មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ដែល​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ខាងលើ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

បើ​តាម​ការ​ប្រកាស​របស់​អ្នក​កាន់​កម្មវិធី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​និង​ផ្លាស់​ប្តូរ​នោះ​រួម​មាន​៖ តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក អៀង អូន​នី ពី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

ចំណែក លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី និង លោក សេង វណ្ណៈ ត្រូវ​បាន​ប្រកាស​តែងតាំង ជា​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ហួត ហៃ​។

បើ​តាម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ក្រប​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ មាន​មន្ត្រី និង​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​ចំនួន​៣,៤៨៥​នាក់
(​ស្ត្រី​៧៣៣​នាក់​) ក្នុង​នោះ​ក្របខ័ណ្ឌ ក ចំនួន​៣២២​នាក់ ក្របខ័ណ្ឌ ខ ចំនួន​១៨៨​នាក់ និង​ក្របខ័ណ្ឌ គ ចំនួន​៣១៥​នាក់ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​២៦៦០​នាក់​។

ចំណែក មន្ត្រី​រដ្ឋបាល​សាធារណៈ ក្នុង​អង្គភាព​សាលា​រាជធានី​ភ្នំពេញ​រួម​មាន​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​ចំនួន​២១​នាក់ (​ស្ត្រី​០៦​នាក់​) គណៈ​អភិបាល​រាជធានី​មាន​ចំនួន​០៧​នាក់ (​ស្ត្រី​១​នាក់​) គណៈនាយក​រដ្ឋបាល​មាន​ចំនួន ០៦​នាក់ នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​មាន​ចំនួន​១០​នាក់ (​ស្ត្រី​២​នាក់​) និង​មាន​មន្ត្រី​ក្របខ័ណ្ឌ​សរុប​ចំនួន​១៤៨​នាក់ (​ស្ត្រី​៦៣​នាក់​) ៕