ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ចំនួន​៤៣​នាក់ ក្នុង​ចំណោម​៥១​នាក់ ត្រូវ​អាជ្ញាធរ​អា​មេ​រិ​ក​បញ្ជូន​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នេះ​បើ​តាម​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា មុន​ដំបូង​គឺ​អា​មេ​រិ​ក​គ្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ចំនួន​៥១​នាក់ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ ដែល​អង្គភាព​របស់​លោក​ទទួល​បាន បន្ទាប់​ពី​សួរនាំ គឺ​មាន​ចំនួន​ត្រឹម​៤៣​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​មាន​ប្រុស​ចំនួន​៤០​នាក់ និង​ស្រី​ចំនួន​៣​នាក់ ។

លោក​អគ្គនាយករង​រូប​នេះ បាន​បន្ត​ថា ពួក​គាត់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​មុន​ឆ្នាំ​១៩៩៤ ហើយ​ក៏​បាន​ប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ រហូត​ដល់​ជាប់​ពន្ធនាគារ​នៅ​អា​មេ​រិ​ក​។ ក្រោយ​ពេល​ជាប់​ពន្ធនាគារ​រួច​ហើយ ពួក​គាត់​ត្រូវ​បាន​អា​មេ​រិ​ក សម្រេច​បញ្ជូន​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដែល​អ្នកខ្លះ​មាន​បញ្ហា​សុខភាព​ផង​ដែរ ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អា​មេ​រិ​ក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២ ។ កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា ដែល​ប្រព្រឹត្ត​ល្មើស​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយ​ពេល​អនុវត្ត​ទោស​រួចរាល់ ៕

Comments

comments