​វិញ​។

ប្រភព​បន្ត​ថា​សំណើសុំ​ផ្លាស់​ប្តូរ ផ្ទេរ ឬ​តែងតាំង​មុខ​តំណែង​របស់​លោកស្នងការ សុខ សំណាង មិនសូវ​ធ្វើ​តាម​ឋានានុក្រម​ប៉ុន្មាន​ទេ ជា​ពិសេស​មិន​យោង​ទៅ​លើ​របាយការណ៍​វាយតម្លៃ​របស់​ប្រធាន​អង្គភាព​នីមួយ​ៗ​ទេ គឺ​ស្នើ​សុំ​តាមតែ​ចិត្ត​ខ្លួន ដាក់​តែ​បក្សពួក និង​អ្នក​ផ្តល់​ផលប្រយោជន៍​ឲ្យ​ខ្លួន ដែល​ទាំងនេះ​ផ្ទុយ​ពី​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​សម្តេច​ធ្លាប់​បាន​ព្រមាន​ជា​ញយ​ៗ​ចំពោះ​ករណី​នេះ ក៏​ប៉ុន្តែ​លោក សុខ សំណាង ហាក់​មិន​យក​បទបញ្ជា​នេះ​ទៅ​អនុវត្ត​ន៏​ឡើយ សង្ស័យ​ថា​អាង​អំណាច​របស់​បងប្រុស​របស់​ខ្លួន គឺ​លោក សុខ ផល ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ​ចាំ​ជ្រែងជើង​ទប់​។

ចំពោះ​ទ​ង្វើ​បែប​នេះ ធ្វើ​ឲ្យ​មន្ត្រី​ជា​ច្រើន​ក្នុង​ខេត្តតាកែវ ដែល​ខំ​បម្រើ​ជាតិ​ជា​យូរ​មក​ហើយ​នោះ មានការ​តូចចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ តែ​មិន​ហ៊ាន​និយាយ​ចេញ​មក​ក្រៅ​។ ជាក់ស្តែង​កាលពី​ខែតុលា ឆ្នាំ​២០១៧ មាន​មន្ត្រី​នគរបាល​ក្នុង​វរៈ​ព្រំដែន​៦០៣​ម្នាក់ ដែល​បម្រើ​ការងារ​ជាង​៣០​ឆ្នាំ​មក​ហើយ និង​ជា​មន្ត្រី​មាន​ស្នាដៃ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​បែប​នេះ​មិន បាន​បង្ហោះ​សុំ​រក​យុត្តិធម៌​ក្នុង​បណ្តាញ​សង្គម ខណៈ​ដែល​ខ្លួន​ត្រូវ​បាន​មេ​វរៈ​ធ្វើ​របាយការណ៍​សុំ​តម្លើង តែ​ចុង​ក្រោយ​បែរជា​បាន​អ្នក​ផ្សេង​ក្នុង​អង្គភាព​តែ​មួយ ដែល​ប្រធាន​អង្គភាព​មិន​បាន​ស្នើ​សុំ និង​មិន​បានដឹង​ទៅ​វិញ គឺ​ធ្លាក់​ពីលើ​ប​ញ្ជ្រា​សទិស​តែ​ម្តង ដែល​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​ថ្នាក់​ក្រោម​មិន​ឲ្យ​តម្លៃ​ថ្នាក់លើ​របស់​ខ្លួន ព្រោះ​អាង​តែ​មាន​លុយ​ជ្រេ និង​មាន​អ្នក​ចាំ​ទទួល​ជ្រេរ​ខ្វះ​ការ​ពិចារណា​។

ប្រភព​ខ្សិ​ប​ខ្សៀវ​ពី​អធិការដ្ឋាន និង​តាម​ប៉ុស្តិ៍​នគរបាល​មួយ​ចំនួន​កំពុងនិយាយ​ត​ៗ​គ្នា​ថា លោកស្នងការ​ខេត្តតាកែវ សុខ សំណាង តាំងពី​ឡើង​កាន់​តំណែង​ជំនួស​ស្នងការ​ចាស់​មក ប៉ុន្មាន​ខែ​មកនេះ​កំពុង​ខិតខំ​ស្រង់​ដើម​ដែល​ខ្លួន​បាន​ចំណាយ​អស់​ជា​ច្រើន​ទម្រាំ​បាន​ទទួល​តំណែង​នេះ ដោយ​មិន​សំចៃ​ដៃ ភ្លេច​គិត​ពី​កាតព្វកិច្ច និង​ក្រមសីលធម៌​ដ៏​ល្អ​ផូរផង់​របស់​មន្ត្រី​នគរបាល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​រឿងអាស្រូវ​ក្នុង​ស្នងការដ្ឋាន​ជា​បន្តបន្ទាប់ ដូច​ជា​ករណី​មន្ត្រី​នគរបាល​វរៈ​៦០៣ ស្រែក​រក​យុត្តិធម៌​តាម​បណ្តាញ​សង្គម ករណី​យក​លុយ យក​កាក់​ពី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​មុន​ឡើង​ប្រកាស​តំណែង ឬ​បំពាក់​សក្តិ​កាលពី​អំឡុង​ខែមករា ករណី​មានការ​ពាក់ព័ន្ធ​រឿង​លុយកាក់​សង្វៀនមាន់​ដ៏​ធំ​នៅ​ស្រុក​បាទី ហើយ​ថ្មី​ៗ​នេះ រឿង​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ពាក់ព័ន្ធ​ជាមួយ​លោក​ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត និង​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង តើ​លោកស្នងការ សុខ សំណាង ដែល​ជា​ថ្នាក់លើ​នោះ ពិតជា​មិនដឹង​អ្វី​ទាំងអស់ ឬ​ក៏​ធ្វើ​មិនដឹង​នោះ​ទេ តែបើ​រឿង​ធំ​បែប​នេះ​លោក សុខ សំណាង ពិតជា​មិនដឹង​មែន​នោះ ថ្ងៃក្រោយ​មិន​ខ្វះ​ទេ​របាយការណ៍​ភូត​កុហក​។

ប្រភព​មួយ​ផ្នែក​ទៀត​ពី​ប្រជាពលរដ្ឋ និង​អាជីវក​រដឹក​ទំនិញ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពេល​យប់​ក្នុង​ខេត្តតាកែវ កំពុង​មានការ​កើនឡើង ជួនកាល​ក្នុង​មួយ​ថ្ងៃ​មាន​៥ ទៅ​៦​កន្លែង​ឯណោះ ប្រសិនបើ​ពួក​គាត់​ធ្វើ​ដំណើ​ពី​ស្រុក​គិរី​វង្ស​តាម​ផ្លូវជាតិ​លេខ​២ មក​ដល់​ភ្នំពេញ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ធុញទ្រាន់ និង​ភ័យ​ខ្លាច​មួយ​ពេល​ៗ ដោយ​មិនដឹង​ថា​មានរឿង​អ្វី​។ ប្រ​ភ​ប​បន្ត​ថា បើ​ដាក់​ដើម្បី​ត្រួតពិនិត្យ ឬ​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​គឺ​ល្អ​ហើយ កុំ​ឲ្យ​តែ​ត្រីងៀត​ឆ្លៀត​ពង ផាក​ផង បង់​ផង​យក​លុយ​ជូន​មេ ព្រោះ​បើ​តាម​បទបញ្ជា​របស់​ក្រសួង​ដូច​ជា​មិន​តម្រូវ​ឲ្យ​មាន​ច្រើន​អ​ញ្ចឹ​ង​ទេ​។

ក្រោយ​ពេល​ផ្តល់​ព័ត៌មាន ចំពោះ​បញ្ហា​មួយ​ចំនួន​ខាងលើ​នេះ មន្ត្រី​នគរបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ ពិតជា​ស្នើ​សុំ​យ៉ាង​ទទូច​ចំពោះ សម្តេច​ក្រឡាហោម និង​ឯកឧត្តម សន្តិ​បណ្ឌិត មេត្តា​ត្រួតពិនិត្យ​ចំពោះ​សកម្មភាព​ស្នងការ​រូប​នេះ​ផង ប្រសិនបើ​នៅ​តែ​យ៉ាងនេះ​ទៀត មន្ត្រី​ដែល​ខំ​លះបង់​ដើម្បី​ជាតិ និង​មន្ត្រី​ដែល​ស្រលាញ់​ថ្នាក់ដឹកនាំ​កំពូល​ពិតជា អាក់អន់​ស្រពោន​ចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ​ជាក់​ជា​ពុំខាន ព្រោះ​អ្វី​ដែល​ខ្លួន​ខំ​បម្រើ ខំ​លះបង់​ចុង​ក្រោយ​សមិទ្ធផល​បាន​ទៅ​លើ​អ្នកមាន​លុយ មាន​ខ្សែ និង​បក្សពួក ហើយ​វប្បធម៌​មាន​តែ​អញ ប្រក​ដ​ជា​រីក​ដុះដាល​ជាក់​ជា​មិន​ខាន​។

ទាក់់ទង​ករណី​នេះ ខ្មែរ អាស៊ី មិន​អាច​សុំ​ការ​បំភ្លឺ ពី លោក ឧត្តម​សេនី​យ៌​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ខ្មែរ អាស៊ី ស្វា​គម​ន៌​ទទួលយក​ការ​បំភ្លឺ​ជា​និច្ច​៕

ប្រភព ៖ ខ្មែរ​អាស៊ី

Comments

comments