លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន សួន​ហ្វ៊ុ​ក ក្នុង​ការ​ទប់ស្កាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង ប្រទេស​ទាំង​ពីរ ។

ការ​ឯកភាព​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ទាំង​នៅ​វៀតណាម និង​ខ្មែរ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ផ្សាយ​ថា វៀតណាម​បាន​ឈប់​គាំទ្រ​បុរស​ខ្លាំង ហ៊ុន សែន ។

មួយ​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​បើកធ្វើជាផ្លូវការ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំធ្វើក្នុង​ក្រុង​សៀមរាប​នៅ​ថ្ងៃនេះ ពោល​គឺ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ មុន​ពិធី​ពិសា​ភោជនាហារ នៅ​សណ្ឋាគារ​សុខា​អង្គរ ក្រុង​សៀមរាប លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ចៀសវាង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។

បើ​តាម​លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ បាន​ឯកភាព​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ហើយ​លោក ហ៊ុន សែន ក៍បាន ជំរុញ​ឱ្យ​មានការ​ពិនិត្យ​មើល​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បង្ក​លក្ខណៈ​បន្ថែម​ទៀត សម្រាប់​ការ​ធ្វើ​អាជីវកម្ម​រវាង​ប្រជាជន និង​ប្រជាជន ។

លោក​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​អំពី​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​នោះ​ផង​ដែរ ៕

Comments

comments